ដោយៈ យោធិន / កំពង់ស្ពឺៈ កម្ពុជា បានត្រៀមលក្ខណៈសម្បត្តិ រួចជាស្រេច ក្នុងការចាត់ បញ្ជូនកងយោធាមួកខៀវ ព្រមទាំងគ្រឿងសម្ភារៈបំពាក់ សម្រាប់បេសកកម្ម ប្តូរវេនតាម អាណត្តិរបស់ អង្គការសហប្រជាជាតិ ដែលតែងធ្វើឡើង ក្នុងរយៈពេលមួយឆ្នាំម្តងនោះ ទៅកាន់តំបន់បេសកកម្មរបស់ អង្គការសហប្រជាជាតិ នៅសាធារណរដ្ឋ អាហ្វ្រិកកណ្តាល ដែលហៅកាត់ថា MINUSCA។

ដើម្បីធានាបាននូវសមត្ថភាព និងប្រសិទ្ធភាព ទាំងកម្លាំងកងយោធាមួកខៀវ ក៏ដូចជា គ្រឿងយុទ្ធោបករណ៍ សម្រាប់បេសកកម្មរបស់ កងកម្ទេចគ្រឿងផ្ទុះថ្មី (EOD) តាមកម្រិតស្តង់ដារកំណត់ ដោយអង្គការសហប្រជាជាតិ ផងនោះ ។ នាព្រឹកថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២២ នាយឧត្តមសេនីយ៍ សែម សុវណ្ណនី អនុប្រធានគណៈកម្មាធិការជាតិ និងជាអគ្គនាយកមជ្ឈមណ្ឌលជាតិ រក្សាសន្តិភាព អមដំណើរដោយ អគ្គនាយករង និងមេបញ្ជាការ តាមបណ្តានាយកដ្ឋានជំនាញ ពាក់ព័ន្ធជាច្រើនរូប នៃមជ្ឈមណ្ឌលជាតិ រក្សាសន្តិភាព បានអញ្ជើញចុះទៅធ្វើការត្រួតពិនិត្យ សកម្មភាពហ្វឹកហ្វឺន របស់កងយោធា មួកខៀវកម្ពុជា នៅលើទីលានហ្វឹកហាត់ ជាក់ស្តែង នៅក្នុងបរិវេណសាលាហ្វឹកហ្វឺន កងកម្លាំងរក្សាសន្តិភាពពហុជាតិ ក្នុងស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ សំដៅវាស់ស្ទង់កម្រិត សមត្ថភាពជំនាញ តាមការកំណត់របស់ អង្គការសហប្រជាជាតិ។

ជាមួយគ្នានេះដែរ នាយឧត្តមសេនីយ៍ សែម សុវណ្ណនី ប្រមុខកងយោធាមួកខៀវកម្ពុជា ព្រមទាំងសហការី ក្រោមឱវាទ ក៏បានអញ្ជើញពិនិត្យការបង្ហាញ សកម្មភាពរុករកគ្រឿងផ្ទុះ របស់កងកម្ទេចគ្រឿងថ្មី និងរបស់កងសុនខហិតមីន ពីភាពប៉ិនប្រសប់របស់ពួកគេ តម្រូវតាមអ្វី អង្គការសហប្រជាជាតិ ចង់បាន។

ជាមួយនឹងការត្រួតពិនិត្យគ្រឿងសម្ភារៈ សម្រាប់បញ្ជូនទៅកាន់តំបន់បេសកកម្ម នៅសាធារណរដ្ឋ អាហ្វ្រិកកណ្តាល នាពេលខាងមុខ នាយឧត្តមសេនីយ៍ សែម សុវណ្ណនី អគ្គនាយកមជ្ឈមណ្ឌលជាតិគ្រប់គ្រង កងកម្លាំងរក្សាសន្តិភាព បោសសម្អាតមីន និងកាកសំណល់សង្គ្រាម ក៏បានថ្លែងបញ្ជាក់ថាៈ ការចុះមកត្រួតពិនិត្យគ្រឿងសម្ភារៈ សម្រាប់បំពាក់ឲ្យដល់ កងកម្ទេចគ្រឿងផ្ទុះថ្មី រួមមានៈ រថយន្តធុនធំ មានប្រសិទ្ធការពារ គ្រាប់កាំភ្លើង និងការបំផ្ទុះដោយគ្រាប់មីន រ៉ូបូតដែលមានសមត្ថភាព ចាប់និងបន្សាបគ្រាប់មីន ព្រមទាំងគ្រឿងឧបករណ៍ ជាច្រើនប្រភេទទៀតផងនោះ គឺជាការត្រៀមលក្ខណៈសម្បត្តិ ទុកជាមុនសម្រាប់ការចុះមកត្រួតពិនិត្យគុណភាព និងសមត្ថភាពរបស់ កងយោធាមុខខៀវកម្ពុជា ពីសំណាក់មន្ត្រីគណៈកម្មការត្រួតពិនិត្យ លក្ខណៈសម្បត្តិរបស់ អង្គការសហប្រជាជាតិ មកពីក្រុងញូវយ៉ក និង មកពីតំបន់បេសកកម្ម MINUSCA ដែលនឹងគ្រោងធ្វើឡើង នាដើមសប្តាហ៍ ខាងមុខនេះ។

សូមបញ្ជាក់ថាៈ តាមការជូនដំណឹងរបស់ ស្ថានបេសកកម្មអចិន្ត្រៃយ៍ ប្រចាំអង្គការសហប្រជាជាតិ បានឲ្យដឹងថា អង្គការសហប្រជាជាតិ មានក្តីសោមនស្ស ធ្វើកិច្ចការជាមួយកម្ពុជា ដើម្បីសម្រេចបាននូវ Organizational structure និង Operational requirements របស់កងកម្លាំង ខាងលើ។

យោងនីតិវិធីរៀបចំកងកម្លាំងជំហានបន្ទាប់ ដែលត្រូវអនុវត្ត គឺការធ្វើទស្សនកិច្ច វាយតម្លៃកម្លាំង រក្សាសន្តិភាព និងសម្ភារៈបំពាក់ មុនការចល័ត ទៅកាន់តំបន់បេសកកម្ម (Pre- deployment Visit) ដោយក្រុមការងារ អង្គការសហប្រជាជាតិ នឹងប្រព្រឹត្តិទៅ ពីថ្ងៃទី២១ ខែមីនា ឆ្នាំ២០២២។

ដើម្បីដំណើរការចុះត្រួតពិនិត្យ កងយោធាមួកខៀវកម្ពុជា និងគ្រឿងសម្ភារៈ សម្រាប់បេសកកម្ម នៅសាធារណរដ្ឋ អាហ្វ្រិកកណ្តាល ដោយក្រុមការងារអង្គការសហប្រជាជាតិ នាដើមសប្តាហ៍ ខាងមុខនេះ នារសៀលថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២២ ដដែលនេះ នាយឧត្តមសេនីយ៍ សែម សុវណ្ណនី ព្រមទាំងសហការី គ្រប់មុខជំនាញ ក៏បានបន្តដំណើរទៅធ្វើការត្រួតពិនិត្យ នូវរាល់ឧបករណ៍គ្រឿងសម្ភារៈបំពាក់ សម្រាប់បេសកកម្ម នៅសាធារណរដ្ឋ អាហ្វ្រិកកណ្តាល នៅវិទ្យាស្ថានឧដុង្គ ៕/V-PC