​ដោយៈ​មុនី​រ័ត្ន​/​ភ្នំពេញ​: លោក ហ៊ុន ម៉ា​ណែ​ត បាន​មានប្រសាសន៍​បញ្ជាក់ថា រហូតមកដល់​ដំណាក់កាល​អភិវឌ្ឍ​ដូច​បច្ចុប្បន្ននេះ​រួចហើយ គឺ​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល​ដឹកនាំ​គណបក្ស​ប្រជាជន​កម្ពុជា ក៏​នៅ​បន្ត​ផ្តោតលើ​ការជំរុញ​នាវា​កម្ពុជា​ឱ្យធ្វើ​ដំណើរ​ទៅមុខ ហើយ​បើទោះជា​ជួប​បញ្ហា​ប្រឈម​ច្រើន​ដោយសារ​ការ​រាតត្បាត​ជា​សាកល​នៃ​ជំងឺ​កូ​វីដ​-១៩ ក្នុង​រយៈពេល​ជាង ០២ ឆ្នាំ​កន្លងមកនេះ ក៏​រាជរដ្ឋាភិបាល​បាន​ខិតខំ​តស៊ូ​យកឈ្នះ​គ្រោះវិបត្តិ​នេះ​រហូត​ជោគជ័យ​គួរ​ជាទី​មោទនៈ ជាពិសេស​អាទិភាព​សំខាន់​ចាំបាច់​បំផុត គឺ​ការការពារ​អាយុជីវិត​ប្រជាពលរដ្ឋ តាមរយៈ​ការស្រោចស្រព​វ៉ាក់សាំង ព្រម​ជាមួយនឹង​ការរៀបចំ​ទីតាំង​ព្យាបាល​របស់​រដ្ឋ​នៅ​ទូទាំងប្រទេស​ដោយមាន​កា​រ​ទំនុកបម្រុង​ថ្នាំសង្កូវ និង​អាហារ​ហូបចុក​បរិបូរ​គ្រប់គ្រាន់​។ ហើយ​នៅក្នុង​ដំណាក់កាល​នៃ​ការ​ងើប​ឡើងវិញ​ក្រោយ​វិបត្តិ​នេះ រាជរដ្ឋាភិបាល​ក៏មាន​យុទ្ធសាស្ត្រ និង​ផែនការ​ច្បាស់លាស់​ក្នុងការ​ស្តារឡើងវិញ​នូវ​ផលប៉ះពាល់​ផ្នែក​សង្គម​-​សេដ្ឋកិច្ច ដើម្បី​ជំរុញឱ្យមាន​កំណើន​ជាថ្មី​បម្រើឱ្យ​ការធានា​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ ដោយ​ក្នុងនោះ​វិធានការ​ជាច្រើន​ត្រូវបាន និង​កំពុង​បន្ត​អនុវត្ត​សម្រាប់​ពេល​ចំពោះមុខ និង​រយៈពេល​មធ្យម​ទៅមុខ​។​

​ការបញ្ជាក់​នេះ ក្នុង​ពិធី​សម្ពោធ​ឆ្លង​មហា​កុដិ​ថ្មី និង​សមិទ្ធផល​នានា ក្នុង​វត្ត​ឧទុម្ពរ (​ហៅ​វត្ត​ល្វា​) ស្ថិតក្នុង​ភូមិ​ល្វា​ធំ ឃុំ​ល្ងៀង ស្រុក​ត្បូងឃ្មុំ ខេត្ត​ត្បូងឃ្មុំ កាលពី​ព្រឹក​ថ្ងៃទី​២០ ខែមីនា ឆ្នាំ​២០២២​។

