ដោយៈ សុវណ្ណកុម្ភៈ/ភ្នំពេញៈ លោក វ៉ាត់ ចំរើន នាយបេសកកម្មរបស់កម្ពុជាសម្រាប់ស៊ីហ្គេមបានប្រាប់ឲ្យដឹងពីទីក្រុងហាណូយមកថា ម្ចាស់ផ្ទះវៀតណាមបានបើភ្លើងខៀវជួយដល់កម្ពុជានាស៊ីហ្គេមឆ្នាំ២០២៣ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះក្នុងនាមជាប្រទេសមានអាទិភាពទៀតផង ។
លោកមានប្រសាសន៍បែបនេះនារសៀលថ្ងៃទី១៩ មីនា ក្នុងអំឡុងងដែលប្រតិភូកម្ពុជាចូលរួមទស្សនកិច្ចតាមទីលានប្រកួតនានាពិសេសពហុកីឡដ្ឋានដែលត្រៀមសម្រាប់ពិធីបើកនិងបិទស៊ីហ្គេមលើកទី៣១តែម្ដង ។
ទីលានប្រកួតមួយចំនួនត្រូវបានរៀបចំតុបតែងរួចរាល់ហើយតែក៏មានទីលានមួយចំនួនមិនទាន់រៀបចំរួចរាល់នោះទេ។កម្ពុជានិងបណ្ដាប្រទេសជាសមាជិកអាស៊ានមានជំនឿចិត្តថាពេលវេលាដែលសល់ជាងមួយខែទៀតនោះវៀតណាមនឹងរៀបចំទាន់ពេលវេលាគ្រប់ហេដ្ឋារចនាសម្ព័ន្ធទាំងអស់ ។លោកនាយបេសកកម្មបន្ដថាអ្វីដែលសំខាន់សម្រាប់ការប្រជុំលើកនេះប្រតិភូកម្ពុជាបានស្នើសុំនូវចំណុចមួយចំនួនឲ្យវៀតណាមជួយដែលក្នុងនោះរួមមាន៖
ទី១៖កម្ពុជានឹងបញ្ជូនប្រតិភូនិងអត្ដលិកទ្រង់ទ្រាយធំជាង៥០០នាក់ក្នុងនោះមានប្រតិភូចូលរួមសិក្សាស្រាវជ្រាវរបស់ CAMSOC និងសហព័ន្ធកីឡាជាតិ (នាយកបច្ចេកទេស)។ ហេតុនេះយើងសំណូមពរឲ្យម្ចាស់ផ្ទះជួយសម្របសម្រួលរៀបចំការស្នាក់នៅហូបចុកការដឹកជញ្ជូនក៏ដូចជារៀបចំការផ្ទេរចំណេះដឹងទៅវិញទៅមកឮដល់ប្រតិភូរបស់យើង។ពិសេសការរៀបចំកម្រិតបដិសណ្ឋារកិច្ចជាន់ខ្ពស់ ជូនសម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មាធិការជាតិ CAMSOC ដែលត្រូវអញ្ជើញចូលរួមក្នុងពិធីផ្ទេរសិទ្ធិនិងទទួលទង់ស៊ីហ្គេមដល់កម្ពុជាបន្ដវេនធ្វើម្ចាស់ផ្ទះស៊ីហ្គេម នាឆ្នាំ២០២៣។នេះជាអ្វីដែលយើងត្រូវយកចិត្តទុកដាក់ ទាំងសុវត្ថិភាព បដិសណ្ឋារកិច្ច និងពិធីការ ជាមួយម្ចាស់ផ្ទះហើយម្ចាស់ផ្ទះបានត្រៀមជួយដល់កម្ពុជាក្នុងដំណើរទស្សនកិច្ចពិសេសរបស់សម្ដេចពិជ័យសេនា ព្រមទាំងប្រតិភូ ដែលមានមន្ដ្រីជាន់ខ្ពស់ថ្នាក់រដ្ឋមន្ដ្រីមួយចំនួនទៀត ដែលត្រូវអញ្ជើញចូលរួមពិធីបើក-បិទការប្រកួតផងដែរ។
