ដោយៈ​មុនី​រ័ត្ន​/​ភ្នំពេញៈ លោក ញឹក ប៊ុនឆៃ ប្រធាន​គណបក្ស​ខ្មែរ​រួបរួម​ជាតិ​បាន​មានប្រសាសន៍ប្រាប់​រស្មី​កម្ពុជា​នៅ ព្រឹក​ថ្ងៃទី​១៩ ខែមីនា​នេះ​ថា ដំណើរ​បេសកកម្ម​រប​ស់លោក​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន​ប្រេសិត​ពិសេស​របស់​ប្រធាន អាស៊ាន​ស្ដីពី​មី​យ៉ាន់​ម៉ា និង​ជា​រដ្ឋមន្ត្រីការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​នៃ​ព្រះរាជា​ណា​ក្រ​កម្ពុជា ដែល​នឹង​ដឹកនាំ​ប្រតិភូ​ទៅ​បំពេញ​ទស្សនកិច្ច​ការងារ​នៅ​សាធារណរដ្ឋ​សហភាព​មី​យ៉ាន់​ម៉ា ពីថ្ងៃ​ទី​២១ ដល់​ថ្ងៃទី ២៣ ខែមីនា ឆ្នាំ​២០២២ គឺជា​ដំណើរ​ការល្អ ហើយ​ក្នុង​ដំណើរ​ទស្សនកិច្ច​នេះ លោក​ឧបនាយក​រដ្ឋ​ម​មន្ត្រី ប្រាក់ សុខុន នឹង​ជួប​ជាមួយ​ក្រុម​ភាគី​ពាក់ព័ន្ធ​ដើម្បី​ពិភាក្សាគ្នា​គឺជា​ចរចា​ដើម្បី​រក​វិធី​ដោះស្រាយ​ឲ្យ​អង្គការ​អន្តរា​ជាតិ​អាច​យក​ជំនួយ​ទៅ​ជួយ​ប្រជាពលរដ្ឋ​រងគ្រោះ​ជួប​ការលំបាក​ខ្វះ​ស្បៀងអាហារ​។

រូបថត៖លោក ញឹក ប៊ុនឆៃ

​លោក ញឹក ប៊ុនឆៃ បាន​បន្តថា នេះ​ជា​ចំណុច​ល្អ​មួយ ហើយ​គិតថា​ការជជែក​គ្នា​ទៅ​វា​ត្រូវ​គ្នា ឬ​មិនត្រូវ​គ្នា​ឬក៏​បន្ត​យ៉ាងម៉េច ទៀត​ក្នុង​ការជជែក​គ្នា​។ ដូច្នេះ​លោក​សង្ឃឹមថា អ្វី​ក៏ដោយ​ឲ្យ​តែមាន​ការជជែក​ពិភាក្សា​ដោះស្រាយ​គ្នា​គឺជា​ចំណុច​ដែល​ល្អ និង​ជា​ចំណុច​ជោគជ័យ​ដែល​អាច​ទៅ​បញ្ចប់​នៅ​ថ្ងៃ​ណាមួយ​។​

​លោក​បាន​បន្តទៀតថា ចាប់តាំងពី​ដំណើរ​បំពេញ​ទស្សនកិច្ច​ជា​លើកដំបូង​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​កម្ពុជា​ទៅ​មី​យ៉ាន់​ម៉ា​គឺ​ឃើញថា​ទទួលបាន​ជោគជ័យ​មួយ​ជំហាន​ដែល​ថ្នាក់ដឹកនាំ​មី​យ៉ាន់​ម៉ា​បានប្រកាស​ឈប់​បាញ់​គ្នា​។ ហើយ​នៅពេលដែល​សម្តេច​តេ​ជោ​អញ្ជើញ​ត្រឡប់មកវិញ​ក៏​មាម​ការប្រយុទ្ធ​គ្នា​កាន់តែខ្លាំង​ហើយ​នៅពេល​ចាប់ផ្តើម​ចរចា​គ្នា​ភាគី​និ​មួយៗ​កាន់តែ​បង្កើន​សកម្មភាព​ប្រយុទ្ធ​គ្នា​ដើម្បី​ដ​ណ្ត់​ម​ភូមិសាស្ត្រ​យក​ប្រៀប​ក្នុង​ការចរចា​។​

