​ដោយៈ​សុវណ្ណ​កុម្ភៈ​/ ហាណូយៈ «​ម្ចាស់ផ្ទះ​វៀតណាម​កំពុង​ត្រៀម​បើក​ឲ្យ​មាន​អ្នកគាំទ្រ​បាន​ចូល​មើល​ផ្ទាល់​អំឡុង​ស៊ី​ហ្គេម​» នេះ​ជា​ប្រសាសន៍​របស់លោក វ៉ា​ត់ ចំរើន អគ្គលេខាធិការ គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា (NOCC) និង​ជា​អគ្គលេខាធិការ​គណៈកម្មាធិកា​រ​ជាតិ CAMSOC ទទួលបន្ទុក​នាយ​បេសកកម្ម​កំពុង​ដឹកនាំ​ប្រតិភូ​កីឡា​កម្ពុជា​ចូលរួម​ក្នុង​កិច្ចប្រជុំ​នាយ​បេសកកម្ម​ត្រៀម​ការប្រកួត​កីឡា​ស៊ី​ហ្គេម​លើក​ទី​៣១ នៅ​ប្រទេស​វៀតណាម​។​

​លោក​មានប្រសាសន៍​ថាស​ម្រា​ប់​សារព័ត៌មាន និង​ការបើក​ឲ្យ​មាន​អ្នកទស្សនា​នេះ​ឥឡូវនេះ​មិនទាន់​បានកំណត់​ច្បាស់លាស់​នៅឡើយ​ទេ​។​ប៉ុន្តែ​ប្រទេស​វៀតណាម​បម្រុង​ធ្វើ​ការបើក​ឲ្យ​ទេសចរណ៍​ក៏ដូចជា​ការចូល​ទស្សនា​នេះ​តាម​​គម្រោង​របស់​គណៈកម្មាធិកា​រ​រៀបចំ​គឺ​គម្រោង​នឹង​បើក​ឲ្យ​មានការ​ទស្សនា​តាម​ដែល​អាចធ្វើ​ទៅបាន​ហើយនឹង​ឲ្យ​ភ្ញៀវ​ទេស​​ចរ​ចូល​វៀតណាម​កាន់តែច្រើន​នៅក្នុង​អំឡុងពេល​ស៊ី​ហ្គេម​ខាងមុខនេះ​។​

លោក​បន្ថែមថា​នេះ​ជា​គោលបំណង​របស់​ម្ចាស់ផ្ទះ​តែ​ម្ចាស់ផ្ទះ​សូម​ឲ្យ​រង់ចាំ​ការសម្រេចចិត្ត​ពី​រដ្ឋាភិបាល​និង​ពី​គណៈកម្មាធិការ​រៀបចំ​ជាមុនសិន​។ ចំណែក​អ្នកសារព័ត៌មាន​ទាំងអស់ គឺ​ម្ចាស់ផ្ទះ​បាន​យកចិត្តទុកដាក់​និង​រៀបចំ​ឲ្យ​មានការ​ចូលរួម​ពី​បណ្ដាញ​អ្នកសារព័ត៌មាន​ជាតិ​និង​អន្តរជាតិ​ដែល​ត្រូវ​ចូលរួម​ដោយមាន​ការសម្របសម្រួល​ស្នាក់នៅ​ហូបចុក​ផ្ដល់នូវ​ការអនុញ្ញាត​ឲ្យ​ចូល​យក​ព័ត៌មាន​នៅ​គ្រប់​ទីកន្លែង​ទាំងអស់​ព្រមទាំង​ផ្ដល់នូវ​ក្ដី​សង្ឃឹម​ឲ្យ​ប្រទេស​ទាំងអស់​ត្រៀមលក្ខណៈ​បញ្ជូន​សារ​ទៅ​ឲ្យ​គ្រប់​ប្រទេស​ទាំងអស់​ថា​វៀតណាម​ត្រៀម​នឹង​បើក​ក្នុងពេល​ស៊ី​ហ្គេម​នេះ ឲ្យ​មាន​ទេសចរ និង​ឲ្យ​មាន​អ្នកទស្សនា​ផងដែរ​»​។​

​ក្រោយ​បញ្ចប់​កិច្ចប្រជុំ​ដ៏​មាន​សារៈសំខាន់​នេះ​ប្រតិភូ​កីឡា​កម្ពុជា នឹង​ត្រឡប់​មកកាន់​ប្រទេស​កម្ពុជា​វិញ​នា​យប់​ថ្ងៃទី​២០ ខែមីនា​នេះ ៕​