ដោយៈ មុនីរ័ត្ន / ភ្នំពេញៈ មន្ត្រីជាន់ខ្ពស់នគរបាលជាតិកម្ពុជា បានប្រាប់រស្មីកម្ពុជាថាៈ ក្រោមកិច្ចសហប្រតិបត្តិអន្តរជាតិ រវាងអគ្គស្នងការដ្ឋាននគរបាលជាតិ និងអគ្គស្នងការដ្ឋាន នគរបាលភូមិន្ទថៃ បានស្រាវជ្រាវរកឃើញថា ករណីនារីជនជាតិថៃមួយរូប ដែលបានរាយ ការណ៍ ទៅនគរបាលភូមិន្ទថៃថា ជនជាតិចិន នៅខេត្តព្រះសីហនុ ចាប់បង្ខាំង និងបូមឈាម យកទៅលក់នោះ ជារឿងដែលនាងប្រឌិតឡើង ក្នុងគោលបំណង ចង់អោយនគរបាលថៃ ជួយអោយនាង បានទៅប្រទេសថៃវិញ ក្រោយពីលួចឆ្លងដែន ចូលមកធ្វើការនៅប្រទេស កម្ពុជា ដោយខុសច្បាប់។

ក្រោយពីបានធ្វើការសាកសួរ និងស្រាវជ្រាវ យ៉ាងម៉ត់ចត់ នារីខាងលើ បានសារភាព ទទួលកំហុស និងបានធ្វើការសុំទោស ជាសារធារណៈ ចំពោះនគរបាលទាំងពីរ ប្រទេសផងដែរ។
តាមប្រភពព័ត៌មានពី អគ្គស្នងការនគរបាលភូមិន្ទថៃ នារីខាងលើ ត្រូវបានចោទប្រកាន់ ដាក់ពន្ធធនាគារ ចំនួនបីឆ្នាំ ពីបទរាយការព័ត៌មានក្លែងក្លាយ។

លោកឧត្តមសេនីយ៍ទោ ជួន ណារិន ស្នងការនគរបាលខេត្តព្រះសីហនុ បានធ្វេីការបដិសេធ ថា មិនមានករណីបូមយកឈាម និងវះយកសរីរាង្គ នៅខេត្តព្រះសីហនុ ដូចជាការផ្សព្វផ្សាយ​ព័ត៌មានរបស់ថៃនោះទេ។ ហេីយនេះ គឺជាព័ត៌មានប្រឌិត ធ្វេីឲ្យប៉ះពាល់សណ្តាប់ធ្នាប់ ប្រទេសកម្ពុជា។

លោកឧត្តមសេនីយ៍ទោ ជួន ណារិន បានបញ្ជាក់នៅព្រឹកថ្ងៃទី១៣ ខែមីនានេះថាៈ ” មិនមានករណីវះ ឬបូមឈាមទេ ! ពេលនេះ ទើបដឹងថា បុគ្កលមួយចំនួនតូច កំពុងវាយប្រហារ និងបំពុលព័ត៌មានមិនពិត ធ្វើឲប៉ះពាល់សណ្ដាប់ធ្នាប់ ប្រទេសកម្ពុជា។ ខ្ញុំមិនយល់ថា ពួកគាត់ មានចេតនាបែបណា បានជាប្រឌិតរឿង មិនពិតបែបនេះ ” ។

ការបដិសេធរបស់ ស្នងការនគរបាលខេត្តព្រះសីហនុ បានធ្វេីឡេីង បន្ទាប់ពីលោក Surachate Hakparn រដ្ឋលេខាធិកា នៃនគរបាលជាតិថៃ បានប្រាប់កាសែត អនឡាញ រដ្ឋថៃ ជាភាសាអង់គ្លេស ឈ្មោះ Thai PBS World ថា ជនរងគ្រោះ ពីការប៉ុនប៉ង យកសរីរាង្គ ដោយជនទុច្ចរិត ជនជាតិចិន កំពុងស្នាក់នៅកម្ពុជា គឺជាស្ត្រីជនជាតិថៃ មកពីទីក្រុងបាំងកក មានវ័យ ២៥ ឆ្នាំ។

បើតាមលោកមន្ត្រីនគរបាលថៃ នាងត្រូវបានគេល្បូង មកធ្វើការខុសច្បាប់ ក្នុងក្រុមហ៊ុន ហៅទូរស័ព្ទមួយ នៅក្នុងខេត្តព្រះសីហនុ ដែលដំណើរការ ដោយជនជាតិចិន។ នៅពេលនាង ធ្វើដំណើរពីថៃ ដល់មកកំពង់ផែ ក្រុងព្រះសីហនុ នាងត្រូវបានប្រាប់ ឱ្យទៅធ្វើការភ្លាម។ ពេលនាងមិនព្រម នាងក៏ត្រូវគេវាយដំ ឃុំខ្លួនទុកឱ្យស្រេកឃ្លាន ហើយប្រាប់ឱ្យទាក់ទង ទៅគ្រួសារនាង នៅប្រទេសថៃ ដើម្បីជម្រិតទារយកប្រាក់ ជាថ្នូរនឹងការដោះលែងនាង។ នៅក្នុងអំឡុងពេល នៃការឃុំខ្លួននោះ នាងថា នាង ត្រូវចរន្តអគ្គិសនី ឆក់ និងមានអ្នកបូម យកឈាមនាងដែរ។ ធ្ងន់ធ្ងរជាងនេះ នាងក៏ប៊ិះនឹងត្រូវគេវះយកសរីរាង្គរបស់នាងដែរ។
ក្រោយមក នាងបានស្វែងរកផ្លូវរត់គេចខ្លួន មកដល់មន្ទីរពេទ្យក្រុងប៉ោយប៉ែត ព្រំដែនថៃ រហូតបាត់បង់ស្មារតី និងនាងក៏ត្រូវបានអាជ្ញាធរថៃ នៅព្រំដែន ជួយសង្គ្រោះ នៅថ្ងៃពុធ ទី ៩ មីនា កន្លងទៅនេះ។ នេះបើតាមការចុះផ្សាយរបស់កាសែតអនឡាញ Thai PBS World ៕/V-PC