ដោយៈ សុវណ្ណកុម្ភៈ / ហាណូយៈ សម្រាប់ស៊ីហ្គេមលើកទី៣១ នៅប្រទេសវៀតណាម ដែលនឹងធ្វើនាខែឧសភា ខាងមុខនេះ ការប្រកួតកីឡា ជាក្រុមពិសេសបាល់ទាត់បុរស និងនារី កំពុងតែស្នើសុំឲ្យមានការបន្ថែម ចំនួនអត្តពលិក ដើម្បីបង្ការដោះដូរ ពេលកីឡាករ ឬ កីឡាការិនី មានបញ្ហាកូវីដ ១៩ ។
នេះបើតាមប្រសាសន៍របស់ លោក វ៉ាត់ ចំរើន អគ្គលេខាធិការ គណៈកម្មាធិការជាតិរៀបចំ ស៊ីហ្គេម ឆ្នាំ២០៣ (CAMSOC) ដែលប្រាប់ពីទីក្រុងហាណូយ ប្រទេសវៀតណាម ។
យោងតាមបទប្បញ្ញត្តិដើម ពីគណៈកម្មការរៀបចំការប្រកួតកីឡាស៊ីហ្គេម លើកទី៣១ សម្រាប់ប្រភេទកីឡាបាល់ទាត់ បុរស នារី អាចចុះឈ្មោះអត្តពលិក បានចំនួន ២០ នាក់ តែដោយសារ ក្ដីបារម្ភ អំពីផលប៉ះពាល់ នៃជំងឺកូវីដ ១៩ នោះ ចំនួនកីឡាករ កីឡាការិនី ដែលបានចុះឈ្មោះ ចូលរួមប្រកួត អាចនឹងត្រូវបង្កើនចំនួន ។
ចំណុចសំខាន់នៃ ការប្រជុំនាយបេសកកម្ម គឺអង្គប្រជុំបានពិគ្រោះគ្នា អំពីបញ្ហាកូវីដ ១៩ សម្រាប់ការប្រកួតកីឡា ជាក្រុមដូចជា បាល់ទាត់ជាដើម។ សំណើប្រទេសជាច្រើន គឺសុំឲ្យម្ចាស់ផ្ទះ ជួយបង្កើនចំនួនកីឡាករ កីឡាការិនី សម្រាប់ប្រភេទកីឡាបាល់ទាត់ សម្រាប់បម្រុងទុកឲ្យបានច្រើន ក្នុងករណីកីឡាករ កីឡាការិនី កើតកូវីដ ១៩ នៅក្នុងការប្រកួត គឺអត្តពលិកទាំងអស់ មិនអនុញ្ញាតឲ្យប្រកួតឡើយ ។
កត្តានេះហើយ ដែលបង្កឲ្យមានការប៉ះពាល់ ដល់ប្រភេទកីឡា ជាក្រុមព្រោះកីឡា ជាក្រុម គេមានបទបញ្ជាកំណត់ ឲ្យកីឡាករបម្រុង ៥នាក់ ៤នាក់ ឬ ៣នាក់ប៉ុណ្ណោះ។ ហេតុនេះ ប្រសិនអត្តពលិក មានជំងឺច្រើន អាចនឹងមានផលប៉ះពាល់ដល់ក្រុម ។ ហេតុនេះហើយ ទើបប្រទេសជាច្រើន សំណូមពរសុំអនុញ្ញាត ឲ្យចុះឈ្មោះបានលើស ពីចំនួនកំណត់ គឺដើម្បីមានកីឡាករ កីឡាការិនី បម្រុងសម្រាប់ផ្លាស់ប្ដូរ ។
ឆ្លើយតបនឹងសំណួរអ្នកសារព័ត៌មាន ក្នុងសន្និសីទនេះ គណៈប្រតិភូកីឡាស៊ីហ្គេម លើកទី៣១ លោកស្រី Le Thi Hoang Yen អគ្គនាយករង នៃអគ្គនាយកដ្ឋានអប់រំកាយ និងកីឡាវៀតណាម បានប្រាប់ថាៈ ស៊ីហ្គេមមានគំនិត និងចង់បង្កើនចំនួនសមាជិក ដល់ក្រុមដែលចូលរួម ក្នុងប្រភេទកីឡាជាក្រុម រួមទាំងបាល់ទាត់ទៀតផង។
បទប្បញ្ញត្តិដំបូង ស្តីពីចំនួនកីឡាករ ដែលបានចុះឈ្មោះ អតិបរមាមានចំនួន ២០ នាក់ អាចនឹងត្រូវបានកែសម្រួល ក្នុងពេលឆាប់ៗនេះ ក្នុងបរិបទនៃការរីករាលដាល ដ៏ស្មុគស្មាញ នៃជំងឺកូ វីដ១៩។
លោកស្រី Le Thi Hoang Yen បានបន្ដថាៈ ស៊ីហ្គេមទី៣១ នឹងមានអត្តពលិក ចូលរួមប្រមាណ ៧.០០០ នាក់។ បញ្ជីរាយនាមជាក់លាក់ នៃគណៈប្រតិភូ ត្រូវតែផ្ញើទៅ គណៈកម្មាធិការរៀបចំ ការប្រកួត នៅថ្ងៃទី៣០ ខែមីនា។ ចំពោះកីឡាឯក្តជនអត្តពលិក ដែលមានវិជ្ជមាន កូវីដ-១៩ មិនអាចបន្តប្រកួតបានទេ ហើយលទ្ធផល នឹងត្រូវលុបចោល។ គណៈប្រតិភូ ត្រូវបានអនុញ្ញាត ឲ្យជំនួសអត្តពលិក ដែលមានកូវីដ-១៩ មុនពេលចាកចេញ មកកាន់ប្រទេសវៀតណាម។ សម្រាប់កីឡាជាក្រុមអត្តពលិក ដែលមានទំនាក់ទំនងជិត ស្និទ្ធនឹងកីឡាករវិជ្ជមាន នៅតែត្រូវ បានអនុញ្ញាត ឲ្យប្រកួតជាធម្មតា ដោយមិនដាក់ឲ្យនៅដាច់ ដោយឡែក ពីគេឡើយ ប្រសិនបើ លទ្ធផលអវិជ្ជមាន។
លោកTran Van Manh អគ្គលេខាធិការ គណៈកម្មាធិការជាតិអូឡាំពិកវៀតណាម បានមានប្រសាសន៍ថាៈ ការចាប់ឆ្នោតបែងចែកពូល កីឡាជាក្រុម នឹងប្រព្រឹត្តទៅ នៅដើមខែមេសា បន្ទាប់ពីគណៈកម្មាធិការរៀបចំការប្រកួត បិទបញ្ជីចុះឈ្មោះគណៈប្រតិភូ។
ស៊ីហ្គេមលើកទី៣១ បាល់ទាត់បុរស ចាប់ផ្ដើមប្រកួត ពីថ្ងៃទី៦ ដល់ ២២ ឧសភា ការចាប់ឆ្នោតបែងចែកពូល ធ្វើនៅកីឡដ្ឋាន Viet Tri ខេត្ត Phu Tho និងធ្វើនៅកីឡដ្ឋាន Thien Truong ខេត្ត Nam Dinh វគ្គផ្ដាច់ព្រ័ត្រ និងផ្ដាច់ព្រ័ត្រ ធ្វើនៅកីឡដ្ឋាន My Dinh ទីក្រុងហាណូយ៕/V