​ដោយ​: ម៉េង​ឆៃ / ភ្នំពេញ​: នៅក្នុង​សប្តាហ៍​នេះ មាន​ព្រឹត្តិការណ៍​ជាតិ​ជាច្រើន បានកើត​ឡើង​។ ក្នុងនោះ មាន​ការទទួល​ប្រតិភូ​បរទេស មក​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា រួមទាំង​សកម្មភាព​របស់ សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន អញ្ជើញ​សម្ពោធ​មណ្ឌលកុមារ​កំព្រា ភូមិ SOS នៅ​ខេត្តព្រៃវែង ជាដើម​។​

១- កម្ពុជា ច្រានចោល​ព័ត៌មាន ដែល​ផ្សាយ​ដោយ​កាសែត​ថៃ អំពី​ការជួញដូរ​សរីរាង្គ នៅ​កម្ពុជា

​កាលពី​ថ្ងៃ​ចន្ទ ទី​១៤ ខែមីនា អ្នកនាំពាក្យ​ក្រសួងការបរទេស​កម្ពុ​ជា បានប្រកាស​បដិសេធ ចំពោះ​ការផ្សាយ​ព័ត៌មាន​របស់​ថៃ អំពី​ការ​ប្រឈម​គ្រោះថ្នាក់ នៃ​ការជួញដូរ​សរីរាង្គ នៅ​កម្ពុជា​។ ការបដិសេធ​នេះ គឺ​បន្ទាប់ពី​មានការ​ផ្សាយ ដោយសារ​ព័ត៌មាន​ថៃ Thai Examiner នា​ថ្ងៃទី​១២ ខែមីនា ឆ្នាំ​២០២២ ថា​មាន​ករណី​ជួញដូរ​សរីរាង្គ​មនុស្ស នៅ​ខេត្ត​ព្រះសីហនុ​។

២-​ថ្នាំ​ព្យាបាល​កូ​វីដ ម៉ូ​ល​នូ​ភី​រ៉ា​វៀ (Molnupiravir) ចាប់ផ្តើម​លក់​ក្នុងតម្លៃ ៥០​ដុល្លារ​អាមេរិក ក្នុង​មួយ​ប្រអប់ ក្រោយពី​កម្ពុជា​ផលិត​ឱសថ​នេះ ខ្លួនឯង

​កាលពី​ថ្ងៃទី​១៤ ខែមីនា ថ្នាំ​ព្យាបាល​ជំងឺ​កូ​វីដ​១៩ ម៉ូ​ល​នូ​ភី​រ៉ា​វៀ ត្រូវបាន​លក់ ក្នុងតម្លៃ​ថ្មី គឺ ៥០​ដុល្លារ ក្នុង​មួយ​ដូ​ស ឬ​១​ដប​។ ការបញ្ចុះ​តម្លៃ ៥​ដុល្លារ ក្នុង ១​ដប​នេះ ក្រោយពី​ក្រសួង សុខាភិបាល បាន​បញ្ជាក់ថា ឱសថ​នេះ ត្រូវបាន​ផលិត​ដោយ​ក្រុមហ៊ុន ផលិត​ឱសថ​ក្នុងស្រុក ដែលមាន​ការអនុញ្ញាត ដោយ​រាជរដ្ឋាភិបាល ក្នុង​គោលបំណង​ឱ្យមាន ការ​ចរាចរ​ប្រភេទ ឱសថ​នេះ កាន់តែ​ទូលំទូលាយ និង​មានតម្លៃ​ទាប​ជាង​មុន​។

៣-​រដ្ឋមន្ត្រី​ការពារជាតិ​កម្ពុជា អញ្ជើញ​ទទួល​ប្រតិភូ​នាវា​ស្វ័យការពារ​កងទ័ពជើងទឹក​ជប៉ុន ដែល​ចូល​ចត​នៅ​កំពង់ផែ ក្រុងព្រះសីហនុ ចំនួន ៣​ថ្ងៃ

