ប្រែសម្រួលៈបំណង(ដេល្លីម៉េល)៖ ពួកមន្ត្រីន័រវេសបាននិយាយថា មិនមានសញ្ញានៅមានអ្នកនៅរស់ទេក្រោយឧទ្ធម្ភាគចក្រយោធាមួយដែលដឹកទាហានអាម៉េរិកបួននាក់បានធ្លាក់នៅប្រទេសន័រវេសកាលពីថ្ងៃសុក្រ ក្នុងអំឡុងពេលហ្វឹកហាត់មួយរបស់អង្គការណាតូ។
ឧទ្ធម្ភាគចក្រធុនអឹមវី-២២ប៊ី អសស្ព្រេ( MV-22B Osprey)បានកំពុងចូលរួមសមយុទ្ធយោធាអង្គការណាតូមួយ ឈ្មោះថាCold Responseនៅពេលគេរាយការណ៍បាត់វានៅម៉ោង៦និង២៦នាទីល្ងាច។ឧទ្ធម្ភាគចក្រសង្គ្រោះមួយនិងយន្តហោះយោធាអូរ៉ាយអឹន(Orion)របស់ន័រវេស បានចេញស្វែងរកនិងបានឃើញខ្មោចឧទ្ធម្គាចក្រនៅម៉ោងជាង៨យប់តែមិនបានទទួលសញ្ញាគ្រាអាសន្នណាមួយទេ។
ដោយសារអាកាសធាតុអាក្រក់ យន្តហោះជួយសង្គ្រោះមិនអាចចុះចតលើដី តែក្រុមជួយសង្គ្រោះកំពុងព្យាយាមចូលទៅកាន់កន្លែងកើតហេតុដោយផ្លូវគោក។
នាយប៉ូលិសន័រវេសបានប្រាប់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រថា« យើងបានឃើញយន្តហោះធ្លាក់ តែមិនរកឃើញសញ្ញានៃជីវិតទេ។យើងត្រូវបានជូនដំណឹងថា ជនជាតិអាម៉េរិកបួននាក់នៅក្នុងឧទ្ធម្ភាគចក្រដែលធ្លាក់»។
កងម៉ារីនអាម៉េរិកបានបញ្ជាក់អះអាង ឧបទ្ទវហេតុនេះនិងថាវាកំពុងស្ថិតក្រោមការស៊ើបអង្កេត។
ពួកមន្ត្រីអង្គការណាតូក្នុងពេលជាមួយគ្នាបាននិយាយថា «វាទំនងជាមិនជាប់ពាក់ព័ន្ធនឹងការឈ្លានពានរបស់រុស្ស៊ីនៅអ៊ុយក្រែនទេ…»។
ដោយភាពតានតឹងរវាងអង្គការណាតូនិងរុស្ស៊ីកំពុងកើនឡើងខ្លាំងក្រោយរុស្ស៊ីចូលឈ្លានពានអ៊ុយក្រែន អង្គការណាតូបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា សមយុទ្ធនេះមិនពាក់ព័ន្ធនឹងព្រឹត្តិការណ៍នៅអ៊ុយក្រែន ហើយវាត្រូវបានគ្រោងទុកអស់ប្រាំបីខែមកហើយ។
ទាហានម៉ារីនអាម៉េរិកប្រមាណ៣.០០០នាក់នៅន័រវេស កំពុងចូលរួមសមយុទ្ធ Cold Response 22 NATO ដែលត្រូវបានរៀបចំធ្វើពីរឆ្នាំម្តងដើម្បីជួយបង្វឹកកងកម្លាំងណាតូអោយធ្វើប្រតិបត្តិការនៅតំបន់ទឹកកកអាកទិក៕
ឧទ្ធម្ភាគចក្រMV-22B Ospreyរបស់កងម៉ារីនអាម៉េរិក ធ្លាក់នៅន័រវេសកាលពីថ្ងៃសុក្រ ក្នុងពេលធ្វើដំណើរទៅកាន់មូលដ្ឋាន