​លោក ហ៊ុន ម៉ា​ណែ​ត ក៏បាន​នាំមក​នូវ​ការ​ផ្តាំផ្ញើ​ការចូលរួម​អបអរសាទរ និង​អនុមោទនា​ត្រេកអរ​ពី​សំណាក់ សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ចំពោះ​ការសម្ពោធ​ឆ្លង​សមិទ្ធផល​ថ្មី ក្នុង​ទី​រាម​ដ៏​ចំណាស់​ជាង ១០០ ឆ្នាំ​មួយ​នេះ ហើយក៏​ជា​ស្រុកភូមិ​ដែល សម្តេច​ទាំងពីរ មាន​ប្រវត្តិ​តស៊ូ​លំបាក​ជូរចត់​ជាច្រើន​ក្នុងដំណាក់កាល​ដែល​ប្រទេសជាតិ​ស្ថិតក្នុង​វិបត្តិ​សង្គ្រាម​។ ពិតណាស់ ឱកាស​នៃ​ពិធី​នាពេលនេះ គឺជា​ភ័ព្វសំណាង​មួយ​ខុសពី​សម័យកាល​សង្គ្រាម ដោយ​ប្រជាពលរដ្ឋ​ចាស់​ក្មេង ទាំង​អ្នក​ជំនាន់​មុន និង​ជំនាន់​ក្រោយ បាន​ជួបជុំគ្នា​នៅ​ទីកន្លែង​តែមួយ​ក្នុង​ជំនាន់​សុខសន្តិភាព​ដូច​ពេលនេះ ជាមួយនឹង​បរិយាកាស​ស្និទ្ធស្នាល​សប្បាយរីករាយ​អបអរសាទរ​ចំពោះ​ការទទួលបាន​សមិទ្ធផល​ថ្មីៗ​ផ្នែក​សាសនា ក៏ដូចជា​ការអភិវឌ្ឍ​រីកចម្រើន​លើ​គ្រប់​វិស័យ​របស់​ស្រុក​ត្បូងឃ្មុំ ជាពិសេស ដំណើរ​ការកសាង​ផ្លូវជាតិ​លេខ ៧១c ឆ្លងកាត់​បណ្តា​ឃុំ ហើយ​ដែល​នេះ​គឺជា​សមិទ្ធផល​ប្រវត្តិសាស្ត្រ ដោយ​នឹង​នាំមក​នូវ​សក្តានុពល​ថ្មីៗ​សម្រាប់​មូលដ្ឋាន​នេះ ដូច​អ្វីដែល សម្តេច​តេ​ជោ បាន​ប្តេជ្ញាចិត្ត​តាំងពី​ឆ្នាំ​១៩៧៩ មក គឺ​ធ្វើយ៉ាងណា​កសាង​ប្រទេស​កម្ពុជា​ឱ្យមាន​ការអភិវឌ្ឍ​រីកចម្រើន​នៅ​គ្រប់​ទីកន្លែង​។​

​ជាមួយគ្នា​នះ លោក​ហ៊ុន ម៉ា​ណែ​ត ក៏បាន​អរគុណ​អ្នក​ត្បូងឃ្មុំ ដែលជា​និច្ច​ជា​កាល​តែង​បាន​គាំទ្រ សម្តេច​តេ​ជោ គាំទ្រ​ការដឹកនាំ​របស់​គណបក្ស​ប្រជាជន​កម្ពុជា តាមរយៈ​ការបោះឆ្នោត​ជាច្រើន​អាណត្តិ​កន្លងមក​។ នៅក្នុង​ជីវភាព​រស់នៅ យើង​តែង​បាន​ខិតខំ​បំពេញ​បុណ្យ​កុសល និង​ជួយ​គ្នា​ទៅវិញទៅមក ដោយ​ធ្វើ​ល្អ​បានល្អ ធ្វើ​អាក្រក់​បាន​អាក្រក់ តាម​អំពើ​បាប​បុណ្យ​ដែល​បាន​សាង​។ នៅ​ការដឹកនាំ​ប្រទេស ការធ្វើ​អំពើ​ល្អ ការដឹកនាំ​ល្អ ការកសាង​ស្នាដៃ និង​សមិទ្ធផល​ជាក់ស្តែង​ជាមួយ​ប្រជាពលរដ្ឋ ក៏​រមែង​បាន​នាំមក​វិញ​នូវ​ផល​បុណ្យ​នៃ​ការទុកចិត្ត និង​ការគាំទ្រ​ពី​សំណាក់​ប្រជាពលរដ្ឋ​ផងដែរ​។ គឺ​ដូច​អ្វីដែល សម្តេច​តេ​ជោ បាន​ខិតខំ​បម្រើ ការពារ និង​ស្មោះត្រង់​ជាមួយ​ប្រជាពលរដ្ឋ​រហូតមក​ក្នុង​រយៈពេល​ជាង ៣០ ឆ្នាំ​កន្លងមកនេះ​។ ទោះបី​លោក​មិន​ទទួលបាន​ឱកាស​រៀនសូត្រ​ពេញលេញ ដោយសារ​ផលវិបាក​នៃ​សង្គ្រាម និង​អ​ម្រែ​ក​ភារកិច្ច​បម្រើ​ប្រជាពលរដ្ឋ ប៉ុន្តែ​លោក​បាន​ខិតខំ​បង្កលក្ខណៈ​គ្រប់បែបយ៉ាង ឱ្យ​មនុស្ស​គ្រប់គ្នា​មានភ័ព្វ​សំណាង និង​ឱកាស​រៀនសូត្រ​ទាំង​ក្នុង និង​ក្រៅប្រទេស រហូត​ក្លាយជា​បញ្ញា​វ័​ន្ត​មាន​សមត្ថភាព​បម្រើ​ការងារ​ជា​ថ្នាក់ដឹកនាំ​ទាំង​នៅក្នុង​វិស័យ​រដ្ឋ ឯកជន និង​សង្គម​ស៊ីវិល ដូច​សព្វថ្ងៃនេះ ហើយ​ឱកាស​នេះ ក៏​នឹង​បន្ត​សម្រាប់​អ្នកជំនាន់ក្រោយ​គ្រប់​ជំនាន់​ផងដែរ​៕​