ដោយៈឫទ្ធិស័ក្តិ/ភ្នំពេញៈអគ្គាធិការដ្ឋានក្រសួងមហាផ្ទៃបានធ្វើការការអង្កេតស្រាវជ្រាវលើករណីពាក្យសុំអន្តរាគមន៍របស់ប្រជាពលរដ្ឋមួយរូបរស់នៅស្រុកបារាយណ៍ ខេត្តកំពង់ធំ ដែលគណៈកម្មការសិទ្ធិមនុស្សទទួលពាក្យបណ្តឹងនិងអង្កេត នៃព្រឹទ្ធសភា បានបង្វែរមកក្រសួងមហាផ្ទៃ ពិនិត្យនិងដោះស្រាយ ដែលបានប្តឹងចោទប្រកាន់លោកឧត្តមសេនីយ៍ឯក អេង គឹមហៃ អគ្គនាយករងនៃអគ្គនាយកដ្ឋានភស្តុភារនិងហិរញ្ញវត្ថុក្រសួងមហាផ្ទៃថាបានប្រើប្រាស់តួនាទីនិងអំណាច កាងដីឱ្យប្រជាពលរដ្ឋដែលកំពុងមានវិវាទជាមួយគាត់ពាក់ព័ន្ធដីមួយកន្លែងស្ថិតនៅស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ ។

លោក អ៊ីវ លាង អគ្គាធិការនៃអគ្គាធិការដ្ឋានក្រសួងមហាផ្ទៃកាលពីថ្ងៃទី១៧ ខែមីនាម្សិលមិញបានដឹកនាំកិច្ចប្រជុំពិភាក្សា របាយការណ៍ស្តីពីលទ្ធផលនៃការអង្កេតស្រាវជ្រាវលើករណីពាក្យសុំអន្តរាគមន៍របស់ប្រជាពលរដ្ឋមួយរូបរស់នៅ ស្រុកបារាយណ៍ ខេត្តកំពង់ធំ ដែលគណៈកម្មការសិទ្ធិមនុស្សទទួលពាក្យបណ្តឹង និងអង្កេតនៃព្រឹទ្ធសភាបានបង្វែរមក ក្រសួងមហាផ្ទៃពិនិត្យនិងដោះស្រាយ ផ្អែកតាមខ្លឹមសារនៃពាក្យសុំអន្តរាគមន៍នេះ បានប្តឹងចោទប្រកាន់ ឯកឧត្តម ឧត្តមសេនីយ៍ឯកមួយរូប មានមុខតំណែងជាអគ្គនាយករង នៃអគ្គនាយកដ្ឋានភស្តុភារនិងហិរញ្ញវត្ថុ ក្រសួងមហាផ្ទៃថា បានប្រើប្រាស់តួនាទីនិងអំណាចកាងដីឱ្យប្រជាពលរដ្ឋមួយរូបដែលកំពុងមានវិវាទជាមួយគាត់ពាក់ព័ន្ធដីមួយកន្លែងស្ថិតនៅស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

កិច្ចប្រជុំនេះប្រព្រឹត្តទៅនៅសាលប្រជុំរបស់អគ្គាធិការដ្ឋាន និងមានការអញ្ជើញចូលរួមពី អគ្គាធិការរង ប្រធាននាយកដ្ឋាន អនុប្រធាននាយកដ្ឋាន និងមន្រ្តីនៃក្រុមការងារ។

លោកឧត្តមសេនីយ៍ឯក អេង គឹមហៃ អគ្គនាយករងនៃអគ្គនាយកដ្ឋានភស្តុភារនិងហិរញ្ញវត្ថុក្រសួងមហាផ្ទៃដែលរងការចោទប្រកាន់(រូបថតឯកសារ)

មន្ត្រីនៅក្រសួងមហាផ្ទៃបានឲ្យដឹងថា លោកឧត្តមសេនីយ៍ឯក អេង គឹមហៃ អគ្គនាយករងនៃអគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ ក្រសួងមហាផ្ទៃ គឺជាក្មួយរបស់មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃម្នាក់។លោកឧត្តមសេនីយ៍ឯក អេង គឹមហៃ តែងតែប្រើឈ្មោះមន្ត្រីជាន់ខ្ពស់រូបនោះនៅពេលដែលមានបញ្ហា។

ចំណែកលោកឧត្តមសេនីយ៍ឯក អេង គឹមហៃ អគ្គនាយករង នៃអគ្គនាយកដ្ឋានភស្តុភារនិងហិរញ្ញវត្ថុ ក្រសួងមហាផ្ទៃ រស្មីកម្ពុជាមិនអាចសុំការអត្ថាធិប្បាយបានទេ៕សរន