ដោយ : ភ្នំ​ស្វាយ / បន្ទាយមានជ័យ :នៅ​ថ្ងៃទី​១៨​ខែមីនា​ឆ្នាំ​២០២២ ក្រសួង​អប់រំ យុវជន​និង​កីឡា រដ្ឋបាលខេត្ត​បន្ទាយមានជ័យ​និង​ដៃគូ​អភិវឌ្ឍន៍​បានរួម​គ្នា​ប្រារព្ធ​ពិធី​សម្ពោធ​ដាក់អោយ​ប្រើប្រាស់​ជា​ផ្លូវការ​ហេដ្ឋារចនាសម្ព័ន្ធ​អនាម័យ​ចំនួន​៤៥​សាលា​នៃ​គម្រោង​សាលា​បៃតង ដែលជា​ជំនួយ​របស់​អង្គការ​ការី​តា​ស្ត ស្វី​ស​(CARITAS Swithzeland) ។​​ពិធី​រួម​នា​សាលាបឋមសិក្សា​ពង្រ​ភូមិ​ពង្រ​សង្កាត់​កំពង់ស្វាយ​ក្រុង​សិរីសោភ័ណ មានការ​អញ្ជើញ​ចូលរួម​ពី​ប្រធាន អនុប្រធាន​មន្ទីរ អភិបាលក្រុង មន្ត្រី​អប់រំ លោកគ្រូ អ្នកគ្រូ​សិស្ស​ពីសា​លា ស្រុក​ក្រុង​គោលដៅ នានា ។​

​លោក​ ឈួ ប៊ុន​រឿង ប្រធាន​មន្ទីរអប់រំ យុវជន​នុង​កីឡា​ខេត្តបន្ទាយមានជ័យ​បានលើកឡើង​ពី​វឌ្ឍនភាព​នៃ​វិស័យ​អប់រំ យុវជន​និង​កីឡា​ក្នុង​ខេត្ត ដែល​ឆ្លើយតបបាន​ទៅនឹង​មុំ​នៃ​យុទ្ធសាស្ត្រ​ចតុកោណ​របស់​រាជរដ្ឋាភិបាល​និង​ចតុស្តម្ភ​នៃ​ក្រសួង​អប់រំ យុវជន​និង​កីឡា ។​

​ក្នុងនាម​ពលរដ្ឋ​ជា​អាណាព្យាបាល​សិស្ស សិស្សានុសិស្ស គណៈ​:​គ្រប់គ្រង លោកគ្រូ​អ្នកគ្រូ និង​មន្ត្រី​អប់រំ លោក​សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​អង្គការ​ការី​តា​ស្ត ស្វី​ស ដែល​ជាង​មួយឆ្នាំ​កន្លងមកនេះ ទោះ​ស្ថិតក្នុង​បរិ​ប​នៃ​ការរីក​រាលដាល​ជម្ងឺ​កូ​វីដ​១៩ ក៏បាន​ពង្រឹង​កិច្ចសហការ​ល្អ​ក្នុងការ​អនុវត្ត​គម្រោង​សាលា​បៃតង កម្មវិធី​ទឹកស្អាត អនាម័យ​និង​បំ​ណិ​ន​ជីវិត​នៅតាម​សាលារៀន​គោលដៅ​នៃ​ស្រុក​ក្រុង​ទាំង​៩ ឆ្លើយតប​នឹង​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល​មាន​សាលារៀន​ស្អាត សាលារៀន​មែ​ត្រី​បរិស្ថាន និង​អភិវឌ្ឍន៍ជនបទ ជាដើម ។​

​លោក​ ម៉ាក ក្ល​ក​ល័​រ ប្រធាន​អង្គការ​ការី​តា​ស្ត ស្វី​ស​ប្រចាំ​កម្ពុជា​បាន​ថ្លែងថា សមិទ្ធផល​ហេដ្ឋារចនាសម្ព័ន្ធ​អនាម័យ​ក្នុង​សាលារៀន​៤៥​កន្លែង​នៅ​ខេត្តបន្ទាយមានជ័យ​នេះ វា​មិនមែនជា​ការចាប់​ដំបូង​នៅ​កម្ពុជា​ទេ ។ ការី​តា​ស្ត​បាន​ជួយ​នៅ​កន្លែង​ឯទៀត​មក​ដែរ ។​ហើយ​អង្គការ​នឹង​ពិនិត្យ​និង​ឆ្លើយតប​ទៅ​ក្រសួង​អប់រំ​និង​អាជ្ញាធរ​កម្ពុជា​ដើម្បី​ពង្រីក​ការជួយ​បន្ត​នៅ​គោលដៅ​សាលារៀន​ដទៃទៀត​។​

​លោក​ម៉ាក ក្ល​ក​ល័​រ​បាន​បន្តថា ការី​តា​ស្ត​មាន​ក្តី​រីករាយ​ដែល​បាន​ចូលរួមចំណែក​ជាមួយ​កម្ពុជា ក្នុងការ​អនុវត្ត​គម្រោង​សាលា​បៃតង កម្មវិធី​ទឹកស្អាត អនាម័យ​និង​បំ​ណិ​ន​ជីវិត​នៅតាម​សាលារៀន​គោលដៅ​នានា​ដើម្បី​លើកកម្ពស់​សុខុមាលភាព​និង​គុណភាព​គ្រឹះ​ធនធានមនុស្ស ។​បន្ថែម​លើ​នោះ អង្គការ​បាន​នឹង​កំពុង​ចាប់ផ្តើម​អនុវត្ត​គម្រោង​ថ្មី​មួយ​ឈ្មោះ​មជ្ឈមណ្ឌល​កុមារ​នៃ​ការអប់រំ ។​