​នៅ​ព្រឹក​ថ្ងៃទី​១៥ ខែមីនា សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី ការពារជាតិ​កម្ពុជា បាន​អញ្ជើញ​ទទួល​ប្រតិភូ នាវា​ស្វ័យការពារ​កងទ័ពជើងទឹក​ជប៉ុន ដែល​ចូល​ចត​កំពង់ផែ ក្រុងព្រះសីហនុ ក្នុង​ដំណើរ​ទស្សនកិច្ច​រយៈពេល ៣​ថ្ងៃ នៅ​កម្ពុជា ចាប់ពី​ថ្ងៃទី​១៥ ដល់​ថ្ងៃទី​១៧ ខែមីនា ឆ្នាំ​២០២២​។​

៤- សម្តេច​តេ​ជោ ហ៊ុន សែន ទទួល​ជួប​សំណេះសំណាល និង​ពិសា​បាយ​សាមគ្គី ជាមួយ​នាយ​នា​វី និង​ពល​នាវិក នៃ​កង​ស្វ័យការពារ​ជើង​ទឹក​ជប៉ុន

​កាលពី​ល្ងាច​ថ្ងៃទី​១៥ ខែមីនា សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា បាន​អញ្ជើញ​ជា អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់ ក្នុង​ពិធី​សំណេះសំណាល និង​ពិសា​បាយ​សាមគ្គី ជាមួយ​នាយ​នា​វី និង​ពល​នាវិក នៃ​កង​ស្វ័យការពារ​ជើង​ទឹក​ប្រទេស​ជប៉ុន នៅក្នុង​ខេត្ត​ព្រះសីហនុ​។​

៥- អ្នកនាំពាក្យ​រាជរដ្ឋាភិបាល និង​ស្ថានទូត​បារាំង រម្លឹក​ដល់​ខួប ៣០​ឆ្នាំ ដែល UN បញ្ជូន​ទ័ព​មួក​ខៀវ មកជួយ​កម្ពុជា

​កាលពី​ថ្ងៃទី​១៥ ខែមីនា ឆ្នាំ​២០២២ គឺជា​ខួប ៣០​ឆ្នាំ ដែល​អង្គការសហប្រជាជាតិ បាន​បញ្ជូន​កងទ័ព​មួក​ខៀវ មក​រក្សា​សន្តិភាព​នៅ​កម្ពុជា​។ ស្ថានទូត​បារាំង និង​អ្នកនាំពាក្យ រាជរដ្ឋាភិបាល​កម្ពុជា បាន​រម្លឹក​ដល់​ព្រឹត្តិការណ៍​នោះ ពិសេស​វីរៈភាព​កងទ័ព​មួក​ខៀវ ដែល​បំពេញបេសកកម្ម លើ​ទឹកដី​កម្ពុជា ដើម្បី​រៀបចំ​ការបោះឆ្នោត នា​ឆ្នាំ​១៩៩៣​។​

៦- សង្គ្រាម​រុស្ស៊ី និង​អ៊ុយ​ក្រែ​ន បាន​ជំរុញ​ឱ្យ​តម្លៃ​ប្រេងឥន្ធនៈ និង​ទំនិញ​មួយចំនួន នៅ​កម្ពុជា ឡើងថ្លៃ

​ក្រោយ​សង្គ្រាម​ផ្ទុះឡើង​រវាងរ​ស្ស៊ី និង​អ៊ុយ​ក្រែ​ន ចាប់តាំងពី​ថ្ងៃទី​២៤ ខែកុម្ភៈ បានធ្វើឱ្យ​តម្លៃ ប្រេង នៅលើ​ពិភពលោក ហក់​ឡើង​កាន់តែ​ខ្ពស់ ដែល​កំពុង​ចោទ​ជា​បញ្ហា​កាន់តែច្រើន ដល់ សេដ្ឋកិច្ចពិភពលោក​។ ជាក់ស្តែង តម្លៃ​ប្រេងសាំង នៅតាម​ស្ថានីយ ក្នុងប្រទេស​កម្ពុជា ក៏​ឡើងថ្លៃ​ដែរ​។ លោក ប៉ែន សុ​វិជាតិ អ្នកនាំពាក្យ​ក្រសួងពាណិជ្ជកម្ម បាន​បញ្ជាក់ថា សង្គ្រាម​រវាង​រុស្ស៊ី និង​អ៊ុយ​ក្រែ​ន គឺជា​កត្តា​ផ្គួប​ផ្សំ​មួយ ជំរុញ​ឱ្យ​តម្លៃ​ប្រេង​ហក់​ឡើង ហើយ​បញ្ហា​នេះ ក៏បាន​ជះឥទ្ធិពល​ដល់​ប្រទេស​នាំចូល​ប្រេង ដូចជា​កម្ពុជា ជាដើម​។​

