ដោយ៖តារារិទ្ធ/ភ្នំពេញ៖តាមការគ្រោងទុកនៅវេលាម៉ោង ១៤៖៥៥ នាទីរសៀលថ្ងៃទី២០ ខែមីនា ២០២២ នេះ លោក គីស៊ីដា ហ្វឹមីអូ (KISHIDA Fumio) នាយករដ្ឋមន្រ្តីជប៉ុន នឹងមកដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញតាមជើងយន្តហោះពិសេសដើម្បីបំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជារយៈពេល២ ថ្ងៃ ដោយចាប់ពីថ្ងៃទី២០ ដល់២១ ខែមីនា ឆ្នាំ២០២២។
លោកនាយករដ្ឋមន្ត្រីជប៉ុនលោក ហ្វូមីអូ គីស្សីដា (Fumio Kishida)
សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជាបានប្រកាសថានាយករដ្ឋមន្ត្រីជប៉ុនលោក ហ្វូមីអូ គីស្សីដា (Fumio Kishida)នឹងជួបពិភាក្សាទ្វេភាគីជាមួយសម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាដើម្បីពិភាក្សាអំពីការពង្រឹងទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីររួមមានក្នុងវិស័យពាណិជ្ជកម្ម វិនិយោគ អប់រំ ហេដ្ឋារចនាសម្ព័ន្ធ សន្តិសុខនិងការស្តារសង្គម-សេដ្ឋកិច្ចឡើងវិញក្រោយពីវិបត្តិនៃជំងឺកូវីដ១៩ ព្រមទាំងវិស័យផ្សេងៗទៀតព្រមទាំងផ្លាស់ប្តូរទស្សនៈលើបញ្ហា តំបន់និងអន្តរជាតិដែលជាផលប្រយោជន៍និងកង្វល់រួម ។ បន្ទាប់ពីជំនួបនោះនឹងមានពិធីចុះហត្តលេខានិងសន្និសីទកាសែតរួមគ្នា ។ នៅរាត្រីថ្ងៃទី ២០ ខែ មីនា សម្តេចតេជោ ហ៊ុន សែន មានរៀបចំពិធី ជប់លៀងជាផ្លូវការជូននាយករដ្ឋមន្ត្រីជប៉ុននិងគណៈប្រតិភូនៅវិមានសន្តិភាព។
ក្នុងអំឡុងពេលទស្សនកិច្ចនេះដែរលោក KISHIDA Fumio នឹងអញ្ជើញទៅគោរពវិញ្ញាណក្ខន្ធលោក NAKATA HARUYUKI ជនជាតិជប៉ុន ដែលជាអតីតអធិការប៉ូលិសអ៊ុនតាក់នៅ វត្តតាំងក្រសាំង និង លោក NAKATA ATSUHITO ជនជាតិជប៉ុនដែលជាអតីតបុគ្គលិកស្ម័គ្រចិត្តរបស់អង្គការសហប្រជាជាតិ ។លោក KISHIDA Fumio និង ប្រតិភូជាន់ខ្ពស់ជប៉ុន នឹងអញ្ជើញដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធនៅវិមានឯករាជ្យនិងដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធព្រះបរមរតនកោដ្ឋ ព្រះករុណា ព្រះបាទសម្តេច ព្រះនរោត្តម សីហនុ ។
សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសបានបង្ហាញថាដំណើរទស្សនកិច្ចផ្លូវការរបស់លោកនាយករដ្ឋមន្ត្រី KISHIDA Fumio មកកាន់ព្រះរាជាណាចក្រកម្ពុជាសង្កត់ធ្ងន់លើ ការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់ភាគីទាំងពីរក្នុងការលើកកម្ពស់និងពង្រឹងទំនាក់ទំនងល្អប្រពៃដែលមានស្រាប់និងភាព ជាដៃគូយុទ្ធសាស្ត្រក៏ដូចជាកិច្ចសហប្រតិបត្តិការរវាងកម្ពុជានិង ជប៉ុន ក្នុងក្របខ័ណ្ឌទ្វេភាគីនិងពហុភាគីដើម្បីផលប្រយោជន៍ទៅវិញទៅមកនៃប្រទេ សទាំងពីរ ។
លោក ហ្វូមីអូ គីស្សីដា គឺជាប្រធានគណបក្សប្រជាធិបតេយ្យសេរី (LDP)ដែលកំពុងកាន់អំណាចនៅប្រទេសជប៉ុន។លោកត្រូវបានសភាជប៉ុនបោះឆ្នោតគាំទ្រជាផ្លូវការឲ្យឡើងកាន់ តំណែងជានាយករដ្ឋមន្ត្រីជប៉ុនកាលពីថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២១៕