ដោយៈប.ខុន/ ភ្នំពេញៈ ក្រសួងធនធានទឹកនិងឧតុនិយមមិនធ្វើសន្និបាត ប្រចាំឆ្នាំដូចជាក្រសួងដទៃទេ ប៉ុន្តែបានធ្វើរបាយការណ៍លម្អិតអំពីលទ្ធផល ដែលក្រសួងសម្រេចបាននិងបានលើកទិសដៅការងារសម្រាប់ធ្វើបន្តយ៉ាងទៀងទាត់ បន្ទាប់ពីបានធ្វើការប្រជុំពិនិត្យផ្ទៀងផ្ទាត់ផ្ទៃក្នុងជាមួយនឹងអង្គភាព ពាក់ព័ន្ធរួចនៅរៀងរាល់ពេលដំណាច់ឆ្នាំ។
លោក ជា សុខនី នាយករងខុទ្ទកាល័យក្រសួងធនធានទឹកនិងឧតុនិយម បានប្រាប់ឱ្យរស្មីកម្ពុជាដឹងនៅថ្ងៃទី១៨ខែមីនាឆ្នាំ២០២២ថា ក្រសួងធនធានទឹក និងឧតុនិយមតាំងពីដើមមកមិនដែលមានទម្លាប់ធ្វើសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំនិងលើកទិសដៅសម្រាប់អនុវត្តបន្តដូចជាក្រសួងស្ថាប័នផ្សេងៗនោះទេ តែក្រសួងបានធ្វើរបាយការណ៍ស្តីពីលទ្ធផលដែលក្រសួង សម្រេចបាននិងលើកផែនការសម្រាប់អនុវត្តបន្តនៅពេលដមណាច់ឆ្នាំ បន្ទាប់ពីបានធ្វើការប្រជុំពិនិត្យផ្ទៀងផ្ទាត់របាយការណ៍ផ្ទៃក្នុងរួចហើយបានផ្ញើជូនប្រមុខរាជ រដ្ឋាភិបាលនិងស្ថាប័នពាក់ព័ន្ធដើម្បីជ្រាបអំពីលទ្ធផល ដែលក្រសួង អនុវត្តបាននិងផែនការអនុវត្តបន្ត។
នៅក្នុងសេចក្តីសន្និដ្ឋាននៃរបាយការណ៍ដែលចុះហត្ថលេខាដោយ លោក លឹម គានហោ រដ្ឋមន្ត្រីក្រសសួងធនធានទឹកនិងឧតុនិយម ស្តីពីសកម្មភាពនិង លទ្ធផលការងារលើវិស័យធនធានទឹកនិងឧតុនិយមប្រចាំឆ្នាំ២០២១បានបង្ហាញឱ្យឃើញនូវគោលបំណងក្នុងការបង្កើនលទ្ធភាពស្រោចស្រពដោយប្រព័ន្ធធារសាស្ត្រឱ្យបាន៣០.០០០ហិកតាក្នុងមួយឆ្នាំ បន្ថែមលើលទ្ធភាពដែលមាន កន្លងមក ដោយធ្វើការប្រមូលទឹកទុកនារដូវវស្សាឱ្យបានច្រើន ដើម្បីឈានទៅ ធ្វើស្រែពីរដងក្នុងមួយឆ្នាំ សម្រាប់បង្កើនចំណូលប្រជាកសិករនៅតាមជនបទ ជាក់ស្តែងនៅក្នុងឆ្នាំ២០២១កន្លងទៅនេះក្រសួងសមេចបាន បង្កើនលទ្ធភាព ស្រោចស្រពដមណាំស្រូវសរុបបានចំនួន២២.៥៨៨ហិកតា ក្នុងនោះ (ស្រូវវស្សា ចំនួន ១៥.៦០១ហិកតា និងស្រូវប្រាំងចំនួន៦.៩៨៧ហិកតា) ស្រោចស្រព ដំណាំរួមផ្សំបានចំនួន១.២៦១ហិកតា។ ក្រៅពីបង្កើនលទ្ធភាពស្រោចស្រព ខាងលើ ក៏បានរក្សានិរន្តរភាពនៃការស្រោចស្រពដំណាំស្រូវសរុបបានចំនួន ៦៩១.២២១ហិកតា ក្នុងនោះ(ស្រូវវស្សាចំនួន៥៧៥.៧៦៥ហិកតានិងស្រូវប្រាំង ចំនួន១១៥.៤៥៦ហិកតា) ស្រោចស្រពដំណាំ រួម ផ្សំបានចំនួន៣.៦៤៦ហិកតា តាមរយៈការជួសជុលថែទាំប្រព័ន្ធធារាសាស្ត្រជាប្រចាំនិងខួប។
នៅក្នុងសេចក្តីសន្និដ្ឋាននិងវាយតម្លៃបានសរសេរទៀតថា ពង្រឹងច្រាំងទន្លេ កុំឱ្យបាក់នៅខេត្តកណ្តាល កំពង់ចាម និងខេត្តត្បូងឃ្មុំ បានប្រវែង៥.៨៤៥ម៉ែត្រ ព្រមទាំងរក្សានិរន្តរភាពការពារបាន៣.៨០១ហិកតា ។ បង្កើន លទ្ធភាពការងារ ទឹកប្រៃបានចំនួន១.០៩០ហិកតានិងរកសានិរន្តរភាពការពារទឹកប្រៃបានចំនួន១៣.៧៦៣ហិកតាតាម រយៈការជួសជុលនិងថែទាំទំនប់ជាប្រចាំ។ បានធ្វើការ ព្យាករជាប្រចាំនិងជូនដំណឹងពីស្ថានភាពឧតុនិយមនិងជលសាស្ត្រ។
