ដោយៈ វ៉ៃ​កូ / ស្វាយរៀងៈ លោកស្រី​កិ​ត្ត​សង្គហ​បណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​ទំនាក់ទំនង ជាមួយ​រដ្ឋសភា​-​ព្រឹទ្ធសភា​និង​អធិការកិច្ច និង​ជា​ប្រធាន​ក្រុមការងារ រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន ខេត្តស្វាយរៀង នា​ព្រឹក​ថ្ងៃ ទី​១៩ ខែមីនា ឆ្នាំ​២០២២ បាន​អញ្ជើញ​ជា​អធិបតី ក្នុង​ពិធី ចែក​អង្ករ​ជំនួយ​សង្គ្រោះបន្ទាន់ ជូន​ដល់​ប្រជាពលរដ្ឋ មាន​ជីវភាព​ខ្វះខាត ដែល​រង​ផលប៉ះពាល់ ដោយសារ​ជំងឺ​កូ​វីដ​-១៩ ចំនួន ១០០ គ្រួសារ នៅ​ក្រុង​បាវិត ខេត្តស្វាយរៀង​។

​នៅក្នុង​ឱកាស​នោះ លោកស្រី កិត្តិ​សង្គហ​បណ្ឌិត បាន​នាំមក​នូវ​ការ​ផ្តាំផ្ញើ​សាកសួរ​សុខទុក្ខ ពី​សំណាក់ សម្តេច​តេ​ជោ និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដែល​សម្តេច​ទាំង​ទ្វេ តែងតែមាន​មនោសញ្ចេតនា ស្រលាញ់​រាប់អាន និង​រួមសុខ​រួមទុក្ខ​ជាមួយ បងប្អូន​ជនរួមជាតិ ទាំងអស់ នៅ​គ្រប់​ទីកន្លែង ទូទាំងប្រទេស​កម្ពុជា ដោយ​មិន​ទុក​ឲ្យ​អ្នកណា ស្លាប់​ដោយសារ អត់​អាហារ​នោះទេ​។

​អំណោយ​ដែល​បាន​ផ្តល់ជូន​ប្រជាពលរដ្ឋ ១០០​គ្រួសារ នាពេលនេះ ក្នុង​មួយ​គ្រួសារ ទទួលបាន​អង្ករ ១​បាវ ៤០​គីឡូក្រាម ម៉ាស់ ១​ប្រអប់ និង​ថវិកា ៥​ម៉ឺន​រៀល ៕/V​