ទី២៖ស្នើសុំការយោគយល់ និងផ្ដល់នូវការហ្វឹកហាត់មុនព្រឹត្តិការណ៍ស៊ីហ្គេម នៅវៀតណាម ដោយប្រតិភូកម្ពុជា បានស្នើសុំផ្ដល់ជូននូវកម្មវិធីហ្វឹកហាត់មុនស៊ីហ្គេម ១ខែ ឬ ជាង១ខែ នេះ ដល់ប្រភេទកីឡាមួយចំនួន ដូចជាកីឡាវ៉ូវីណាម កីឡាហែលទឹក និងកីឡាកាយសម្ព័ន្ធ ដែលយើងស្នើសុំឲ្យវៀតណាមផ្ដល់នូវការគាំពារ និងគាំទ្រ ក៏ដូចជារៀបចំទទួលប្រភេទកីឡា ៣ នេះ។
លោក វ៉ាត់ ចំរើន បន្ដថា នេះគឺជាអ្វីដែលយើងបានពិភាក្សាគ្នា ហើយភាគីវៀតណាម បានទទួលយកហើយថាកម្ពុជាគឺជាមិត្តល្អកម្ពុជាអាចត្រូវបានវៀតណាមចាត់ទុកថានឹងធ្វើបដិសណ្ឋារកិច្ចការទទួលនិងផ្ដល់នូវអាទិភាពតាមសំណូមពររបស់កម្ពុជាគឺជាអ្វីដែលយើងធ្វើការនៅទីនេះទាំងព្រឹកទាំងល្ងាចដែលយើងមានការងារប្រជុំផងពិនិត្យទីលានផងនិងពិគ្រោះយោបល់ជាមួយភាគីពាក់ព័ន្ធផង ។
ជាមួយគ្នានោះ គ្រប់បណ្ដាប្រទេស ដែលបានចូលរួមប្រជុំនាយបេសកកម្មខាងលើ បានអបអរសាទរ ចំពោះភាពរីកចម្រើននៃការត្រៀមខ្លួនធ្វើម្ចាស់ផ្ទះស៊ីហ្គេម ឆ្នាំ២០២៣ របស់កម្ពុជា និងត្រៀមចូលរួមប្រជុំក្រុមប្រឹក្សាកីឡាអាស៊ីអាគ្នេយ៍ លើកទី១ នៅខេត្តសៀមរាប ពីថ្ងៃទី០៨-១០ ខែមេសាខាងមុខ ពិសេសបានសន្យានឹងបញ្ជូនប្រតិភូ និងអត្តពលិកចូលរួម ក៏ដូចជាបង្ហាញនូវការគាំទ្រ ចំពោះការប្រកួតកីឡាស៊ីហ្គេមជាប្រវត្តិសាស្ដ្រនៅកម្ពុជាទៀតផង ។
សូមបញ្ជាក់ថា ក្រោមការណែនាំដ៏ខ្ពង់ខ្ពស់របស់សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងការពារជាតិនិងជាប្រធាន CAMSOC ក៏ដូចជាលោកបណ្ឌិត ថោង ខុន រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ និងជាអនុប្រធានអចិន្ដ្រៃយ៍ CAMSOC គឺបានបញ្ជូនប្រតិភូ ១ក្រុម ដឹកនាំដោយឯកឧត្តម វ៉ាត់ ចំរើន ចូលរួមប្រជុំនាយកបេសកកម្មនៅទីក្រុងហាណូយហើយធ្វើការស្រាវជ្រាវនិងផ្លាស់ប្ដូរយោបល់ពិសេសក្រេបយកបទពិសោធន៍ល្អៗសម្រាប់ត្រៀមរៀបចំការប្រកួតកីឡាស៊ីហ្គេម ឆ្នាំ២០២៣ នៅកម្ពុជា៕