ក្នុងរបាយការណ៍បង្ហាញទៀតថាលទ្ធផលខាងលើបានបញ្ជាក់ឱ្យឃើញថាការបង្កើនលទ្ធភាពស្រោចស្រពដោយប្រព័ន្ធធារាសាស្ត្រ គឺមានការយកចិត្តទុក ដាក់និងកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹក នាំនិងមន្ត្រីរាជការនៃក្រសួង ធនធានទឹកនិងឧតុនិយម ក្រោមការដឹកនាំដ៏ត្រឹមត្រូវរបស់សម្តេចអគ្គមហា សេនាបតី តេជោហ៊ុន សែន នាយករដ្ឋ មន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងមានការចូលរួមពីដៃគូអភិវឌ្ឍន៍ ព្រមទាំងក្រសួងពាក់ព័ន្ធនានា ជាពិសេសក្រសួងសេដ្ឋកិច្ចនិងហិរញ្ញាវត្ថុ។
ក្រសួងធនធានទឹកនិងឧតុនិយមមានទិសដៅការងារបន្តដូចជាជួសជុលស្តារឡើងវិញនិងកសាងប្រព័ន្ធធារាសាស្ត្រនិងកិច្ចដំណើរជួសជុល ថែទាំប្រព័ន្ធធារា សាស្ត្រជាប្រចាំនិងខួបនៅតាមបណ្តារាជធានី ខេត្ត ដើម្បីបង្កើនលទ្ធភាព ស្រោចស្រពដល់ដំណាំស្រូវ ទប់ស្កាត់ទឹកជំនន់និងទឹកប្រៃព្រមទាំងរក្សា និរន្តរភាពនៃលទ្ធភាពស្រោចស្រពផងដែរក្នុងឆ្នាំ២០២២។
បន្តពង្រឹងនិងបង្កើនបន្ថែមនូវសហគមន៍កសិករប្រើប្រាស់ទឹក ដើម្បីចូលរួម ក្នុងការគ្រប់គ្រងប្រព័ន្ធធារាសាស្ត្រ គ្រប់គ្រងទឹក បែងចែកទឹក និង ថែរក្សា ប្រព័ន្ធធារាសាស្ត្រប្រកបដោយប្រសិទ្ធភាពខ្ពស់និងរក្សាបាននូវនិរន្តរភាព។ចុះអន្តរាគមន៍បូមទឹកសង្គ្រោះស្រូវប្រាំងឆ្នាំ២០២១-២០២២និងស្រូវវស្សាឆ្នាំ២០២២ ពេលដែលជួបការខ្វះខាតទឹកនិងការរាំងស្ងួត ដើម្បីរក្សាបរិមាណនិងទិន្នផល ស្រូវជូនប្រជាកសិករ។
សិក្សាស្រាវជ្រាវការងារអភិវឌ្ឍន៍និងគ្រប់គ្រងទឹក្នុងក្របខណ្ឌ អាងទន្លេស្ទឹង ស្វាយចេក ស្ទឹងមង្គលបូរីយ ស្ទឹងដូនទ្រី ស្ទឹងបរិបូរណ៍ ជាពិសេសលើគម្រោង អាទិភាព និងគម្រោងពហុបំណងវារីអគ្គិសនី(អគ្គិសនីនិងការស្រោចស្រព)។ បន្តតាមដាន អង្កេតនិងព្យាករន៍អាកាសធាតុនៅក្នុងព្រះរាជាណាចក្រកម្ពុជា។ រៀបចំបញ្ជីសារពើភ័ណ្ឌធនធានទឹកទូទាំងប្រទេសកម្ពុជា។ បន្តសិក្សាស្រាវ ជ្រាវលើការងារជលសាស្ត្រ ឧតុនិយម ព្រមទាំងផ្តល់ព័ត៍មានអំពីស្ថានភាព ទឹកនិងធាតុអាកាស។
ក្រសួងធនធានទឹកបានលើកសំណូមពរដល់រាជរដ្ឋាភិបាល ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និងស្ថាប័នផ្តល់ជំនួយអន្តរជាតិជួយផ្តល់ថវិកា លើគម្រោង ដែលបាន ស្នើសុំក្នុងប្រភេទអាទិភាព ចម្បង ដើម្បីបន្តឱ្យការងារអភិវឌ្ឍន៍ ធនធានទឹក និងឧតុនិយម បានរីកចម្រើនសម្រាប់ចូលរួមក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ៕/PC