ដោយ៖តារារិទ្ធ/ភ្នំពេញ៖ប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានលើកទឹកចិត្តឲ្យកងទ័ពនៃប្រទេសទាំងពីកម្ពុជា វៀតណាមបន្តកិច្ចសហប្រតិបត្តិ ការដែលមានស្រាប់និងស្វែងរកកិច្ចសហប្រតិបត្តិការថ្មីបន្ថែមទៀត ធ្វើយ៉ាងណារក្សាសុខសុវត្ថិភាពនិងសន្តិសុខ ជូនដល់ប្រជាពលរដ្ឋរស់នៅតាមព្រំដែន,ធានាឲ្យប្រជាពលរដ្ឋអាចប្រកបអាជីវកម្មដោយគ្មានការភ័យខ្លាចនិងប្រែក្លាយតំបន់ព្រំដែនដែលជាទីតាំងសមរ ភូមិ ឲ្យទៅជាតំបន់គ្របដណ្ដប់ដោយការអភិវឌ្ឍ សន្តិភាព និង មិត្តភាព ។

សម្តេចតេជោ ហ៊ុន សែន បានលើកទឹកចិត្តបែបនេះនៅក្នុងឱកាសអនុញ្ញាតឲ្យលោកឧត្តមសេនីយ៍ឯកបម្រុង​ ង្វៀន តឹនគឿង (NGUYEN TAN CUONG)ប្រធានអគ្គសេនាធិការ កងទ័ពប្រជាជនវៀតណាម និងជាអនុរដ្ឋមន្រ្តីក្រសួងការពារជាតិចូលជួបសម្តែងការគួរសមនិងពិភាក្សាការងារនៅវិមានសន្តិភាពរាជធានីភ្នំពេញ​នាព្រឹកថ្ងៃទី១៩ខែមីនា ២០២២ ។

លោក អ៊ាង​ សុផល្លែត ជំនួយការផ្ទាល់សម្តេចតេជោហ៊ុនសែនបានថ្លែងឲ្យដឹងបន្ទាប់ពីបញ្ចប់ជំនួបនោះថា៖លោក ង្វៀន តឹនគឿង បានសម្ដែងការអបអរចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបានប្រយុទ្ធប្រឆាំងកូវីដ១៩ បានដោយជោគជ័យដោយបានចាក់ស្រោចវ៉ាក់សាំងជូនដល់ប្រជាពលរដ្ឋបានជាង ៩០ ភាគរយដែលជាចំនួនដ៏ច្រើនបំផុតនៅក្នុងពិភពលោកនិង នៅក្នុងតំបន់។

លោក ង្វៀន​ តឹនគឿង ក៏សូមសម្ដែងនូវការអបអរសាទរផងដែរចំពោះកម្ពុជាក្នុងនាមជាប្រធានអាស៊ាន ជាពិសេសទទួលបានជោគជ័យក្នុងការរៀប ចំប្រជុំអគ្គមេបញ្ជាការកងទ័ព អាស៊ាន ដោយរៀបចំផ្ទាល់នៅក្នុងប្រទេសបន្ទាប់ពីការអាក់ខានការប្រជុំដោយផ្ទាល់ពីឆ្នាំកន្លង​មកហើយ។​

លោកឧត្តមសេនីយ៍បានគោរពរាយការណ៍ជូនសម្ដេចតេជោថាកងទ័ពទាំងពីរនឹងរៀបចំឲ្យមានកិច្ចប្រជុំនៅតាមព្រំដែន,ដើម្បីពង្រឹងមិត្តភាព,ពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិនិងការ​បារបង្កើតឲ្យមាន Hotline រួមគ្នាដើម្បីដោះស្រាយបញ្ហាដែលកើតមានឡើងឲ្យបានទាន់ពេលវេលា , ហ្វឹកហាត់ស្រាវជ្រាវនិងសង្គ្រោះបន្ទាន់ព្រមទាំងចែករំលែកព័ត៌មាន ឲ្យគ្នាទៅវិញទៅមកនិងរក្សាសន្តិសុខនិងសុវត្ថិភាព​នៅព្រំដែន ។

ជាការឆ្លើយតបសម្ដេចតេជោនាយករដ្ឋមន្រ្តីបានស្វាគមន៍ចំពោះរបាយការណ៍របស់លោក ង្វៀន តឹនគឿង ។ សម្តេចតេជោលើកទឹកចិត្តឲ្យកងទ័ពទាំងពីរបន្តកិច្ចសហប្រតិបត្តិកាត ខាងលើនឹងស្វែងរកកិច្ចសហប្រតិបត្តិការថ្មីទៀតដែលអាចធ្វើបានដើម្បីធ្វើយ៉ាងណារក្សាសុវត្ថិភាពនិងសន្តិសុខ ជូនដល់ប្រជាពលរដ្ឋរស់នៅតាមព្រំដែន,ដើម្បីឲ្យពួកគាត់ប្រកបអាជីវកម្មដោយគ្មានការភ័យខ្លាច,ប្រែក្លាយព្រំដែនដែលជាទីតាំងសមរភូមិឲ្យទៅជាតំបន់គ្របដណ្ដប់ដោយការអភិវឌ្ឍសន្តិភាពនិងមិត្តភាព ។

ក្នុងឱកាសនោះដែរសម្តេចតេជោនាយករដ្ឋមន្ត្រីក៏បានជម្រាបជូនលោក ង្វៀន តឹនគឿង អំពីយុទ្ធសាស្ត្រចាក់ស្រោចវ៉ាក់សាំងនៅកម្ពុជាដែលនាំដល់ការទទួលបានជោគជ័យនិងបើក ប្រទេសឡើងវិញតាមរយៈទី១ អ្នកដំណើរមកកម្ពុជាពុំចាំបាច់មានវិញ្ញាបនបត្របញ្ជាក់ការធ្វើតេស្ត PCR ៧២ ម៉ោងមុនធ្វើដំណើរមកកម្ពុជាទេ, ទី២ មិនតម្រូវឲ្យធ្វើតេស្តរហ័សនៅ ពេលមកដល់កម្ពុជាទេនិងទី៣ អនុញ្ញាតផ្តល់ទិដ្ឋាការនៅពេលមកដល់កម្ពុជា ។ ជាមួយគ្នានោះដែរសម្តេចតេជោក៏បានកោតសរសើរដល់ការចូលរួមចំណែករបស់កងទ័ពទាំង២ក្នុង ការកសាងការពារ ចំណងមិត្តភាព កិច្ចសហប្រតិបត្តិការ រវាងកម្ពុជា និង វៀតណាម៕