ប្រែសម្រួល : កញ្ញាដាលីស (ដេល្លីម៉េល) ៖ ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀរ ពូទីន បានបង្ហាញខ្លួននៅឯការជួបជុំដែលមានការគ្រវីទង់ជាតិដ៏ធំនៅពហុកីឡដ្ឋានមូស្គូកាលពីថ្ងៃសុក្រទី១៨មីនាហើយបានសរសើរកងទ័ពរបស់គាត់ដែលកំពុងប្រយុទ្ធក្នុងប្រទេសអ៊ុយក្រែនអស់រយៈពេលបីសប្តាហ៍មកហើយ ដែលនាំឱ្យរុស្ស៊ីខាតបង់ច្រើនជាងការរំពឹងទុកនៅលើសមរភូមិនិងនាំឱ្យមានភាពផ្តាច់ការកាន់តែខ្លាំងឡើងនៅក្នុងស្រុក។
ទន្ទឹមនឹងនោះ មេដឹកនាំនៃគណៈប្រតិភូរុស្ស៊ីក្នុងកិច្ចចរចាការទូតជាមួយអ៊ុយក្រែនបាននិយាយថា ភាគីទាំងពីរបានបង្រួមការខ្វែងគំនិតគ្នា តែភាគីអ៊ុយក្រែនបាននិយាយថាជំហររបស់ខ្លួននៅតែមិនផ្លាស់ប្តូរ។
ការលុកលុយនេះបានធ្វើឱ្យមានការផ្ទុះការតវ៉ាប្រឆាំងសង្គ្រាមនៅក្នុងប្រទេសរុស្ស៊ីហើយការប្រមូលផ្តុំគ្នានៅទីក្រុងមូស្គូកាលពីថ្ងៃសុក្រនេះត្រូវបានហ៊ុមព័ទ្ធដោយការសង្ស័យថាវាជាការបង្ហាញអំពីការស្នេហាជាតិដែលរៀបចំដោយវិមានក្រឹមឡាំង។ បណ្តាញ Telegram ជាច្រើនដែលរិះគន់វិមានក្រឹមឡាំង បានរាយការណ៍ថានិស្សិតនិងនិយោជិតនៃស្ថាប័នរដ្ឋនៅក្នុងតំបន់មួយចំនួនត្រូវបានបញ្ជាដោយថ្នាក់លើរបស់ពួកគេឱ្យចូលរួមការជួបជុំនិងការប្រគុំតន្ត្រីរំលឹកខួបលើកទីប្រាំបីនៃការកាត់យកតំបន់គ្រីមេពីសំណាក់ទីក្រុងមូស្គូ ដែលរឹបអូសពីអ៊ុយក្រែន។
នៅកន្លែងផ្សេងទៀត ទាហានរុស្ស៊ីបានបន្តបាញ់ស្រោចយ៉ាងសាហាវទៅលើទីក្រុងនានារបស់អ៊ុយក្រែន រួមទាំងរដ្ឋធានីគៀវ និងបានវាយលុកលើទីតាំងជួសជុលយន្តហោះនៅជាយក្រុងល្វីវ (Lviv)ជិតព្រំដែនប៉ូឡូញ។ មន្ត្រីអ៊ុយក្រែនបាននិយាយកាលពីល្ងាចថ្ងៃសុក្រទី១៨មីនាថា ទីក្រុងកំពង់ផែម៉ារីវប៉ូល (Mariupol) ភាគខាងត្បូងដែលត្រូវបានឡោមព័ទ្ធបានបាត់បង់ការចូលទៅកាន់សមុទ្រអាហ្សូវ (Azov) ហើយកងកម្លាំងរុស្ស៊ីនៅតែព្យាយាមវាយលុកទីក្រុងនេះ។ គេមិនទាន់ដឹងច្បាស់ថាតើពួកគេបានដណ្តើមយកទីក្រុងនេះបានហើយឬយ៉ាងណាទេ។
លោកពូទីនបាននិយាយអំពីកងកម្លាំងរបស់វិមានក្រឹមឡាំងនៅក្នុងការបង្ហាញខ្លួនជាសាធារណៈដ៏កម្រចាប់តាំងពីការចាប់ផ្តើមសង្គ្រាមថា “ស្មាកៀកស្មា ពួកគេជួយនិងគាំទ្រគ្នាទៅវិញទៅមក”។ លោកបានបន្ថែមថា “យើងមិនដែលមានការរួបរួមគ្នាបែបនេះយូរមកហើយ”។
ប៉ូលិសក្រុងមូស្គូបាននិយាយថា មនុស្សជាង ២០០.០០០ នាក់បាននៅក្នុងនិងជុំវិញកីឡដ្ឋាន Luzhniki ។ ព្រឹត្តិការណ៍នេះរួមមានបទចម្រៀងស្នេហាជាតិ ដូចជាបទ “Made in the USS.R.” ជាមួយនឹងឃ្លាបើកឆាក “អ៊ុយក្រែននិងគ្រីមេ បេឡារូសនិងម៉ុលដាវី ទាំងអស់នេះជាប្រទេសរបស់យើង”៕
លោកពូទីបង្ហាញខ្លួនជាសាធារណៈដ៏កម្រចាប់តាំងពីការចាប់ផ្តើមសង្គ្រាម