៧-​ក្រុមហ៊ុន​អាកាសចរណ៍ Thai Vietjet Airline ភ្ជាប់​ការហោះហើរ​ពី​បាងកក មក​ភ្នំពេញ​ឡើងវិញ

​ក្រោយពី​ផ្អាក​ជើងហោះហើរ​របស់ ក្រុមហ៊ុន​អាកាសចរណ៍​ជាច្រើន ដោយសារ​វិបត្តិ នៃ​ជំងឺ​កូ​វីដ​១៩ នៅ​ព្រឹក​ថ្ងៃទី​១៦ មីនា ជើងហោះហើរ ដែល​ហោះ​ត្រង់ ពី​ទីក្រុង​បាងកក មកកាន់​រាជធានី​ភ្នំពេញ របស់​ក្រុមហ៊ុន​អាកាសចរណ៍ Thai Vietjet Airline ត្រូវបាន​ចាប់ផ្តើម​ដំណើរការ​ឡើងវិញ និង​ត្រូវ​បានទទួល​ស្វាគមន៍​ជាថ្មី នៅ​អាកាសយានដ្ឋាន អន្តរជាតិ​ភ្នំពេញ​។

៨-​ភូមិ​កុមារ SOS ក្នុង​ខេត្តព្រៃវែង សាងសង់​លើ​ផ្ទៃដី​ជាង ១​ម៉ឺន​ម៉ែត្រក្រឡា សម្ពោធ​ដាក់​ឲ្យ ប្រើប្រាស់​ជា​ផ្លូវការ

​ភូមិ​កុមារ អេស​អូ​អេស ក្នុង​ខេត្តព្រៃវែង សាងសង់​លើ​ផ្ទៃដី​ជាង ១​ម៉ឺន​ម៉ែត្រក្រឡា ចំណាយ ថវិកា ប្រមាណ​ជាង ១​លាន ៥​សែន​ដុល្លារ​សហរដ្ឋអាមេរិក ត្រូវបាន​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់ ជា​ផ្លូវការ​ហើយ នៅ​ថ្ងៃទី​១៧ ខែមីនា ក្រោម​អធិបតីភាព​សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា​។​

៩- សម្ដេច​តេ​ជោ ហ៊ុន សែន ពន្យល់​ពី​មូលហេតុ ដែល​ប្រេងឥន្ធនៈ​ឡើងថ្លៃ នៅ​កម្ពុជា និង​ប្រកាស​ទទួលយក​ជនភៀសខ្លួន​អ៊ុយ​ក្រែ​ន

