​ប្រែ​សម្រួលៈ​បំណង​(​ដេល្លី​ម៉េល​)៖ មេដឹកនាំ​អ៊ុយ​ក្រែនលោក វ៉ូ​ឡូ​ឌី​មៀ ហ្សេ​លេន​ស្គី កាលពី​ថ្ងៃ​សៅរ៍​បាន​ធ្វើ​ការអំពាវនាវ​ជា​ថ្មី​សំរាប់​កិច្ចពិភាក្សា​ជាមួយ​រដ្ឋាភិបាល​ទីក្រុង​មូ​ស្គូ នៅពេល​ទាហាន​រុស្ស៊ី​បាន​ចូល​​ទៅ​កណ្តាល​ទីក្រុង​ម៉ា​រី​វ​ប៉ូល​ដែល​រង​ការឡោមព័ទ្ធ​អស់​ជាច្រើន​ថ្ងៃ​។​

​នៅពេល​ការប្រយុទ្ធ​គ្នា​ស្វិតស្វាញ​រវាង​កងកម្លាំង​មូលដ្ឋាន​និង​ទាហាន​រុស្ស៊ី​កំពុង​កើតមាន​នៅ​ទូទាំង​ប្រទេស​អស់​ពេល​ជា​បី​សប្តាហ៍ ភាគី​ទាំងពីរ​បាន​ធ្វើ​ការពិភាក្សា​ពី​ចម្ងាយ​ដោយ​បង្កើត​បាន​វឌ្ឍនភាព​​តិចតួច ដោយ​ភាគី​ទាំង​ពីរ​បន្ទោស​គ្នា មិនទាន់​សំរេច​បាន​កិច្ចព្រមព្រៀង​ណាមួយ​និង​មិន​ទាន់​មាន​កិច្ចពិភាក្សា​ថ្នាក់​ប្រធានាធិបតី​នៅឡើយ​ទេ​។​

​លោក​ប្រធានាធិបតី ហ្សេ​លេន​ស្គី បាន​និយាយ​បង្ហោះ​ក្នុង​បណ្តាញ​សង្គម​ហ្វេ​សប៊ុក​ថា «​វា​ដល់​ពេល​ជួប​ពិភាក្សា​គ្នា ជា​ពេល​បន្ត​បូរណភាព​ទឹកដី​និង​ភាពត្រឹមត្រូវ​ជាថ្មី​សំរាប់​អ៊ុ​យក្រែន​។​បើ​មិន​ដូច្នេះ​ទេ រុស្ស៊ី​​នឹង​បាត់បង់​ដែល​រាប់​ជំនាន់​ទៀត​នឹង​មិន​អាច​ស្តារឡើងវិញ​បានទេ​»​។​

​ក្នុងពេល​ជាមួយគ្នា មន្ត្រី​អាម៉េរិក​ម្នាក់​បាន​និយាយថា ការវាយប្រហារ​របស់​រុស្ស៊ី​នៅតែ​ជាប់គាំង​ភាគច្រើន ដោយ​ទាហាន​រុស្ស៊ី​នៅ​ប្រមាណ​៣០​គីឡូម៉ែត្រ​ខាងកើត​ទីក្រុង​គៀវ និង​ប្រឈម​ការ​តតាំង​យ៉ាង​​ខ្លាំង​។​កងកម្លាំង​រុស្ស៊ី​មិន​មាន​ការ​រុលទៅមុខ​ទេ​នៅ​ទីក្រុង​ខា​គី​វ​ភាគ​ឦសាន ហើយ​ពួក​អ៊ុយ​ក្រែនក៏​កំពុង​ការពារ​ទីក្រុង​ឆែ​រ​នី​ហ៊ី​វ​ភាគ​ខាងជើង​ផងដែរ​។​

​ចំណែក​ក្រសួង​ការពារជាតិ​អង់គ្លេស​បាន​និយាយថា រុស្ស៊ី​បាននិងកំពុង​ខិតខំ​ផ្តល់​គ្រឿង​ផ្គត់ផ្គង់​ចាំបាច់​ដល់​ទាហាន​ជួរមុខ​របស់​ខ្លួន ដូចជា​ស្បៀង​និង​ប្រេង ដោយសារ​តែ​អ៊ុយ​ក្រែន​វាយប្រហារ​លើ​ក្បួន​​ផ្គត់ផ្គង់​របស់​គេ​។​

