ដោយៈ ប.ខុន / ភ្នំពេញៈ បរិមាណទឹកភ្លៀង ដែលបានធ្លាក់លើគ្រប់រាជធានី ខេត្ត រយៈពេល ២៤ ម៉ោង ត្រឹមព្រឹកថ្ងៃទី១៩ ខែមីនា នៅតំបន់ខ្លះ មានដល់កម្រិត ៦៦ មីលីម៉ែត្រ ហើយនៅ ថ្ងៃទី១៩ មីនានេះ ភ្លៀងបន្តធ្លាក់រាយប៉ាយថែមទៀត តែនៅរាជធានីភ្នំពេញ មិនមានបរិមាណ ច្រើន ដូចនៅតាមបណ្តាខេត្តទេ។ នៅរាជធានីភ្នំពេញ ឃើញមានភ្លៀងធ្លាក់ច្រើន នៅថ្ងៃទី២១ ខែមីនា ខាងមុខ។
លោក ចាន់ យុត្ថា អ្នកនាំពាក្យ និងជារដ្ឋលេខាធិការ ក្រសួងធនធានទឹក និងឧតុនិយម បានប្រាប់ឱ្យរស្មីកម្ពុជាដឹង នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២២ថាៈ កាលពីថ្ងៃទី១៨ ខែមីនា មានភ្លៀងធ្លាក់រាយប៉ាយ ក្នុងកម្រិតពីតិចទៅច្រើន ស្ទើរគ្រប់រាជធានី ខេត្ត និងនៅថ្ងៃទី១៩ ខែមីនា នេះ នៅមានភ្លៀងធ្លាក់ រាយប៉ាយបន្តទៀត ទាំងនៅរាជធានី តែអាចនឹងមានបរិមាណ មិនច្រើន (ភ្នំពេញ) ទេ តែនៅថ្ងៃទី២១ ខែមីនា នៅភ្នំពេញ ឃើញមានភ្លៀងធ្លាក់ច្រើន ដូចជា តាមបណ្តាខេត្តដែរ។
របាយទឹកភ្លៀង ដែលបានធ្លាក់រយៈពេល ២៤ ម៉ោង ត្រឹមព្រឹកថ្ងៃទី១៨ ខែមីនា នៅខេត្តកំពង់ឆ្នាំង មានពី ៤ ដល់ ៥៧ មីលីម៉ែត្រ, ឧត្តរមានជ័យ មានពី ២ ដល់ ៣៥ មីលីម៉ែត្រ, ភ្នំពេញ មានពី ២ ដល់ ៤២ មីលីម៉ែត្រ, ខេត្តក្រចេះ ពីតិចដល់ ២៦ មីលីម៉ែត្រ, ខេត្តព្រះសីហនុ មានកម្រិតពី ២៨ ដល់ ៦២ មីលីម៉ែត្រ, ខេត្តស្ទឹងត្រែង ពី ៨ ដល់ ៤៧ មីលីម៉ែត្រ, ខេត្តសៀមរាប ពីតិចដល់ ៦៦ មីលីម៉ែត្រ, ខេត្តកំពង់ធំ មានកម្រិតពីតិច ដល់ ៦២ មីលីម៉ែត្រ, ខេត្តពោធិសាត់ ពី ៣ ដល់ ៣៧ មីលីម៉ែត្រ, ខេត្តកោះកុង ពីតិចដល់ ១៤ មីលីម៉ែត្រ, ខេត្តរតនគិរី ពីតិចដល់ ៥៦ មីលីម៉ែត្រ, ខេត្តស្វាយរៀង ពីតិចដល់ ១២ មីលីម៉ែត្រ, ខេត្តបាត់ដំបង មានភ្លៀងពីតិចដល់ ៥១ មីលីម៉ែត្រ, ខេត្តព្រៃវែង មានភ្លៀងពីតិចដល់ ៤១ មីលីម៉ែត្រ, ខេត្តតាកែវ មានភ្លៀងពីតិចដល់ ២៥ មីលីម៉ែត្រ, ខេត្តកំពង់ស្ពឺ មានភ្លៀងពីតិចដល់ ៥២ មីលីម៉ែត្រ, ខេត្តបន្ទាយមានជ័យ មានភ្លៀងពី ២ ទៅ ៥ មីលីម៉ែត្រ, ខេត្តមណ្ឌលគិរី មានភ្លៀងពី ៦ ដល់ ៤៣ មីលីម៉ែត្រ, ខេត្តត្បូងឃ្មុំ មានភ្លៀងពី ៣ ដល់ ៣៦ មីលីម៉ែត្រ និងខេត្តកំពង់ចាម មានភ្លៀងពី ៣ ដល់ ៤៦ មីលីម៉ែត្រ។
