ដោយៈ មុនីរ័ត្ន / ភ្នំពេញៈ យុវជន ជាឆ្អឹងខ្នងដ៏រឹងមាំ របស់សង្គមជាតិ និងជាកម្លាំងបន្តវេន ដ៏មុតស្រួច ក្នុងការដឹកនាំកម្ពុជា ឆ្ពោះទៅរកវឌ្ឍនភាពជឿនលឿន រុងរឿង។ ដូច្នេះ សូមខិតខំប្រឹងប្រែង យកចិត្តទុកដាក់ពង្រឹង និងពង្រីកសក្តានុពលរបស់ ខ្លួនឱ្យកាន់តែ រឹងមាំច្បាស់លាស់ ទាំងផ្នែកសមត្ថភាពចំណេះដឹងជំនាញ និងផ្នែកចរិយាសម្បត្តិ ប្រកប ដោយគុណធម៌ សីលធម៌ រួមជាមួយនឹងស្មារតី និងសកម្មភាពចូលរួម ថែរក្សានូវសមិទ្ធផល ដែលមានស្រាប់ឱ្យបានគង់វង្ស និងបន្តពង្រីកបន្ថែមទៀត នូវសមិទ្ធផលវិជ្ជមានថ្មីៗ សម្រាប់ ជាប្រយោជន៍ជាតិ មាតុភូមិ និងប្រជាជន។

នេះជាការបញ្ជាក់របស់លោកហ៊ុន ម៉ាណែត សមាជិកគណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការកណ្តាល និងជាប្រធានយុវជន គណបក្សប្រជាជនកម្ពុជា ថ្នាក់កណ្តាល បានមានប្រសាន៍ បញ្ជាក់ក្នុងពិធីប្រកាសសមាសភាពក្រុមការងារ យុវជនគណបក្ស ខេត្តកំពង់ស្ពឺ នៅក្រុងច្បារមន កាលពីព្រឹកថថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២២ ។

លោក ហ៊ុន ម៉ាណែត បានអរគុណគណៈកម្មាធិការ គណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ស្ពឺ និងអង្គការចាត់តាំងចំណុះ ព្រមទាំងយន្តការចុះជួយគ្រប់ជាន់ថ្នាក់ ដែលបានខិតខំប្រឹងប្រែង ក្នុងការបម្រើ និងចុះសួរសុខទុក្ខ ប្រជាពលរដ្ឋ ជាប់ជាប្រចាំ។ ទាំងនេះ បានឆ្លុះបញ្ចាំងឱ្យ ឃើញ អំពីកម្លាំងសាមគ្គីភាពដ៏ខ្លាំងក្លា និងភាពរឹងមាំ របស់គណបក្សប្រជាជនកម្ពុជា ដែលតែងនៅក្បែរប្រជាពលរដ្ឋ គ្រប់កាលៈទេសៈ។

ជាមួគ្នានេះ លោក ហ៊ុន ម៉ាណែត ក៏បានអរគុណដល់ប្រជាពលរដ្ឋ ក្នុងខេត្តកំពង់ស្ពឺ ដែលតែងជឿទុកចិត្ត និងគាំទ្រដោយឥតងាករេចំពោះ សម្តេចតេជោ និងគណបក្សប្រជាជន កម្ពុជា ដែលទទួលភារៈដឹកនាំ កសាង និងអភិវឌ្ឍន៍ប្រទេសជាតិ ងើបចេញពីភាពក្រីក្រ រហូតមានការរីកចម្រើន ឈានឡើង ស្មើមុខស្មើមាត់ ទាំងក្នុងកម្រិតតំបន់ និងឆាកអន្តរជាតិ ជាពិសេសកម្រិតជីវភាព រស់នៅរបស់ប្រជាពលរដ្ឋ កាន់តែត្រូវបានលើកកម្ពស់ជាលំដាប់។ នេះគឺជាផលច្ច័យជាផ្លែផ្ការួម នៃការជ្រើសរើសដ៏ត្រឹមត្រូវ របស់ប្រជាពលរដ្ឋ និងការខិតខំ ប្រឹងប្រែងបម្រើ ប្រកបដោយឆន្ទៈស្មោះត្រង់ របស់ថ្នាក់ដឹកនាំ សមាជិក សមាជិកា របស់គណបក្ស ឱ្យស័ក្តិសមនឹងទំនុកចិត្ត ដែលទទួលបានពីប្រជាពលរដ្ឋ៕/V-PC