​តែ​ក្រសួង​ការពារជាតិ​រុស្ស៊ី​បាន​និយាយ​កាលពី​ថ្ងៃ​សុក្រ​ថា កងទ័ព​និង​សម្ពន្ធមិត្ត​ផ្តាច់​ទឹកដី​របស់​ខ្លួន​បាន​សំរុកចូល​ទីក្រុង​ម៉ា​រី​វ​ប៉ូល ក្រោយ​ពី​ស្ថិតក្រោម​ការបាញ់​ផ្លោង​របស់​រុស្ស៊ី​អស់​ពេល​ជាច្រើន​ថ្ងៃ​។​

​កាលពី​ថ្ងៃ​សុក្រ ពួក​អ្នក​ជួយ​សង្គ្រោះ​នៅ​ស្វែងរក​មនុស្ស​រាប់រយ​នាក់​ដែល​ត្រូវ​គេ​សង្ស័យថា​ជាប់​នៅ​ក្រោម​គំនរ​បាក់បែក​របស់​រោង​មហោស្រព​មួយ​ដែល​រង​ការទម្លាក់​គ្រាប់បែក​។​ចំ​ពេល​រង​ការវាយប្រហារ​​កាលពី​ថ្ងៃ​ពុធ ក្រុមប្រឹក្សា​ក្រុង​បាន​និយាយថា មាន​មនុស្ស​ជាង​១.០០០​នាក់​បាន​កំពុង​សម្ងំ​លាក់ខ្លួន​នៅ​ជាន់​ក្រោម​នៃ​រោង​មហោស្រព​និង​តាំងពី​មុន​មក​មនុស្ស​តែ​ជាង​១៣០​នាក់​ត្រូវបាន​ជួយសង្គ្រោះ​។​

​សារព័ត៌មាន​អ៊ុយ​ក្រែន​ក៏បានរាយការណ៍​ថា កងកម្លាំង​រុស្ស៊ី​បាន​ធ្វើ​ការវាយប្រហារ​តាម​អាកាស​ទ្រង់ទ្រាយ​ធំ​លើ​ទីក្រុង​ម៉ា​យ​កូឡាយ​(Mykolaiv) ដោយ​សម្លាប់​ទាហាន​អ៊ុយ​ក្រែន​យ៉ាងតិច​៤០​នាក់​នៅ​​បញ្ជាការដ្ឋាន​របស់​គេ​។​

​មុននេះ កាំជ្រួច​របស់​រុស្ស៊ី​ក៏​ធ្លាក់​ចំ​កន្លែង​ជួសជុល​យន្តហោះ​មួយ​នៅជាប់​នឹង​អាកាសយានដ្ឋាន​ក្រុង​ល្វីវ​(Lviv)​នៅ​ចុង​ខាងលិច​របស់​អ៊ុ​យក្រែន ។​ក្រសួងការពារជាតិ​រុស្ស៊ី​បាន​អះអាង​ថា ការវាយប្រហារ​​នេះ​ធ្វើឡើង​ដោយ​«​គ្រាប់​បញ្ជា​ចំ​គោលដៅ​ខ្លាំង​»​ទៅលើ​ហេដ្ឋារចនាសម្ពន្ធ​អ៊ុ​យក្រែន​។​

​នៅ​ទីក្រុង​គៀវ អាជ្ញាធរ​បាន​និយាយថា មនុស្ស​ម្នាក់​ត្រូវបាន​សម្លាប់​នៅពេល​គ្រាប់​រ៉ុក្កែត​រុស្ស៊ី​ធ្លាក់ចំ​ប្លុក​អាគារ​មនុស្ស​រស់​នៅ​មួយ​។​

​សូមបញ្ជាក់​ថា មកទល់ពេលនេះ មនុស្ស​ជាង​៣,២៥​លាន​នាក់​ហើយ​បាន​ភៀសខ្លួន​ចេញពី​អ៊ុយ​ក្រែន​ដោយសារ​តែ​ការប្រយុទ្ធ​គ្នា​ក្រោយ​រុស្ស៊ី​បើក​ប្រតិបត្តិការ​យោធា​កាលពី​ថ្ងៃ​២៤​កុម្ភៈ​៕

​លោក​ហ្សេ​លេន​ស្គី ចោទប្រកាន់​កងកម្លាំង​រុស្ស៊ី​ថា រារាំង​ការនាំ​ជំនួយ​នៅ​ជុំវិញ​កន្លែង​ប្រយុទ្ធ​គ្នា​ខ្លាំង