ក្រសួងធនធានទឹក និងឧតុនិយម កាលពីថ្ងៃទី១៥ ខែមីនា បានជូនដំណឹង ស្តីពីស្ថានភាព អាកាសធាតុ សម្រាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី២២ ខែមីនា ឆ្នាំ២០២២ថាៈ នៅក្នុងសប្តាហ៍នេះ ព្រះរាជាណាចក្រកម្ពុជា នឹងទទួលរងឥទ្ធិពល ពីជ្រលងសម្ពាធទាបឥណ្ឌា ក្នុងកម្រិតពីខ្សោយ ទៅមធ្យម និង សម្ពាធទាបតូចៗ ដែលកើតឡើងផ្ទាល់ដោយកន្លែងជាអន្លើ ( Local Low Formed ) បង្កឱ្យមានភ្លៀងធ្លាក់ ពីមធ្យមទៅច្រើន ជាមួយបាតុភូតផ្គរ រន្ទះ និង ខ្យល់កន្ត្រាក់។
ក្នុងសេចក្តីជូនដំណឹង បានសរសេរថាៈ ស្ថានភាពបែបខាងលើ ធ្វើឲ្យបណ្តាខេត្ត នៅតំបន់វាល ទំនាបកណ្តាល មានសីតុណ្ហភាព អប្បបរមាពី ២៤ ទៅ២៧ អង្សាសេ សីតុណ្ណភាព អតិបរមា មានពី ៣៤ ទៅ ៣៦ អង្សាសេ អាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីខ្សោយទៅបង្គួរ លាយឡំ ដោយ ផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។ ពីថ្ងៃទី១៩ ដល់ ២១ ខែមីនា ពិសេសនៅតំបន់ទំនាប កណ្តាល និងទំនាបភាគពាយ័ព្យ បរិមាណភ្លៀងកើនឡើង ធ្វើឱ្យសីតុណ្ណភាព អតិបរិមា ធ្លាក់ចុះបន្តិចមកវិញ ។
សម្រាប់បណ្តាខេត្តជាប់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន មានសីតុណ្ហភាព អប្បបរមាពី ២៤ ទៅ ២៧ អង្សាសេ សីតុណ្ណភាព អតិបរមា មានពី ៣៤ ទៅ ៣៦ អង្សាសេ អាចមានភ្លៀងធ្លាក់ ក្នុងកម្រិតពីខ្សោយទៅបង្គួរ លាយឡំដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ។
នៅតំបន់មាត់សមុទ្រ មានសីតុណ្ហភាព អប្បបរមាពី ២២ ទៅ ២៤ អង្សាសេ សីតុណ្ណភាព អតិបរមា មានពី ៣២ ទៅ ៣៤ អង្សាសេ អាចមានភ្លៀងធ្លាក់ ក្នុងកម្រិតពីមធ្យមទៅច្រើន លាយឡំដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។
សូមសាធារណជន តាមដានបញ្ហាប្រែប្រួលអាកាសធាតុ ដោយការយកចិត្តទុកដាក់ ហើយ ប្រុងប្រយ័ត្ន អំពីគ្រោះថ្នាក់ ពីបាតុភូតខាងលើ ជាពិសេសនៅពេលមេឃ រកកលធ្លាក់ ភ្លៀង៕/V