ប្រែសម្រួល : កញ្ញាដាលីស (បាល់ទាត់) ៖ វាជាជំនួបដ៏តានតឹងនៅក្បាលព្រលប់ថ្ងៃសៅរ៍នេះនៅក្នុង EPL ពេល Arsenal ទៅសួរសុខទុក្ខ Aston Villa ខណៈថ្ងៃសៅរ៍ដដែលក៏មាន១គូទៀតដែរនៅអង់គ្លេសគឺការប្រកួត FA Cup វគ្គ១/៤ផ្តាច់ព្រ័ត្ររវាង Middlesbrough និង Chelsea។
សម្រាប់ថ្ងៃអាទិត្យនៅអេស្ប៉ាញគឺមានជំនួប El Clásico ដែលមានមនុស្សរង់ចាំទស្សនាច្រើនបំផុតលើពិភពលោក ដោយក្នុងជំនួបនេះក្រុម Real Madridត្រូវគេព្យាករណ៍ថាមានប្រៀបឈ្នះខ្ពស់លើ Barcelona។
ត្បិតគូធំៗនៅអង់គ្លេសមានតែ២គូសម្រាប់ថ្ងៃសៅរ៍ ក៏ប៉ុន្តែនៅលីកដទៃទៀតគឺមានការប្រកួតច្រើនសម្រាប់ចុងសប្តាហ៍នេះ ហើយគូរំពឹងមានភាគរយឈ្នះខ្ពស់ជាងគេគឺ Mainz, Bayern, Leipzig, Leverkusen, Dortmund, Lens, Rennes, Napoli និង Juventus។
ទោះយ៉ាងណាយើងនឹងលើកយកតែ២គូមកវិភាគជូនប៉ុណ្ណោះ ៖
– Aston Villa vs Arsenal (EPL)
Arsenal ប្រឈមមុខនឹងការធ្វើដំណើរដ៏លំបាកទៅកាន់ទឹកដី Villa Park ខណៈដែលពួកគេសម្លឹងរកការឈ្នះពីបរាជ័យក្រោមស្នាដៃក្រុម Liverpool ។
ការឈ្នះ៥ប្រកួតជាប់ៗគ្នារបស់កាំភ្លើងធំត្រូវបានបញ្ឈប់ដោយការស៊ុតបញ្ចូលទីពីកីឡាករ Diogo Jota និង Roberto Firmino កាលពីយប់ថ្ងៃពុធ ដែលវាយសំពងលើក្តីសង្ឃឹមសម្រាប់កៅអីក្របខ័ណ្ឌ Champions League របស់ Arsenal។
ដោយនៅតែឈរនៅលេខរៀងទី ៤ និងមាន២ប្រកួតក្នុងដៃលើគូប្រជែងរបស់ពួកគេ ក្រុម Arsenal ត្រូវប្រឈមមុខនឹងក្រុម Aston Villa ក្នុងការប្រកួតនៅក្បាលព្រលប់ថ្ងៃសៅរ៍ ដោយដឹងថាពួកគេមានប្រៀបលើតារាងពិន្ទុជាងម្ចាស់ផ្ទះ ទោះលទ្ធផលចេញមកយ៉ាងណាក៏ដោយ។
ចំណែក Villa វិញ ការបរាជ័យក្រោមស្នាដៃក្រុមញញួរធំ West Ham កាលពីសប្តាហ៍មុនបានបញ្ចប់ការឈ្នះ ៣ ប្រកួតជាប់ៗគ្នារបស់ខ្លួន ខណៈឥឡូវពួកគេបានត្រឹមផ្តោតអាទិភាពបញ្ចប់ទៅនៅចំណាត់ថ្នាក់ល្អពាក់កណ្តាលតារាងប៉ុណ្ណោះ។
សម្រាប់ Aston កីឡាករ Marvelous Nakamba (របួសជង្គង់) នឹងអវត្តមាន ខណៈ Lucas Digne (របួសសាច់ដុំ), Douglas Luiz (របួសមាត់) និង Calum Chambers (របួសក្បាល) ស្ថិតក្នុងមន្ទិលសង្ស័យមិនដឹងអាចលេងបានឬអត់។
ជាថ្មីម្តងទៀត Arsenal កំពុងរង់ចាំមើលលទ្ធផលថាតើខ្សែការពារ Takehiro Tomiyasu នឹងអាចចូលក្រុមវិញបានឬអត់ ខណៈកំពុងតស៊ូនឹងរបួសកំភួនជើង។