​ក្នុងឱកាស​អញ្ជើញ​ជា​អធិបតី សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ ភូមិ​កុមារ​អេស​អូ​អេស នៅក្នុង​ខេត្តព្រៃវែង កាលពី​ថ្ងៃទី​១៧ ខែមីនា សម្តេច​តេ​ជោ ក៏បាន​ពន្យល់​ប្រជាពលរដ្ឋ អំពី​មូលហេតុ ដែល​តម្លៃ​ប្រេងឥន្ធនៈ​ឡើងថ្លៃ នៅ​កម្ពុជា​។ នោះ​គឺ​មិនមែនជា​ការសម្រេច ដំឡើងថ្លៃ ដោយ​កម្ពុជា​ខ្លួនឯង​ទេ តែ​ជាការ​ជះឥទ្ធិពល​នៃ​សង្គ្រាម​រវាង​រុស្ស៊ី និង​អ៊ុយ​ក្រែ​ន ដែល​បច្ចុប្បន្ននេះ បាន​ជះឥទ្ធិពល​យ៉ាងខ្លាំង ជារួម​ដល់​សេដ្ឋកិច្ចពិភពលោក​ទាំង​មូល​។ សម្តេច​តេ​ជោ ហ៊ុន សែន ក៏បាន​ប្រកាស​ទទួលយក​ជនភៀសខ្លួន​អ៊ុយ​ក្រែ​ន ក្រោម​ហេតុផល មនុស្សធម៌ ដូច​អ្វីដែល​កម្ពុជា ធ្លាប់ធ្វើ នៅពេល​កន្លងមក ក្នុង​ការទទួល និង​ផ្ដល់ជំនួយ​ដល់ ជនបរទេស​ជាក់ស្តែង ដូចជា បុរស​ជនជាតិ​អាល្លឺម៉ង់ ដែល​កំពុង​រស់នៅ​អនាថា​នៅ​កម្ពុជា នាពេល​បច្ចុប្បន្ន ជា​ឧទាហរណ៍​ជាក់ស្ដែង​ស្រាប់​។

១០- នាយករដ្ឋមន្ត្រី​ជប៉ុន នឹង​បំពេញ​ទស្សនកិច្ច ២​ថ្ងៃ នៅ​កម្ពុជា នា​ថ្ងៃទី​២០-២១ ខែមីនា

​ក្រសួងការបរទេស បានប្រកាសថា តប​តាម​ការអញ្ជើញ​របស់​ស​ម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា ឯកឧត្តម គី​ស៊ី​ដា ហ្វូ​មី​អូ នាយករដ្ឋមន្ត្រី​ជប៉ុន នឹង​ដឹកនាំ​គណៈប្រតិភូ ជាន់ខ្ពស់ អញ្ជើញ​មក​បំពេញ​ទស្សនកិច្ច​ផ្លូវការ នៅ​កម្ពុជា នៅ​ថ្ងៃទី​២០-២១ ខែមីនា ឆ្នាំ​២០២២​។​

១១- កម្ពុជា សម្រេច​លុបចោល​នូវ ការធ្វើ​តេស្តរ​កកូ​វីដ​១៩ លើ​អ្នកដំណើរ​ពី​បរទេស

​កាលពី​ថ្ងៃទី​១៧ ខែមីនា កម្ពុជា បានសម្រេច​លុបចោល នូវ​ការធ្វើ​តេស្ត​រក​មេរោគ​កូ​វីដ​-១៩ សម្រាប់​អ្នកដំណើរ ដែល​មកដល់​កម្ពុជា ទោះជា​តាម​ម៉ាស៊ីន​ធំ PCR និង​តាម​តេស្ត​រហ័ស Rapid Test ។ ប៉ុន្តែ​សម្រាប់​អ្នក​មិនបាន​ចាក់​វ៉ាក់សាំង បង្ការ​កូ​វីដ​១៩ នៅពេល​ចូល​មកដល់​កម្ពុជា ត្រូវធ្វើ​ច​ត្តា​ឡី​ស័ក រយៈពេល ១៤​ថ្ងៃ​។ ក្នុងនោះ កម្ពុជា ក៏បាន​សម្រេច អនុញ្ញាតឱ្យ​បើក​ដំណើរការ​ឡើងវិញ នូវ​ការផ្តល់​ទិដ្ឋាការ ពេលមកដល់ (Visa on Arrival) សម្រាប់​អ្នកដំណើរ​អន្តរជាតិ​ទាំងអស់ ទាំង​អ្នកដំណើរ តាមផ្លូវ​អាកាស ផ្លូវគោក និង​ផ្លូវទឹក ។​

១២-​កម្ពុជា ប្រារព្ធ​ពិធី​ទទួល​ជំនួយ​វ៉ាក់សាំង​កូ​វីដ​-១៩ ជាង ៥២​ម៉ឺន​ដូ​ស ពី​រដ្ឋាភិបាល និង​ប្រជាជន​ហុង​គ្រី