​ត​មក​កុមារ​សិស្សានុសិស្ស​បឋមសិក្សា​ព​ង្រ​ជា​ម្ចាស់ផ្ទះ​បាន​ស្មូត​កំណាព្យ​”​សមាសភាគ​សាលា​បៃតង​ទាំង​៦” ។ សិស្សសាលា​បឋមសិក្សា​ព​ពេល ច្រៀង​ជា​ក្រុម ទាក់ទិន​ខ្លឹមសារ​អនាម័យ ។​និង​សិស្សសាលា​បឋមសិក្សា​ឈ្នួ​រ​មានជ័យ​បាន​សម្តែង​វិធី​សម្អាត​ដៃ ដុសធ្មេញ​ក្នុង​លំហ​។​

​លោក​អ៊ុំ រាត្រី អភិបាលខេត្ត​បន្ទាយមានជ័យ​បាន​កោតសរសើរ​មន្ទីរ ការិយាល័យ​អប់រំ និង​សាលារៀន​ដែល​បាន​ខិតខំ​បំពេញការងារ​បាន​លទ្ធ​ផល​ល្អ​លើ​ការអភិវឌ្ឍន៍​ធនធានមនុស្សនិង​ថ្លែងអំណរគុណ​ដល់​ភាគី​ពាក់ព័ន្ធ ឥស្សរជន សប្បុរសជន​អង្គការ​ដៃគូ​អភិវឌ្ឍន៍ រួមទាំង​អង្គការ​ការី​តា​ស្ត​ស្វី​ស​ដែល​បាន​ចូលរួមចំណែក​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា​ដែលមាន​សម្តេច​តេ​ជោ​ហ៊ុន សែន ជា​ប្រមុខ ក្នុងការ​អភិវឌ្ឍ​ហេ​ដ្ឋា​រចនា​សម្ពន្ធ​និង​គុណភាព​វិស័យ​អប់រំ​។​
ក្នុងនោះ​គម្រោង​អនាម័យ​និង​សាលា​បែ​តង​នេះ ជា​គម្រោង​ល្អ​ណាស់​សម្រាប់​សាលាបឋមសិក្សា ដែល​វា​បាន​ជួយ​អោយ​កូ​មារ​មាន​ទាំង​ឥរិយាបថ​ល្អ សុខភាព​ល្អ​និង​បាន​រៀនសូត្រ​ចេះដឹង ។​

​លោក​អ៊ុំ រាត្រី ក៏​រំលឹក​ដែរ​ថា កន្លងមក លោក​ឧបនាយករដ្ឋមន្ត្រី​កែ គឹមយ៉ាន ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ខេត្តបន្ទាយមានជ័យ​ក៏បានផ្តល់​ឡា​បូ​លាងដៃ ឧបករណ៍​វាស់​កម្តៅ សាប៊ូ ម៉ាស​ដល់​សាលារៀន​ទាំងអស់​នៅក្នុង​ខែ​ត្ត​ដើម្បី​លើកកម្ពស់​សុខភាព និង​ការអភិវឌ្ឍន៍​ធនធានមនុស្ស​នេះ ។​ក្នុងនាម​រដ្ឋបាលខេត្ត លោក​បានស្នើ​ដល់​ក្រសួង​អប់រំ យុវជន​និង​កីឡា អង្គការ​ការី​តា​ស្ត ស្វី​ស​និង​ភាគីអង្គការ​ដៃគូ សប្បុរសជន​ផ្តល់ជំនួយ​ទាំងឡាយ​បន្ត​ជួយ​វិស័យ​អប់រំ​ក្នុង​ខេត្ត​នេះ​ទៀត ។​

​នាឱកាស​នោះ លោកស្រី​សឿ សុជាតា អនុរដ្ឋលេខាធិការ​ក្រសួង​អបរំ យុវ​ជន​និង​កីឡា ក្នុងនាម​តំណាង​លោក​បណ្ឌិត​ហង់​ជួន ណា​រ៉ុ​ន រដ្ឋមន្ត្រី​បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​សមិទ្ធិអភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ​វិស័យ​អប់រំ​និង​លទ្ធផល​វិស័យ​អប់រំ យុវជននិងកីឡានៅក្នុងខេត្តបន្ទាយមានជ័យ។ពិសេសគឺបានធ្វើឱ្យសាលារៀនជាជម្រកសុវត្ថិភាពដល់ការបណ្តុះបណ្តាល ​ធនធាន​មនុស្ស ។​

​ក្នុងនោះដែរ លោកស្រី​សឿ សុជាតា ក៏​កត់​ស​ម្គា​ត់​នូវ​ការជួយ​ចំ​គោលបំណង​ចង់បាន​បំផុត​របស់​អង្គការ​កា​រីតា​ស្ត​លើ​វិស័យ​អប់រំ និង​វិស័យ​មួយចំនួនទៀត ។​

គណៈ​:​អធិបតី​និង​ប្រតិភូ​បាន​កាត់​ខ្សែបូរ​សម្ពោធ​ហេដ្ឋារចនាសម្ព័ន្ធ​អនាម័យ​គម្រោង​សាលា​បៃតង និង​ទស្សនា​ពន្លា​ពិ​ព័រ​នៃ​សាលារៀន​គោលដៅ​ទាំង​៤៥​និង​អង្គការ ផ្នែក​ឯកជន ព្រមទាំង​ទីធ្លា សួន​បន្លែ​សាលា​ម្ចាស់ផ្ទះ អំពី​ស្នាដៃ​របស់​ពួក​គែ​លើ​គម្រោង​អនាម័យ បរិស្ថាន លើកកម្ពស់​គុណភាព​អប់រំ​៕​សរន