ប្រែសម្រួលៈបំណង(ST)៖ ប្រធានាធិបតីចិន ស៊ី ជីនភីង កាលពីថ្ងៃសុក្របានប្រាប់សមភាគីអាម៉េរិក ចូ បៃដិន ថាជម្លោះនិងការប្រឈមមុខ រួមទាំងសង្គ្រាមនៅអ៊ុយក្រែន មិនជាផលប្រយោជន៍របស់នរណាម្នាក់ទេ នេះបើតាមការផ្សាយរបស់ក្រសួងការបរទេសចិន។
ក្នុងអំឡុងពេលសន្ទនាតាមវីដេអូបន្តផ្ទាល់អស់ពេលពីរម៉ោងកាលពីល្ងាចថ្ងៃសុក្រ លោកស៊ី បានប្រាប់លោកបៃដិនថា «វិបត្តិអ៊ុយក្រែនមិនជាអ្វីមួយដែលយើងចង់ឃើញទេ។ព្រឹត្តិការណ៍នេះជាថ្មីទៀតបង្ហាញថា ប្រទេសនានាគួរកុំនាំគ្នាទៅកាន់ចំណុចជួបគ្នានៅលើសមរភូមិ។ជម្លោះនិងការប្រឈមមុខមិនជាផលប្រយោជន៍របស់នរណាម្នាក់ទេ ហើយសន្តិភាពនិងសន្តិសុខគឺជាអ្វីដែលសហគមន៍អន្តរជាតិគួរអោយតំលៃខ្ពស់បំផុត»។
លោកបានបន្ថែមថា ចិននិងអាម៉េរិកត្រូវតែនាំទំនាក់ទំនងរបស់ខ្លួនឆ្ពោះទៅកាន់ផ្លូវត្រឹមត្រូវ និងចូលរួមរែកពន់ចំណែកទទួលខុសត្រូវអន្តរជាតិរបស់ខ្លួន ហើយធ្វើការដើម្បីសន្តិភាពពិភពលោក។
សេតវិមាននៅមិនទាន់ចេញសេចក្តីថ្លែងការណ៍ណាមួយអំពីការសន្ទនារវាងមេដឹកនាំទាំងពីរនៅឡើយទេ តែមុននេះកាលពីថ្ងៃព្រហស្បតិ៍ខ្លួនបាននិយាយថាលោកបៃដិននឹងព្រមានលោកស៊ីអំពីតំលៃត្រូវបង់ដ៏ខ្ពស់សំរាប់ចិន បើសិនជារដ្ឋាភិបាលក្រុងប៉េកាំងហ៊ានជួយសព្វាវុធដល់រុស្ស៊ី។
សូមបញ្ជាក់ថា ការគាំទ្រកលយុទ្ធរបស់ចិនចំពោះរុស្ស៊ី ចំពេលលោកខាងលិចដឹកនាំដោយអាម៉េរិក បើកយុទ្ធនាការធ្វើអោយរដ្ឋាភិបាលក្រុងមូស្គូនៅឯកោ បានក្លាយជាបញ្ហារំខានដល់ទំនាក់ទំនងរវាងក្រុងវ៉ាស៊ីនតោននិងប៉េកាំង ដែលកំពុងចេញមកលើកហេតុផលរៀងៗខ្លួនអំពីរបៀបដោះស្រាយជម្លោះយោធាធំបំផុតនៅអឺរ៉ុបចាប់តាំងពីសង្គ្រាមលោកលើកទីពីរ។
អាម៉េរិកដែលកាន់តែស្រែកឡូឡាខ្លាំងឡើងអំពីការព្រួយបារម្ភរបស់ខ្លួនចំពោះការដែលចិនមិនថ្កោលទោសអំពើរបស់រុស្ស៊ី ចង់អោយរដ្ឋាភិបាលក្រុងប៉េកាំងធ្វើអោយច្រើនថែមទៀតដើម្បីដាក់សម្ពាធលើប្រធានាធិបតីរុស្ស៊ីលោកវ្ល៉ាឌីមៀ ពូទីន អោយបញ្ចប់សង្គ្រាមនេះ។ក្នុងពេលជាមួយគ្នា ចិនចង់រក្សាមិត្តភាពជាមួយរុស្ស៊ី ជៀសវាងទណ្ឌកម្មនិងជំរុញកិច្ចពិភាក្សាស្វែងរកសន្តិភាពជាជាងការបន្ថែមសព្វាវុធដែលជា«ការបន្ថែមប្រេងលើអណ្តាតភ្លើង»។
ក្នុងពេលជាមួយគ្នា កាសែតរដ្ឋចិនGlobal Timesបាននិយាយថា «ចិនមិនដែលទទួលយកការគំរាមនិងការបង្ខិតបង្ខំពីអាម៉េរិកទេ ហើយបើអាម៉េរិកចាត់វិធានការដែលធ្វើអោយប៉ះពាល់ផលប្រយោជន៍ស្របច្បាប់របស់ចិន ផលប្រយោជន៍របស់ក្រុមហ៊ុនសហគ្រាសនិងបុគ្គលចិន ចិននឹងមិនអង្គុយស្ងៀមហើយនឹងឆ្លើយតបយ៉ាងខ្លាំងក្លា»។
កាលពីថ្ងៃព្រហស្បតិ៍រដ្ឋមន្ត្រីការបរទេសអាម៉េរិក អ៊ែនថូនី ប្លីងកិន ក៏បានប្រាប់អ្នកយកព័ត៌មានថា លោកបៃដិន«នឹងបញ្ជាក់ច្បាស់ថាចិននឹងទទួលខុសត្រូវចំពោះអំពើណាមួយដែលត្រូវគេគិតថាជាការគាំទ្រការឈ្លានពានរបស់រុស្ស៊ី។យើងនឹងមិនស្ទាក់ស្ទើរដាក់ទណ្ឌកម្មឬវាយពន្ធពិន័យទេ»៕
ស៊ីនិងបៃដិនបានសន្ទនាគ្នាអស់ពីរម៉ោងកាលពីល្ងាចថ្ងៃសុក្រ ភាគច្រើនផ្តោតលើបញ្ហាអ៊ុយក្រែន