ត្បិតប៉ុន្មានប្រកួតចុងក្រោយនេះ ក្រុមកាំភ្លើងធំមិនដែលឈ្នះនៅទឹកដី Aston ក៏ប៉ុន្តែពួកគេមានសន្ទុះចិត្តខ្ពស់ជាងម្ចាស់ផ្ទះដើម្បីដណ្តើមកៅអី Top 4។
លទ្ធផលព្យាករណ៍ Arsenal ឈ្នះ ១-០។
– Middlesbrough vs Chelsea (FA Cup)
ក្រុម Middlesbrough និង Chelsea នឹងត្រូវប៉ះគ្នាសម្រាប់ការប្រកួតវគ្គ១/៤ផ្តាច់ព្រ័ត្រ FA Cup នៅចំពោះមុខហ្វូងទស្សនិកជនរបស់ Boro ទាំងស្រុង ដែលទិញសំបុត្រចូលមើលអស់រលីងនៅកីឡដ្ឋាន Riverside Stadium ខណៈអ្នកគាំទ្រតោខៀវត្រូវជាប់ទណ្ឌកម្មមិនអាចទិញសំបុត្រចូលមើលបានទេ។ ក្រុមម្ចាស់ផ្ទះច្បាស់ជារំភើបក្នុងការលេងការប្រកួតនេះនៅក្នុងផ្ទះ ខណៈពួកគេបានលេង៣ប្រកួតចុងក្រោយនៅក្រៅផ្ទះរហូត។ Middlesbrough កំពុងរីករាយនឹងការលេងដ៏ល្អបំផុតរបស់ពួកគេនៅក្នុង FA Cup ចាប់តាំងពីឆ្នាំ ២០១៧ ហើយកំពុងទទួលបានរហស្សនាមថា “អ្នកសម្លាប់យក្ស” ខណៈដែលពួកគេបានទម្លាក់ក្រុមគីឡូធ្ងន់ Premier League ដូចជា Tottenham និង Manchester United នៅជុំមុនៗ។ ត្បិតដូច្នេះក្តី Middlesbrough ជួប Chelsea ៨ លើកចុងក្រោយគិតពីឆ្នាំ ២០០៦ គឺចាញ់រហូត ដោយស៊ុតមិនចូលទីរបស់តោខៀវសូម្បីតែមួយគ្រាប់។ ពួកគេបានចាញ់ក្នុងវគ្គ១/៤ផ្តាច់ព្រ័ត្រចំនួន៤លើកមុនៗរបស់ពួកគេទល់នឹង Chelsea ហើយការបង្ហាញខ្លួនដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រចុងក្រោយរបស់ពួកគេគឺកើតឡើងក្នុងរដូវកាល ២០០៥/០៦។
Chelsea មានរឿងរំខាននៅក្រៅទីលានជាច្រើន ប៉ុន្តែទម្រង់លេងរបស់ពួកគេនៅលើទីលានគឺល្អដូចផ្កា។ ពួកគេបានឈ្នះ ២-១ ក្រៅទឹកដីលើក្រុម Lille ក្នុងការប្រកួតចុងក្រោយរបស់ពួកគេ ដោយធ្វើឱ្យពួកគេឈ្នះ ៥ លើកជាប់ៗគ្នា។ Chelsea ចាញ់តែម្តងគត់ក្នុងការប្រកួត ១៣ លើកចុងក្រោយរបស់ពួកគេនៅគ្រប់ការប្រកួតទាំងអស់ ដោយការចាញ់នោះគឺកើតឡើងក្នុងវគ្គផ្តាច់ព្រ័ត្រ League Cup ទល់នឹង Liverpool។ Chelsea បានឈ្នះ Boro ក្នុង FA Cup ក្នុងជំនួប ៣ លើកចុងក្រោយ។ ហើយបើនិយាយពីការប៉ះគ្នា៨លើកចុងក្រោយនៅគ្រប់ក្របខ័ណ្ឌទាំងអស់គឺ Middlesbrough ចាញ់ Chelsea រហូត ដោយ Chelsea ស៊ុតចូល ១៩ គ្រាប់ និង របូតសូន្យគ្រាប់។
ក្រុម Middlesbrough នឹងប្រឹងទប់ Chelsea រហូតដល់ទីបញ្ចប់ ហេតុដូច្នេះយើងរំពឹងមានគ្រាប់បាល់តិចបំផុតសម្រាប់ការប្រកួតនេះ។
លទ្ធផលព្យាករណ៍ Chelsea ឈ្នះ ១-០៕
Arsenal នៅតែរំពឹងទទួលលទ្ធផលល្អនៅទឹកដី Aston