ប្រែសម្រួល : កញ្ញាដាលីស (ដេល្លីម៉េល) ៖ អវកាសយានិករុស្ស៊ីបីនាក់បានមកដល់ស្ថានីយអវកាសអន្តរជាតិកាលពីថ្ងៃសុក្រទី១៨មីនា ដោយស្លៀកពាក់ឈុតហោះហើរពណ៌លឿងលាយខៀវដែលមើលទៅត្រូវនឹងទង់ជាតិអ៊ុយក្រែន។ បុរសទាំងបីគឺជាអ្នកមកដល់ថ្មីដំបូងគេនៅលើស្ថានីយអវកាសចាប់តាំងពីការចាប់ផ្តើមនៃសង្គ្រាមរុស្ស៊ីនៅអ៊ុយក្រែនកាលពីខែមុន។
អវកាសយានិករបស់សាជីវកម្មអវកាសរុស្ស៊ី Roscosmos លោក អូឡេក អាតឹមយ៉េវ (Oleg Artemyev) លោក ដេនីស ម៉ាត់វេយ៉េវ (Denis Matveyev) និងលោក សឺហ្គេ កូសាកូវ (Sergey Korsakov) បានចេញដំណើរដោយជោគជ័យពីកន្លែងបាញ់បង្ហោះយានអវកាស បៃកូនួ (Baikonur) ដែលជួលដោយរុស្ស៊ីនៅប្រទេសកាហ្សាក់ស្ថាននៅក្នុងយានអវកាស Soyuz MS-21 របស់ពួកគេនៅម៉ោង ៨:៥៥ យប់ថ្ងៃសុក្រ។ ពួកគេបានចូលចតយ៉ាងរលូននៅស្ថានីយនៅបីម៉ោងក្រោយមក ដោយចូលរួមជាមួយជនជាតិរុស្ស៊ីពីរនាក់ ជនជាតិអាម៉េរិកបួននាក់ និងជនជាតិអាល្លឺម៉ង់ម្នាក់នៅលើស្ថានីយអវកាសអន្តរជាតិ។
វីដេអូលោកអាតឹមយ៉េវដែលថតពេលយានអវកាសត្រៀមចូលចតជាមួយស្ថានីយអវកាស បានបង្ហាញគាត់ស្លៀកពា់ឈុតហោះហើរពណ៌ខៀវ។ គេមិនច្បាស់ទេថាតើមានអ្វីជាសារចង់ផ្ញើចំពោះឯកសណ្ឋានពណ៌លឿង ដែលពួកគេបានប្តូរ។
នៅពេលអវកាសយានិកអាចនិយាយជាមួយក្រុមគ្រួសារនៅលើផែនដី លោកអាតឹមយ៉េវត្រូវបានសួរនាំអំពីឈុតលឿងនេះ។ គាត់បាននិយាយថា អវកាសយានិកទាំងអស់មានសិទ្ធិជ្រើសរើសឈុតផ្ទាល់ខ្លួនរបស់ពួកគេ។
លោកបាននិយាយថា “វាដល់វេនពួកយើងជ្រើសរើសពណ៌។ ប៉ុន្តែតាមពិត យើងមានឈុតពណ៌លឿងនៅសល់ច្រើនណាស់ ដូច្នេះយើងត្រូវតែប្រើវា។ ដូច្នេះហើយបានជាយើងត្រូវស្លៀកពាក់ឈុតពណ៌លឿង”។
ចាប់តាំងពីសង្គ្រាមបានចាប់ផ្តើម មនុស្សជាច្រើនបានប្រើប្រាស់ទង់ជាតិអ៊ុយក្រែននិងពណ៌ទង់ជាតិ ដើម្បីបង្ហាញពីសាមគ្គីភាពជាមួយប្រទេសនេះ៕
អវកាសយានិកទាំងបីរបស់រុស្ស៊ីស្លៀកពាក់ឈុតលឿងនៅស្ថានីយអវកាសអន្តរជាតិ