ដោយៈដេប៉ូ/ភ្នំពេញ៖ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនៅថ្ងៃទី ១៨ ខែ មីនា ឆ្នាំ២០២២បានចេញសេក្តីជូនដំណឹងមួយពីវឌ្ឍនភាពនៃការដោះស្រាយវិវាទការងាររួមនៅក្រុមហ៊ុន ណាហ្គាវើលដ៍។

ក្នុងសេចក្តីជូនដំណឹងក្រសួងបានបញ្ជាក់ថានារសៀល ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២២ តំណាងភាគីកម្មករនិយោជិត និងតំណាងភាគីនិយោជក បានមកចូលរួមប្រជុំ ដោះស្រាយតាមការអញ្ជើញជាលើកទី៣ របស់ក្រសួង។ចំពោះលទ្ធផលភាគីទាំងពីរ បានលើកឡើងនូវមតិយោបល់ ដូចជា៖
*សហជីព និងតំណាងកម្មករនិយោជិត៖
១. ថ្លែងអំណរគុណដល់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងអាជ្ញាធរពាក់ព័ន្ធដែលបានជួយ សម្របសម្រួលឱ្យតំណាងកម្មករនិយោជិតបាននៅក្រៅឃុំជាបណ្តោះអាសន្ន ដើម្បីចូលរួមចរចា។២. ទាមទារឱ្យទម្លាក់ចោលនូវបទចោទចំពោះកម្មករនិយោជិត ដែលបាននៅក្រៅឃុំបណ្តោះអាសន្នទាំង១៥នាក់។ ៣. ទាមទារឱ្យពិចារណាចំពោះកម្មករនិយោជិតដែលចង់ចូលធ្វើការវិញ និងពិនិត្យការទូទាត់សំណង ឱ្យបានត្រឹមត្រូវតាមច្បាប់។
*តំណាងក្រុមហ៊ុន ណាហ្គាវើលដ៍៖
១. ថ្លែងអំណរគុណចំពោះក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងអាជ្ញាធរពាក់ព័ន្ធដែលបាន សម្របសម្រួលឱ្យមានកិច្ចប្រជុំនេះឡើង។២. មានការសោកស្តាយដែលភាគីតំណាងកម្មករនិយោជិតដែលបានសន្យាថា នឹងមិនធ្វើការប្រមូលផ្តុំ តវ៉ាបន្តទៀត ដើម្បីទុកលទ្ធភាពនិងបង្កបរិយាកាសល្អសម្រាប់កិច្ចប្រជុំ ប៉ុន្តែភាគីតំណាងកម្មករនិយោជិតមិន បានគោរពតាមការសន្យារបស់ខ្លួន។ក្រោយពីពិភាក្សាគ្នាយ៉ាងផុសផុល និងការធ្វើបទបង្ហាញពន្យល់អំពីនីតិវិធីនៃការដោះស្រាយវិវាទការងារ របស់ប្រធានអង្គប្រជុំ ភាគីទាំង២ បានឯកភាពគ្នាដូចជា៖១. តាមនីតិវិធីច្បាប់ គឺមិនអាចបញ្ចូនករណីវិវាទនេះ ត្រលប់ទៅដោះស្រាយនៅក្រុមប្រឹក្សាអាជ្ញាកណ្តាល ឡើងវិញឡើយ។២. កំណត់ប្រជុំបន្ទាប់ នៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២២ វេលាម៉ោង ២:៣០នាទីរសៀល ដោយ៖តំណាងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នឹងធ្វើបទបង្ហាញអំពីទិដ្ឋភាពច្បាប់ពាក់ព័ន្ធនឹង ការទូទាត់ប្រាក់បំណាច់បញ្ចប់កិច្ចសន្យាការងារឯកភាពកំណត់យកតែចំណុចវិវាទដែលមានក្នុងសេចក្ដីបង្គាប់អាជ្ញាកណ្ដាលលេខ ០១២/២១ ចុះ ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២១ មកពិភាក្សាតែប៉ុណ្ណោះ។
ចុងក្រោយ ក្រសួងស្នើឱ្យភាគីទាំងពីរមានការយោគយល់គ្នាខ្ពស់ក្នុងការចូលរួមដោះស្រាយបញ្ចប់វិវាទ ការងារនេះ, បន្តសហការជិតស្និទ្ធជាមួយអាជ្ញាធរមានសមត្ថកិច្ច និងភាគីពាក់ព័ន្ធដោយសន្តិវិធី, និងថែរក្សាសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ។ យោងតាមនីតិវិធីច្បាប់ ប្រសិនបើការចរចានៅតែមិនអាចមានដំណោះស្រាយបាន នីតិវិធីបន្ទាប់ គឺភាគីទាំងពីរអាចដាក់ពាក្យបណ្តឹងទៅតុលាការ ដើម្បីរកដំណោះស្រាយចុងក្រោយ៕សរន