​នៅ​ព្រឹក​ថ្ងៃទី​១៨ ខែមីនា ប្រទេស​កម្ពុជា បាន​ប្រារព្ធ​ពិធី​ទទួល​ជំនួយ​ផ្លូវការ នូវ​វ៉ាក់សាំង បង្ការ​ជំងឺ​កូ​វីដ​-១៩ ជាង ៥២ ម៉ឺន​ដូ​ស ពី​រដ្ឋាភិបាល និង​ប្រជាជន​ហុង​គ្រី​។ ពិធី​ប្រគល់ និង​ទទួល​ជំនួយ​វ៉ាក់សាំង​នេះ បានរៀបចំ​ធ្វើ នៅ​វិមាន​សន្តិភាព ក្នុង​រាជធានី​ភ្នំពេញ ក្រោម​អធិបតីភាព សម្តេច​តេ​ជោ ហ៊ុន សែន និង​ភារធារី​ស្តីទី នៃ​ស្ថានទូត​ហុង​គ្រី ប្រចាំ​កម្ពុជា​។​

១៣- ក្នុងនាម​ប្រេសិត​ពិសេស​ប្រធាន​អាស៊ាន លោក ប្រាក់ សុខុន នឹង​បំពេញ​ទស្សនកិច្ច ៣ ថ្ងៃ នៅ​មី​យ៉ាន់​ម៉ា

​រដ្ឋមន្ត្រី​ក្រសួងការបរទេស​កម្ពុជា លោក ប្រាក់ សុខុន នឹង​បំពេញ​ទស្សនកិច្ច ៣​ថ្ងៃ ចាប់ពី​ថ្ងៃទី​២១ ខែមីនា នៅ​ប្រទេស​មី​យ៉ាន់​ម៉ា ក្នុងឋានៈ ជា​ប្រេសិត​ពិសេស​ប្រធាន​អាស៊ាន​។

១៤-​រដ្ឋមន្ត្រីការបរទេស​អា​រ៉ា​ប៊ី​សា​អូឌីត បំពេញ​ទស្សនកិច្ច នៅ​កម្ពុជា​

​កាលពី​ថ្ងៃទី​១៨ ខែមីនា ព្រះអង្គម្ចាស់ ហ្វា​សាស់ ប៊ី​ន ហ្វា​ហាន់ អាល់ សូដ រដ្ឋមន្ត្រីការបរទេស​អា​រ៉ា​ប៊ី​សា​អូឌីត បាន​បំពេញ​ទស្ស​កិច្ច នៅ​កម្ពុជា​។ ព្រះអង្គម្ចាស់ រដ្ឋមន្ត្រីការបរទេស អា​រ៉ា​ប៊ី​សា​អូឌីត បាន​ជួបពិភាក្សា​ការងារ​ជាមួយ​លោក ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស​កម្ពុជា និង​ជួប​សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន​។ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បានស្នើ​ឲ្យ​ព្រះអង្គម្ចាស់ ហ្វា​សាស់ ប៊ី​ន ហ្វា​ហាន់ អាល់ សូដ រដ្ឋមន្ត្រីការបរទេស​អា​រ៉ា​ប៊ី​សា​អូឌីត ជំរុញ​កិច្ចសហប្រតិបត្តិការ​លើ​រាល់​វិស័យ​សក្តានុពល ដែល​ប្រទេស​ទាំងពីរ​មាន ជាពិសេស លើ​វិស័យ​ទេសចរណ៍ កសិកម្ម ពាណិជ្ជកម្ម ដោយ​រៀបចំ​ផែនការ​សកម្មភាព និង​អនុវត្តបាន​ជោគជ័យ​។​

