ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ ឆ្កែតឿ​ពូជ​របស់​បារាំង​ចំនួន ២០ ក្បាល​ត្រូវបាន​ថត​ជាប់​ស្ថិត​ក្នុង​រថយន្ត​មួយ​គ្រឿង​ខណៈ​ដែល​ម្ចាស់​ជនជាតិ​អ៊ុយ​ក្រែន​របស់​ពួក​វា​រត់គេច​ពី​គ្រាប់ផ្លោង​​របស់​រុស្ស៊ី​នៅផ្ទះ​របស់​គាត់​នៅ​ជាយក្រុង​គៀវ ហើយ​ថែមទាំង​បាន​ត្រឡប់​ទៅ​តំបន់​សង្គ្រាម​វិញ​ដើម្បី​ជួយសង្គ្រោះ​ឆ្កែ​គ្មាន​ទីជម្រក​ចំនួន ៣០ ក្បាល​ទៀត​ផង​ដែរ​។​

​លោកស្រី អូ​ឡេ​ណា លូ​កាស (Olena Lukash)​អាយុ ៥៣ ឆ្នាំ​មក​ពី​ទីក្រុង​គៀវ បាន​និយាយថា លោកស្រី “​មិន​ដែល​ជឿ​ថា​សង្គ្រាម​អាច​ចាប់ផ្តើម​”​នៅក្នុង​ប្រទេស​កំណើតរ​បស់​លោកស្រី​ទេ​​រហូត​ដល់​ការបាញ់​ផ្លោង​របស់​រុស្ស៊ី​បាន​ចាប់ផ្តើម​នៅ​ជិត​ផ្ទះ​របស់​លោកស្រី ចាប់តាំងពី​ការឈ្លានពាន​លើ​អ៊ុយ​ក្រែន​បាន​ចាប់ផ្តើម​នៅ​ថ្ងៃទី ២៤ ខែ​កុម្ភៈ​។​

​ទោះយ៉ាងណា ស្ត្រី​វ័យ ៥៣ ឆ្នាំ​រូប​នេះ​ភ្លាមៗ​បាន​ដឹងខ្លួន​ថា លោកស្រី​នឹងត្រូវ​ជួយសង្គ្រោះ “​កូនៗ​ជើង​បួន​” របស់​លោកស្រី​ពី​ការគំរាមកំហែង​ដ៏​គួរ​ឱ្យ​ភ័យខ្លាច​នៅពេល​ដែល​លោកស្រី​សម្រេចចិត្ត​ភៀស​​ខ្លួន​ចេញពី​ផ្ទះ​ឆ្ពោះ​ទៅកាន់​ប្រទេស​ប៉ូឡូញ​។​

​រូបថត​បាន​បង្ហាញ​ឆ្កែ​ចំនួន ២០ ក្បាល​ចូលទៅ​ក្នុង​រថយន្ត Hyundai Tucson របស់​ម្ចាស់​វា​សម្រាប់​ការបើកបរ​រយៈពេល​បួន​ថ្ងៃ​ដោយ​សុនខ​ទាំងនោះ​មិន​បានដឹងខ្លួន​ទេ​ថា​ពួក​វា​កំពុង​រត់​គេច​​ពី​ភាពភ័យខ្លាច​។​

​អ្វី​ដែល​គួរ​កត់សម្គាល់​គឺ បន្ទាប់​ពី​លោកស្រី​អូ​ឡេ​ណា​និង​ប្តី​ឈ្មោះអា​ឡិច​សាន់ឌ័​រទុក​ឆ្កែទាំង​នោះ​នៅ​ប្រទេស​ប៉ូឡូញ​ពួកគេ​បាន​ត្រឡប់​ទៅ​ទីក្រុង​ដែល​ហ៊ុមព័ទ្ធ​ដោយ​ទាហាន​រុស្ស៊ី​របស់​ពួកគេ​វិញ​ដើម្បី​ជួយ​​សង្គ្រោះ​ឆ្កែ​៣០​ក្បាល​ទៀត ហើយ​បន្ទាប់មក​បាន​ភៀសខ្លួន​ទៅ​ទីក្រុង​វីន​នី​ត​សា (Vinnitsa) ស្ថិតនៅ​ចម្ងាយ ២៧៨ គីឡូម៉ែត្រ​ពី​ទីក្រុង​គៀវ​។​

​សប្តាហ៍​ក្រោយ អ្នក​ចិញ្ចឹម​សុនខ​មកពី​ទីក្រុង​គៀវ​រូបនេះ​និយាយថា​គាត់​ត្រូវ​ប្រឈម​ការបើកបរ​ដ៏​គ្រោះថ្នាក់​ដដែល​ដើម្បី​ត្រឡប់​ទៅ​ប៉ូឡូញ​វិញ​ប៉ុន្តែ​លោកស្រី​អូ​ឡេ​ណា​សារភាព​ថា​លោកស្រី​កំពុង​ជិត​អស់​​លុយ​ពី​ហោប៉ៅ​ដោយសារតែ​ត្រូវ​ចំណាយ​៥០០​ដុល្លារ​ក្នុង​មួយ​សប្តាហ៍​ដើម្បី​ចិញ្ចឹម​ឆ្កែ​ទាំងនេះ​៕

លោកស្រី អូ​ឡេ​ណា លូ​កាស​សង្គ្រោះ​ឆ្កែ​តឿ​៥០​ក្បាល​ពី​តំបន់​សង្គ្រាម​នៅ​អ៊ុ​យក្រែន​