​ដោយ​:​ភ្នំ​សន្ទុក​/​កំពង់ធំ​: លោកស្រី ឃួន ឃុន​ឌី សមាជិក​ព្រឹទ្ធ​ភាព និង​ជា​ប្រធាន​ក្រុមការងារ​ចុះ​មូលដ្ឋាន​ស្រុក​កំពង់ស្វាយ​ថ្លែងថា ការ​រី​ចម្រើន​វិស័យ​ពុទ្ធចក្រ និង​អាណាចក្រ​ត្រូវ​ពឹង​ផ្អែកលើ​កត្តា​សន្តិសុខ ស្ថិរភាព​នយោបាយ​ចាំបាច់​ជា​ចម្បង​ដែល​មិនអាច​ខ្វះ​បាន ។ លោកស្រី​បាន​ថ្លែង​យ៉ាង​ដូច្នេះ ក្នុង​ពិធី​សម្ពោធ​សមិទ្ធផល​នានា​ក្នុង​វត្ត​សាន​គរ ឃុំ​សាន​គរ ស្រុក​កំពង់ស្វាយ ខេត្តកំពង់ធំ ព្រឹក​ថ្ងៃទី​២០ ខែមីនា ឆ្នាំ​២០២២​។​

​កម្មវិធី​នេះ​មានការ​អញ្ជើញ​ចូលរួម​ពី លោក​ជាម ប៉េអា អ្នកតំណាងរាស្ត្រ​មណ្ឌល​ព្រៃវែង សម្ដេចព្រះ​ធម្មលិខិត​បណ្ឌិត សៅរ៍ ចន្ទ​ថុល្ល ឧ​ត្ត​ម​ប្រឹក្សា​គណៈមហានិកាយ និង​ជា​អនុប្រធាន​ទី​៣ ថេរ​សភា​ព្រះពុទ្ធសាសនា អភិបាលស្រុក​កំពង់ស្វាយ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និង​ប្រជាពលរដ្ឋ​ជាច្រើន​នាក់​ផងដែរ ។​

​លោកស្រី​ក៏បាន​ថ្លែងអំណរគុណ​ដល់​អាជ្ញាធរ​ដែនដី​គ្រប់លំដាប់​ថ្នាក់​និង​សប្បុរសជន​ទាំងអស់​ពិសេស​សម្ដេចព្រះ​ធម្មលិខិត​បណ្ឌិត សៅរ៍ ចន្ទ​ថុល្ល លោក ជាម ប៉េអា បាន​ជ្រះថ្លា​ចូលរួមចំណែក​ជួយឧបត្ថម្ភ​គាំទ្រ​ដល់​ការកសាង​សមិទ្ធផល​នានា និង​សាលា​បាលី​ក្នុង​វត្ត​សាន​គរ សម្រាប់​ជួយ​ដល់​ការបណ្តុះបណ្តាល​ធនធាន​ព្រះសង្ឃ ដើម្បី​ពង្រឹង​គុណ​តម្លៃ និង​គុណភាព វិស័យ​ព្រះពុទ្ធសាសនា​នៅ​កម្ពុជា​ឲ្យ​សក្តិ​សមជា​សាសនា​របស់​រដ្ឋ​។​

​លោកស្រី​បាន​បន្តថា​ក្រោម​ការដឹកនាំ​ប្រកបដោយ​គតិបណ្ឌិត​រប​ស់ស​ម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី​ថ្នាក់ដឹកនាំ​គ្រប់លំដាប់​ថ្នាក់​ធ្វើ​ឲ្យ​រដ្ឋបាល ជា​មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ សង្គម​ស៊ីវិល​ក៏បាន​ថែរក្សា​សុវត្ថិភាព​សន្តិសុខ​សណ្តាប់ធ្នាប់​សាធារណៈ​ព្រមទាំង​សម្រេចបាន​នូវ​សមិទ្ធផល​នានា​ជាច្រើន​ដែលជា​រួមចំណែក​ដល់​ការអភិវឌ្ឍ​សេដ្ឋកិច្ចសង្គម​និង​ការលើកកម្ពស់​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ ។ ការរីកចម្រើន​វិស័យ​ពុទ្ធចក្រ និង​អាណាចក្រ ត្រូវ​ពឹង​ផ្អែកលើ​កត្តា​សន្តិសុខ ស្ថិរភាព​នយោបាយ និង​សុវត្ថិភាព​សង្គម​ចាំបាច់​ជា​ចម្បង​ដែល​មិនអាច​ខ្វះ​បាន ជាក់ស្តែង​សមិទ្ធិផល​នានា​ជាច្រើន ដែល​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​នាពេលនេះ បានបង្ហាញ​ឲ្យ​ឃើញស្រាប់​។​

​លោកស្រី​បានស្នើរ​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ​ទាំងអស់​ត្រូវមាន​ជំនឿ​លើ​ខ្លួនឯង ជឿ​លើ​រាជរដ្ឋាភិបាល​ខ្លួនឯង ជឿ​លើ​គោលនយោបាយ​ការដឹកនាំ​របស់​រាជរ​ដ្ឋា​ភិ​បាល​កម្ពុជា​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ដើម្បី​រួមគ្នា​បន្តដំណើរ​លើ​នាវា​កម្ពុជា ឆ្ពោះទៅកាន់​ត្រើយ​សុខសន្តិភាព និង​ការអភិវឌ្ឍ​ប្រទេស​ជា​បន្តទៀត​។ ដូចនេះ ដើម្បី​ឲ្យ​កម្ពុជា​នៅតែ​រក្សាបាន​សន្តិភាព និង​ការឯកភាព​ជាតិ​សូម​ប្រជាជន​ទាំងអស់​ទៅ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ​-​សង្កាត់ នៅ​ថ្ងៃទី​៥ ខែមិថុនា ឆ្នាំ​២០២២​ខាងមុខ ឲ្យ​បាន​គ្រប់ៗ​គ្នា ដើម្បី​ជ្រើសរើស​អ្នក​ដែល​ខ្លួន​ស្រឡាញ់​ចេះ​ផ្ដល់​សេចក្ដីសុខ និង​ការអភិវឌ្ឍ ជាពិសេស​ស្រឡាញ់​សន្តិភាព​៕​