ដោយ៖ សុវណ្ណកុម្ភៈ / ភ្នំពេញ៖ នាយបេសកកម្ម សម្រាប់ការប្រកួតកីឡាស៊ីហ្គេម លើកទី៣១ របស់កម្ពុជា លោក វ៉ាត់ ចំរើន បានថ្លែងប្រាប់ពីទីក្រុងហាណូយ មកថា កិច្ចប្រជុំ របស់នាយបេសកកម្ម នៃបណ្ដាប្រទេសអាស៊ាន ដែលកំពុងតែធ្វើនៅទីក្រុងហាណូយ គឺជជែកគ្នាដោយសង្កត់ធ្ងន់ ទៅលើការប្រកួតកីឡាស៊ីហ្គេម លើកទី៣១ ពីថ្ងៃទី១២ ដល់ ២៣ ឧសភា ។
កិច្ចប្រជុំដែលធ្វើឡើង ក្រោមការចូលរួមពីសំណាក់ លោក Nguyen Van Hung ដែលជារដ្ឋមន្ត្រីក្រសួងវប្បធម៌ ទេសចរណ៍កីឡាវៀតណាម និងជាប្រធានគណៈកម្មាធិការ ជាតិអូឡាំពិកវៀតណាម បានបើកកិច្ចប្រជុំដោយផ្ទាល់ និងតាមអនឡាញ ជាមួយបណ្ដា នាយបេសកកម្មដែលជាសមាជិកអាស៊ាន ។
ក្នុងកិច្ចប្រជុំនេះ បានធ្វើបទបង្ហាញ អំពីការស្នាក់នៅ ហូបចុក ការដឹកជញ្ជូន ការទទួលបដិសណ្ឋារកិច្ច រួមជាមួយវិធានការ ទប់ស្កាត់ជំងឺកូវីដ ១៩ ព្រមទាំងបង្ហាញ អំពីទីលានសម្រាប់ដំណើរការប្រកួតទៀតផង ។
លោក វ៉ាត់ ចំរើន បានចាត់ទុកថាៈ ការប្រជុំនាយបេសកកម្មនេះ សំខាន់ខ្លាំងណាស់ ដើម្បីឲ្យថ្នាក់ដឹកនាំ នៃគណៈកម្មកាជំនាញ របស់គណៈកម្មាធិការជាតិ រៀបចំស៊ីហ្គេម ឆ្នាំ២០២៣ (CAMSOC) បានសិក្សាស្វែងយល់ ពីវិធាននៃការរៀបចំស៊ីហ្គេម បន្តវេន លើកទី៣២ ឆ្នាំ២០២៣ នៅកម្ពុជា ។ ពត៌មានទាំងអស់ ដែលពាក់ព័ន្ធនឹងការគ្រប់គ្រង ដំណើរការអនុវត្តន៍ រៀបចំស៊ីហ្គេមការផ្លាស់ប្ដូរយោបល់គ្នា ពិសេសការថែរក្សាកីឡាករ កីឡាការិនី ក្នុងពេលប្រកួត។ ក្នុងករណីមានកីឡាករ ឬ កីឡាការិនី កើតជំងឺកូវីដ ១៩ ក្នុងអំឡុងពេលប្រកួត ត្រូវព្យាបាលយ៉ាងម៉េច ហើយត្រូវហាមឃាត់ របៀបណាខ្លះ? នេះជាបញ្ហាសំខាន់ៗ ត្រៀមយកមកអនុវត្តន៍ ក្នុងស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជា ធ្វើជាម្ចាស់ផ្ទះនោះ។
លោកនាយបេសកកម្មរបស់កម្ពុជា បានអះអាងថាៈ ភាគីវៀតណាម បានស្វាគមន៍ប្រតិភូទាំងអស់ យ៉ាងយកចិត្តទុកដាក់ ។ កិច្ចប្រជុំថ្ងៃដំបូង បានទទួលលទ្ធផលល្អ ម្ចាស់ផ្ទះវៀតណាម បានលើកទឹកចិត្ត ដល់បណ្ដាប្រទេស ក្នុងតំបន់អាស៊ីអាគ្នេយ៍ទាំងអស់ ចុះឈ្មោះឲ្យបានរួសរាន់ ព្រោះការចុះឈ្មោះ ត្រូវបានពន្យារ រហូតដល់ថ្ងៃទី៣១ មីនា ទើបបិទបញ្ជី ។ ម្ចាស់ផ្ទះ ក៏បានស្នើដល់បណ្ដាប្រទេសទាំងអស់ ជួយជំរុញឲ្យស៊ីហ្គេម លើកទី៣១ បានទទួលលទ្ធផលល្អ ។
សូមបញ្ជាក់ថា កាលពីរសៀល ថ្ងៃទី១៨ មីនា ក៏មានកិច្ចពិភាក្សាគ្នា លក្ខណៈជំនាញ បច្ចេកទេស រវាងគណៈកម្មាធិការរៀបចំ ការប្រកួតស៊ីហ្គេមវៀតណាម និងក្រុមប្រតិភូ គណៈកម្មាធិការជាតិ រៀបចំស៊ីហ្គេមកម្ពុជា ( CAMSOC) ។
លោក វ៉ាត់ ចំរើន បានវាយតម្លៃខ្ពស់ ចំពោះការខិតខំរបស់ ក្រុមប្រតិភូកម្ពុជា និងសង្ឃឹមថា ការចូលរួមរបស់កម្ពុជា ក្នុងបេសកកម្ម ជាប្រវត្តិសាស្ត្រនេះ ដើម្បីយកទៅអនុវត្តស៊ីហ្គេម បន្តវេន ឆ្នាំ២០២៣ ឲ្យទទួលបានជោគជ័យ។ អ្វីដែលពិសេស លោកនាយបេសកកម្ម ក៏សម្តែងការដឹងគុណ ដ៏ជ្រាលជ្រៅបំផុត ជូនចំពោះ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយកដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងការពារជាតិ និងជាប្រធានគណៈកម្មាធិការជាតិ CAMSOC និង លោកបណ្ឌិត ថោង ខុន ប្រធានគណៈកម្មាធិការជាតិអូឡាំពិកម្ពុជា និងជាអនុប្រធានអចិន្ត្រៃយ៍ CAMSOC ដែលបានចង្អុលបង្ហាញ ដល់ក្រុមប្រតិភូ កីឡាកម្ពុជា នៅក្នុងបេសកកម្ម ដ៏មានសារៈសំខាន់ រយៈពេល ៣ ថ្ងៃនេះ៕/V