ប្រែសម្រួល : កញ្ញាដាលីស (ស្ត្រេតថែមស៍) ៖ អ្នកនាំពាក្យការិយាល័យរបស់នាយករដ្ឋមន្ត្រីម៉ារីអូ ដ្រាហ្គី (Mario Draghi) បាននិយាយកាលពីថ្ងៃសុក្រទី១៨មីនាថាអ៊ីតាលីបានរឹបអូសអគារមួយនៅលើកោះសាឌីនីញ៉ា (Sardinia) នៅតំបន់សមុទ្រមេឌីទែរ៉ាណេ ដែលមានតម្លៃប្រហែល ១០៥ លានអឺរ៉ូ (ជាង១១៦លានដុល្លារ) ដែលជាកម្មសិទ្ធិរបស់អ្នកជំនួញរុស្ស៊ីលោក អាឡិចស៊ី ម៉ូដាសូវ (Alexei Mordashov)។
ប្រតិបត្តិការនេះគឺជាផ្នែកមួយនៃការជំរុញយ៉ាងទូលំទូលាយរបស់លោកខាងលិចដើម្បីដាក់ទណ្ឌកម្មមហាសេដ្ឋីរុស្សីដែលមានទំនាក់ទំនងជាមួយប្រធានាធិបតី វ្ល៉ាឌីមៀរ ពូទីនបន្ទាប់ពីការលុកលុយអ៊ុយក្រែនកាលពីថ្ងៃទី ២៤ ខែកុម្ភៈ។
វាជាលើកទីពីរក្នុងខែនេះ ដែលទ្រព្យសម្បត្តិរបស់លោកម៉ូដាសូវ ត្រូវបានរឹបអូសនៅក្នុងប្រទេសអ៊ីតាលី។ កាលពីថ្ងៃទី ៤ ខែមីនាប៉ូលិសបានឃាត់នាវាកម្សាន្តប្រវែង ៦៥ ម៉ែត្ររបស់គាត់ ឈ្មោះ “Lady M” ដែលមានតម្លៃ ៦៥ លានអឺរ៉ូ។
លោកម៉ូដាសូវអាយុ ៥៦ ឆ្នាំគឺជាកូនប្រុសរបស់កម្មកររោងម៉ាស៊ីនកិនស្រូវមួយ ដែលបានក្លាយជាមហាសេដ្ឋីដែកថែបមានទ្រព្យសម្បត្តិប៉ាន់ស្មានចំនួន ២៩,១ ពាន់លានដុល្លារអាម៉េរិក។
ក្នុងរយៈពេលពីរសប្តាហ៍ចុងក្រោយនេះ ប៉ូលិសអ៊ីតាលីបានរឹបអូសផ្ទះវីឡានិងនាវាកម្សាន្ត ដែលមានតម្លៃជាង ៧៨០ លានអឺរ៉ូពីអ្នកមានស្តុកស្តម្ភរុស្ស៊ីចំនួន ៧ នាក់ ដែលត្រូវបានដាក់ក្នុងបញ្ជីទណ្ឌកម្មរបស់សហភាពអឺរ៉ុបបន្ទាប់ពីការវាយលុកលើអ៊ុយក្រែន។
ទ្រព្យសម្បត្តិថ្លៃបំផុតដែលរឹបអូសបានរហូតមកទល់ពេលនេះ គឺ នាវាទំនើបរបស់មហាសេដ្ឋី អង់ដ្រេ អ៊ីហ្គោរីវិច មែលនីឆេនកូ (Andrey Igorevich Melnichenko) ដែលមានតម្លៃប្រហែល ៥៣០ លានអឺរ៉ូ ហើយត្រូវបានឃាត់ទុកនៅទីក្រុងកំពង់ផែ ទ្រីអេស្តេ (Trieste) ភាគខាងជើងប្រទេសកាលពីថ្ងៃសៅរ៍សប្តាហ៍មុន៕
អ្នកជំនួញរុស្ស៊ីលោក អាឡិចសី ម៉ូដាសូវ