​សូមជម្រាបថា ក្នុងនាម​ជា​ប្រេសិត​ពិសេស​របស់​ប្រធាន​អាស៊ាន​ស្ដីពី​មី​យ៉ាន់​ម៉ា ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស​និង​សហប្រតិបត្តិការ​អន្តរជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​នឹង​ដឹកនាំ​គណៈប្រតិភូ​អញ្ជើញ​ទៅ​បំពេញ​ទស្សនកិច្ច​ការងារ​នៅ​សាធារណរដ្ឋ​សហភាព​មី​យ៉ាន់​ម៉ា ពីថ្ងៃ​ទី ២១ ដល់​ថ្ងៃទី ២៣ ខែមីនា​តប​តាម​ការអញ្ជើញ​របស់ ក្រុមប្រឹក្សា​រដ្ឋបាល​រដ្ឋ​នៃ​សាធារណរដ្ឋ​សហភាព​មី​យ៉ាន់​ម៉ា​។​

​អញ្ជើញ​អមដំណើរ ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រួមមាន កិត្តិ​សេដ្ឋា​បណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ដ្រ បច្ចេកវិទ្យា និង​នវានុវត្តន៍ លោក លឹម ចុក ហ៊ុយ អគ្គលេខាធិការ​អាស៊ាន លោក លី យ៉ា​ម មីង នាយក​ប្រតិបត្តិ​នៃ​មជ្ឈមណ្ឌល​សម្របសម្រួល​អាស៊ាន ដើម្បី​ជំនួយ​មនុស្សធម៌​និង​ការគ្រប់គ្រង​គ្រោះ មហន្តរាយ​(AHACentre)​និង​មន្ដ្រីជាន់ខ្ពស់​របស់​រាជ​រដ្ឋាភិបាល​មួយចំនួន​ព្រមទាំង​បុគ្គលិក​របស់​លេខាធិការដ្ឋាន​អាស៊ាន និង AHA Centre ផងដែរ​។​

​ដំណើរ​ទស្សនកិច្ច​លើកដំបូង​នៃ​ប្រេសិត​ពិសេស​របស់​ប្រធាន​អាស៊ាន​ស្ដីពី​មី​យ៉ាន់​ម៉ា​មាន​គោលបំណង​ដើម្បី​បង្កើត​លក្ខខណ្ឌ អំណោយផល ដើម្បី​ឈានទៅដល់​ការបញ្ចប់​អំពើហិង្សា ក៏ដូចជា​ការអត់ធ្មត់​ឱ្យបាន​ខ្ពស់បំផុត​ពី​គ្រប់ភាគី​ទាំងអស់​, ការចែក​ចាយ​ជំនួយ​មនុស្សធម៌ ដោយមាន​ការគាំទ្រ​និង​សម្របសម្រួល​ពី​លេខាធិការដ្ឋាន​អាស៊ាន​និង​មជ្ឈមណ្ឌល​សម្រប សម្រួល​អាស៊ាន​ដើម្បី​ជំនួយ​មនុស្សធម៌​និង​ការគ្រប់គ្រង​គ្រោះមហន្តរាយ​,​និង​លើកទឹកចិត្ត​ឱ្យមាន​កិច្ច​ពិគ្រោះ​យោបល់​/​កិច្ចសន្ទនា​នយោបាយ ក្នុងចំណោម​ភាគី​ពាក់ព័ន្ធ​ទាំងអស់​។​

​ដំណើរ​ទស្សនកិច្ច​នេះ នឹង​ផ្អែកលើ​ឯកសារ​មូលដ្ឋាន​នៃ​កិច្ចព្រមព្រៀង​ជា​ឯកច្ឆន្ទ​ប្រាំ​ចំណុច​របស់​អាស៊ាន​, លទ្ធផល​នៃ​ដំណើរ​ទស្សន​កិច្ចការងា​រ​របស់​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ហ៊ុន សែន ទៅកាន់​ប្រទេស​មី​យ៉ាន់​ម៉ា នៅ​ថ្ងៃទី​៧-៨ ខែមករា ឆ្នាំ​២០២២, លទ្ធផល​នៃ​កិច្ចពិភាក្សា​រវាង សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ហ៊ុន សែន និង​ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ៍​ជាន់ខ្ពស់ មីង អោ​ង ឡាំង​និង​លទ្ធផល​នៃ​កិច្ចប្រជុំ​ចង្អៀត​រដ្ឋមន្ត្រីការបរទេស​អាស៊ាន​នាពេល​ថ្មីៗ​នេះ​៕​