១៥-​សម្តេច​តេ​ជោ ជួបពិភាក្សា​ការងារ​តាម​ប្រព័ន្ធ​វីដេអូ ជាមួយ​ប្រធានាធិបតី​ចិន​

​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា នៅ​ថ្ងៃទី​១៨ ខែមីនា បាន​ជួបពិភាក្សា​ការងារ​តាម​ប្រព័ន្ធ​វីដេអូ ជាមួយ​លោក ស៊ី ជិន​ពីង ប្រធានាធិបតី​ចិន​។ នៅក្នុង​ជំនួប​នេះ មានការ​ពិភាក្សា ទៅលើ​ចំណុច​ជាច្រើន នៅក្នុង​កម្រិត​ទ្វេភាគី តំបន់ និង​បញ្ហា​របស់​ពិភពលោក​ផងដែរ​។ កិច្ចពិភាក្សា​នេះ បាន​ជជែក​ច្រើន​លើ​ទំនាក់ទំនង​ទ្វេភាគី រវាង​កម្ពុជា និង​ចិន​។ លោក​ប្រធានាធិបតី​ចិន បាន​លើកឡើងថា បច្ចុប្បន្ន កិច្ចព្រមព្រៀង ពាណិជ្ជកម្ម​សេរី រវាង​កម្ពុជា និង​ចិន បាន​ចូល​ជា​ធរមាន ដូច្នេះ​ចិន នឹង​នាំចូល​អង្ករ ឱ្យបាន​កាន់តែ ច្រើនជាង​មុន ព្រមទាំង​ផលិតផល​កសិកម្ម មួយចំនួនទៀត ដូចជា ផ្លែ​ចេក ស្វាយ និង​ផ្លែ​មៀន​ជាដើម ដើម្បី​រួមចំណែក​កាត់បន្ថយ​ភាពក្រីក្រ នៅ​កម្ពុជា​។ ចិន​ក៏បាន​ប្រកាស​ផ្តល់ជំនួយ​វ៉ាក់សាំង ២០ លាន​ដូ​ស​បន្ថែមទៀត ដល់​កម្ពុជា ហើយ​ក្នុងនោះ ៥​លាន​ដូ​ស នឹងត្រូវ​បញ្ជូន​មកដល់​កម្ពុជា នៅ​ចុងខែ​មីនា​នេះ​។​

១៦- ចំនួន​អ្នក​ឆ្លង​ជំងឺ​កូ​វីដ នៅ​កម្ពុជា ក្នុង​សប្តាហ៍​នេះ បន្ត​កើតមាន​ជាង ១០០​នាក់ ក្នុង ១​ថ្ងៃៗ​

​នៅក្នុង​សប្តាហ៍​នេះ ចំនួន​អ្នក​ឆ្លង​កូ​វីដ​១៩ ប្រភេទ​អូ​មី​ក្រុង នៅក្នុង​ប្រទេស​កម្ពុជា​យើង មាន​ចំនួន​ជាង ១០០ នាក់ ជា​រៀងរាល់ថ្ងៃ​។ ចំណែក​អ្នកស្លាប់ ដោយសារ​ជំងឺ​កូ​វីដ​១៩ ថ្ងៃ​ខ្លះ មាន​ម្នាក់​ពីរ​នាក់ ហើយ​ថ្ងៃ​ខ្លះ ក៏​មិនមាន​អ្នកស្លាប់​ទេ​។ គិត​ត្រឹម​ថ្ងៃទី​១៨ ខែមីនា ករណី​អូ​មី​ក្រុង ឆ្លង​ក្នុង​សហគមន៍ នៅក្នុង​ប្រទេស​កម្ពុជា​យើង បាន​កើន​ឡើងដល់ ១៣.១២៩ នាក់​ហើយ​។ ជារួម គិត​ត្រឹម​ថ្ងៃទី​១៨ ខែមីនា នៅ​ទូទាំងប្រទេស​កម្ពុជា មាន​អ្នក​ឆ្លង​កូ​វីដ​១៩ សរុប​ចំនួន ១៣៤.៨៨៩ នាក់​។ ក្នុងនោះ មាន​អ្នកជា​សះស្បើយ ១៣០.៨០៤ នាក់ និង​អ្នកស្លាប់​សរុប មាន​ចំនួន ៣.០៥០ នាក់​៕/V​