ប្រែសម្រួល : កញ្ញាដាលីស (ដេល្លីម៉េល) ៖ ជួបទល់មុខគ្នាតាមវីដេអូ លោកប្រធានាធិបតីចូ បៃដិនរបស់អាម៉េរិកបាននិយាយទៅកាន់ប្រធានាធិបតីចិនស៊ី ជីនភីងកាលពីថ្ងៃសុក្រទី១៨មីនាពីផលវិបាកដ៏ខ្លាំងក្លាដែលចិននឹងត្រូវប្រឈមមុខពីសហរដ្ឋអាម៉េរិក ប្រសិនបើពួកគេផ្តល់ជំនួយផ្នែកយោធាឬសេដ្ឋកិច្ចសម្រាប់ការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន។
មិនមានការបញ្ជាក់ថាគាត់ទទួលបានការធានាណាមួយជាការតបស្នងនោះទេ។
តាមពិតទៅ លោកស៊ីបានស្តីបន្ទោសសហរដ្ឋអាម៉េរិកចំពោះវិបត្តិនេះ ហើយបានទទូចជាមួយនឹងសុភាសិតចិនថា វិធានការបន្ទាប់គឺអាស្រ័យលើលោកបៃដិន។
យោងតាមសេចក្តីថ្លែងការណ៍របស់រដ្ឋាភិបាលចិន លោកស៊ីបាននិយាយថា “អ្នកដែលចងកណ្ដឹងនឹងសត្វខ្លាត្រូវតែស្រាយវាចេញវិញ”។
បន្ទាប់ពីការសន្ទនាជិតពីរម៉ោង ក្រសួងការបរទេសចិនបានចាត់ទុក “ជម្លោះនិងការប្រឈមមុខដាក់គ្នា” ថា”មិនផ្តល់ផលប្រយោជន៍ដល់នរណាម្នាក់ទេ”ប៉ុន្តែមិនបានស្តីបន្ទោសរុស្ស៊ីនិងមិនបាននិយាយអ្វីអំពីជំហានបន្ទាប់នោះទេ។
នៅឯសេតវិមាន អ្នកនាំពាក្យ ជេន សាគី (Jen Psaki)បាននិយាយថា”ចិនត្រូវតែធ្វើការសម្រេចចិត្តដោយខ្លួនឯងអំពីកន្លែងដែលពួកគេចង់ឈរនិងរបៀបដែលពួកគេចង់ឱ្យសៀវភៅប្រវត្តិសាស្ត្រមើលមកពួកគេនិងមើលមកសកម្មភាពរបស់ពួកគេ”។
លោកស្រីបានបដិសេធមិនប្រាប់លម្អិតអំពីផលវិបាកដែលអាចកើតមានដែលលោកបៃដិនបានបញ្ជាក់ដល់ប្រធានាធិបតីចិនទេ ប្រសិនបើប្រទេសរបស់លោកផ្តល់ការគាំទ្រដល់ការឈ្លានពានរបស់រុស្ស៊ី។
ប៉ុន្តែមន្ត្រីរដ្ឋបាលជាន់ខ្ពស់ម្នាក់ ដែលផ្តល់ព័ត៌មានសង្ខេបដល់អ្នកសារព័ត៌មានបន្ទាប់ពីការជួបគ្នាតាមវីដេអូរបស់មេដឹកនាំទាំងពីរ បាននិយាយថាលោកបៃដិនបានចង្អុលបង្ហាញពីភាពឯកោផ្នែកសេដ្ឋកិច្ចដែលរុស្ស៊ីបានប្រឈមមុខ រួមទាំងទណ្ឌកម្មដែលប៉ះពាល់ដល់សេដ្ឋកិច្ចនិងសាជីវកម្មធំៗរបស់លោកខាងលិចដែលផ្អាកប្រតិបត្តិការ ខណៈគាត់ព្យាយាមគូសបញ្ជាក់អំពីការខាតបង់ដែលចិនអាចនឹងទទួលរង។
លោកស៊ីបានជំរុញឱ្យសហរដ្ឋអាម៉េរិកនិងរុស្ស៊ី ដែលមានការភ្ជាប់ទំនាក់ទំនងមានកម្រិតទាបបំផុតចាប់តាំងពីការឈ្លានពានកាលពីថ្ងៃទី ២៤ ខែកុម្ភៈ ធ្វើការចរចា។ លោកបានកត់សម្គាល់ពីការបរិច្ចាគជំនួយមនុស្សធម៌របស់ចិនសម្រាប់អ៊ុយក្រែនខណៈចោទប្រកាន់សហរដ្ឋអាម៉េរិកថាបានបង្ករឿងអុចអាលដល់រុស្ស៊ីនិងបញ្ឆេះជម្លោះដោយការដឹកជញ្ជូនអាវុធទៅកាន់ប្រទេសអ៊ុយក្រែន។ យោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានឱ្យដឹងថា លោកស៊ីក៏បានបន្តការរិះគន់របស់ចិនចំពោះទណ្ឌកម្មដែលដាក់លើរុស្ស៊ីជុំវិញការឈ្លានពាននេះផងដែរ។ ដូចកាលពីមុនដែរ លោកស៊ីមិនបានប្រើពាក្យសង្គ្រាមឬការលុកលុយដើម្បីពណ៌នាអំពីសកម្មភាពរបស់រុស្ស៊ីនោះទេ៕
លោកបៃដិនជួបលោកស៊ីតាមវីដេអូកាលពីថ្ងៃសុក្រ