ដោយៈ ប.ជ័យ / បន្ទាយមានជ័យៈ បុរសម្នាក់ អស់ចិត្តនឹងប្រពន្ធ ជាង ១ ឆ្នាំហើយ តែនៅចិញ្ចឹមចិត្តគុំកួន ប៉ងធ្វើឃាតប្រពន្ធ និងឪពុក ម្តាយក្មេក ដោយសម្តែងគំនុំនោះ ក្នុងរូបភាពយកសាំង ៣ ដបទឹកសុទ្ធ ចាក់ស្រោច បង្កាត់ភ្លើងដុតផ្ទះ ប៉ុន្តែអ្នកភូមិ បានជួយទាន់ ហើយសង្គ្រោះ អតីតប្រពន្ធ និងអតីតឪពុកម្តាយក្មេក ចេញ ផុតពីគ្រោះព្យាបាទនោះ ។
រឿងរ៉ាវនេះ បានកើតឡើង នៅវេលាម៉ោង ៧ យប់ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២២ នៅចំណុចភូមិវត្តចាស់ ឃុំថ្មពួក ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។
មន្ត្រីនគរបាលស្រុកថ្មពួក បានប្រាប់ឲ្យដឹងថាៈ ជនសង្ស័យ មានឈ្មោះ រីក ទូរី ភេទប្រុស អាយុ ៣៩ ឆ្នាំ រស់នៅភូមិថ្នល់ដាច់ ឃុំថ្មពួក ស្រុកថ្មពួក។
មន្ត្រីដដែល បានបន្តថាៈ បុរសនេះ មានគំនុំ ដោយនៅចិញ្ចឹមចិត្ត ប៉ុនប៉ងថានឹងសម្លាប់ អតីតឪពុក ម្តាយក្មេក និងអតីតប្រពន្ធ ព្រោះគិតថា បើខ្លួនលែងបាន នៅក្នុងគ្រួសារនេះ គ្រួសារនេះ ក៏មិនត្រូវបានទៅអ្នកណាដែរ។ ហេតុនេះ ពេលកើតហេតុ យប់ស្ងាត់នោះ យាយ និងតា និងកូន នៃគ្រួសារ បានស្ថិតនៅក្នុងផ្ទះ ។ ពេលនោះ ជនសង្ស័យ បានយកសាំង ចំនួន ៣ ដបទឹកសុទ្ធ និងចន្លុះ ១ដើម ដែកកេះចំនួន១ ទៅចាក់បង្កាត់ដុតបន្ទះក្ដារ ឈើមូល ១កំណាត់ ប្រវែងកន្លះម៉ែត្រ ហើយបានយក ទៅរុញដុតផ្ទះនោះ។
ពេលនោះ យាយ តា បានចេញមកប្រតាយប្រតប់ យ៉ាងខ្លាំង ជាមួយជនសង្ស័យ ។ ប៉ុន្តែ ដោយកម្លាំងខ្សោយ យាយតា (អតីតឪពុកម្ដាយក្មេក) នាំគ្នារត់ចូលទៅបន្ទប់ ក្នុងផ្ទះបិទទ្វារ។ ឯជនបង្ករលោតធាក់ទ្វារ និងជញ្ជាំងផ្ទះ ហេីយបានយកសាំង ចំនួនមួយដប ទឹកសុទ្ធ ចាក់ស្រោច ទៅលើជញ្ជាំងផ្ទះ និងស្រែកគំរាមថា នឹងដុតសម្លាប់ទាំងអស់ ។ ប៉ុន្តែមិនបាន សំរេច ដោយសារកូន និងអ្នកជិតខាង ទៅជួយឃាត់ទាន់ និងចាប់ឃាត់ បានជនសង្ស័យ ប្រគល់ទៅឲ្យសមត្ថកិច្ច។
សមត្ថកិច្ច បានបន្តថាៈ ជនរងគ្រោះ មានឈ្មោះ ជួប លាភ ភេទប្រុស អាយុ ៦៩ ឆ្នាំ រស់នៅភូមិវត្តចាស់ ឃុំថ្មពួក ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។
ចំណែកជនសង្ស័យ បានឆ្លើយសារភាពថាៈ ខ្លួនក៏រងគ្រោះដែរ ដោយសារគ្រួសារនេះ បង្ខំអោយចាកចេញ ហើយខ្លួនមិនអត់ទ្រាំថា ត្រូវតែសងសឹកមិនបាន ទើបបញ្ចេញកំហឹង បែបនេះ ។
កម្លាំងនគរបាលស្រុកថ្មពួក បានចាប់បញ្ជូនជនសង្ស័យ មកការិយាល័យព្រហ្មទ័ណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ដើម្បីសួរចម្លើយបន្ថែម និងរៀបចំសំណុំរឿង បញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធី៕/V