​ដោយ​: បូកគោ​/​កំពត​: រថយន្ត​សណ្តោង​មួយគ្រឿង កំពុង​បើកបរ​ស្រាប់តែ​អស់​ប្រេង​ក៏​ចត​លើ​ដងផ្លូវ លុះ​បុរស​ម្នាក់​បើក​ម៉ូតូ​មកពី​ក្រោយ​បាន​បុក​ពេញទំហឹង​បណ្តាល​ឲ្យ​ភ្លាមៗ​មួយ​រំពេច​។ ហេតុការណ៍​នេះ បាន​កើតឡើង​កាលពី​យប់​ថ្ងៃទី​១៩ ខែមីនា ឆ្នាំ​២០២២ នៅលើ​កំណាត់​ផ្លូវជាតិ​លេខ​៣១ ក្នុងភូមិ​អង្គរជ័យ​ក្រោម ឃុំ​អង្គរជ័យ ស្រុក​អង្គរជ័យ​។​

​មន្ត្រីនគរបាល​ចរាច​រណ៍​នៃ​ស្នងការដ្ឋាន​ខេត្តកំពត​បាន​ប្រាប់​ឲ្យ​ដឹងថា​​បុរស​ដែល​បាត់បង់​ជីវិត​ក្នុង​ហេតុការណ៍​ខាងលើ​ឈ្មោះ​វន់ វ៉ា​ត់ អាយុ ៤០​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ត្រពាំង​កំភ្លាញ ឃុំ​អង្គ​ភ្នំ​តូច ស្រុក​អង្គរជ័យ ខេត្តកំពត​។ ប្រភព​ដដែល​បាន​រៀបរាប់ថា​កាល​ម៉ោង​៩​យប់ ថ្ងៃទី​១៩ ខែមីនា មាន​ករណី​គ្រោះថ្នាក់​ចរាចរ​មួយ​កើតឡើង​នៅលើ​ដងផ្លូវ​ជាតិ​លេខ​៣១ ស្ថិត​ក្នុងភូមិ​អង្គរជ័យ​ក្រោម ឃុំ​អង្គរជ័យ ដោយ​ម៉ូតូ​មួយគ្រឿង​បាន​បុក​រថយន្ត​កំពុង​ចត​ស្ងៀម​។

​សមត្ថកិច្ច​បានបញ្ជាក់​ថា មុន​គ្រោះថ្នាក់​កើតឡើង គឺមាន​រថយន្ត​មួយគ្រឿង​ម៉ាក​អ៊ី​យ៉ាន់​ដាយ​ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 3A-5111 និង​សណ្តោង​រ៉ឺម៉ក ស្លាក​លេខ ក 0591. ភព​6 កំពុង​បើកបរ​ស្រាប់តែ​រលត់ រួច​ចត​នៅលើ​ដងផ្លូវ​ព្រោះតែ​អស់​ប្រេង​។ ស្របពេលនោះ​ស្រាប់​តែមាន​បុរស​ម្នាក់​បើក​ម៉ូតូ​មកពី​ក្រោយ​បាន​បុក​រថយន្ត​ពេញទំហឹង​បណ្តាលឱ្យ​ស្លាប់​មួយ​រំពេច​។ ឃើញ​ស្ថានភាព​បែប​នោះ អ្នកបើកប​រថយន្ត​ក៏បាន​រត់​គេចខ្លួនបាត់​ភ្លាមៗ​៕​