ប្រែ​សម្រួលៈ​បំណង​/​សៀង​ហៃ​(ST)៖​ចិន​ឈរ​ខាង​ភាពត្រឹមត្រូវ​នៃ​ប្រវត្តិសាស្ត្រ​ស្តី​ពី​សង្គ្រាម​អ៊ុ​យក្រែន ដោយ​ពេលវេលា​វា​នឹង​បញ្ជាក់​ហើយ​គោលជំហរ​របស់​ខ្លួន​ស្របតាម​បំណងប្រាថ្នា​របស់​ប្រទេស​ភាគច្រើន​​បំផុត នេះ​បើ​តាម​ការបញ្ជាក់​របស់​រដ្ឋមន្ត្រីការបរទេស​ចិន​លោក វ៉ាង យី ។​

រដ្ឋមន្ត្រីការបរទេស​ចិន​លោក វ៉ាង យី

​យោង​តាម​សេចក្តីថ្លែងការណ៍​មួយ​ចេញ​ដោយ​ក្រសួងការបរទេស​ចិន​កាលពី​ថ្ងៃអាទិត្យ​ទី​២០​មីនា «​ចិន​នឹង​មិន​ដែល​ទទួលយក​ការបង្ខិតបង្ខំ​ឬ​សម្ពាធ​ពី​ខាងក្រៅ​ណាមួយ ហើយ​ប្រឆាំង​ការចោទប្រកាន់​​គ្មាន​ភស្តុតាង​ណាមួយ​រួមទាំង​ការសង្ស័យ​លើ​ចិន​»​។​

​ការលើកឡើង​របស់​លោក​វ៉ាង​កើតឡើង​ក្រោយ​ប្រធានាធិបតី​អាម៉េរិក ចូ បៃ​ដិន បាន​ព្រមាន​សម​ភាគី​ចិន ស៊ី ជីន​ភីង កាលពី​ថ្ងៃ​សុក្រ​អំពី​«​ផលវិបាក​»​បើសិនជា​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ផ្តល់​ការគាំទ្រ​​ជា​សម្ភារ​ដល់​ប្រតិបត្តិការ​យោធា​របស់​រុស្ស៊ី​នៅ​អ៊ុ​យក្រែន​។​

​ក្នុងអំឡុង​ការសន្ទនា​តាម​វីដេអូ​បន្ត​ផ្ទាល់​កាលពី​ថ្ងៃ​សុក្រ លោក​ស៊ី​បាន​ប្រាប់បៃ​ដិនថា សង្គ្រាម​នៅ​អ៊ុយ​ក្រែន​ត្រូវតែ​បញ្ចប់​ក្នុងពេ​លឆាប់ៗ​តាម​ដែល​អាច​ធ្វើបាន​និង​បាន​អំពាវនាវ​អោយ​បណ្តា​ប្រទេស​ក្នុង​​អង្គការ​ណា​តូ ចូលរួម​ចរចា​ជាមួយ​រដ្ឋាភិបាល​ក្រុង​មូ​ស្គូ ។​ទោះជា​យ៉ាងណា លោក​មិន​បាន​បន្ទោស​រុស្ស៊ី​ទេ​។​

​លោក​វ៉ាង​បាន​និយាយថា សារ​សំខាន់បំផុត​ដែល​លោក​ស៊ី​បញ្ជូន​គឺថា ចិន​តែងតែ​ជា​កម្លាំង​រក្សា​សន្តិភាព​ពិភពលោក គឺថា​«​យើង​តែងតែ​ឈរ​រក្សា​ការពារ​សន្តិភាព​និង​ប្រឆាំង​សង្គ្រាម ។​ជំហរ​របស់​ចិន​មិន​​លម្អៀង​និង​ត្រឹមត្រូវ ហើយ​វា​ស្រប​តាម​បំណងប្រាថ្នា​របស់​ប្រទេស​ភាគច្រើន​បំផុត​។​ពេលវេលា​នឹង​ប្រាប់ថា​ការអះអាង​របស់​ចិន​ស្ថិត​នៅ​ខាង​ភាពត្រឹមត្រូវ​នៃ​ប្រវត្តិសាស្ត្រ​»​។​

​កាលពី​ថ្ងៃ​សៅរ៍​ម្សិលមិញ​នេះដែរ អនុ​រដ្ឋមន្ត្រីការបរទេស​ចិន​លោក ឡេ យូ​ឆេង​(Le Yucheng)​បាន​និយាយថា​ទណ្ឌកម្ម​ដាក់​ដោយ​បណ្តា​ប្រទេស​លោកខាងលិច​លើ​រុស្ស៊ី​ដោយសារ​សង្គ្រាម​អ៊ុយ​ក្រែន​កាន់​​តែ​«​យង់ឃ្នង​ហួសហេតុ​»​និង​ថា ហេតុផល​ឬ​សគល់​នៃ​សង្គ្រាម​នៅ​អ៊ុយ​ក្រែន​គឺ​«​ស្ថិត​ក្នុង​គំនិត​សង្គ្រាមត្រជាក់​និង​នយោបាយ​មហាអំណាច​»​។​

​អនុ​រដ្ឋមន្ត្រីការបរទេស​ចិន​លោក ឡេ យូ​ឆេង​និយាយថា ណា​តូ​គួរ​ប្រកាន់ខ្ជាប់​អ្វីដែល​ខ្លួន​បាន​សន្យា​គឺ​ថា​មិន​ពង្រីក​ខ្លួន​ឆ្ពោះ​ទៅ​ទិសខាងកើត​។​លោក​ថា បើ​ណា​តូ​«​កាន់តែ​ពង្រីក​ខ្លួន​ថែម​ទៀត​វា​នឹង​ទៅ​​ដល់​ព្រំដែន​រុស្ស៊ី កន្លែង​ដែល​កាំជ្រួច​របស់​លោក​ខាងលិច​អាច​ហោះ​ដល់​វិមាន​ក្រឹម​ឡាំង​តែ​ក្នុង​រយៈពេល​ប្រាំពីរ ប្រាំបី​នាទី​។​កា​រុញ​ប្រទេស​ធំ​មួយ ជាពិសេស​មហាអំណាច​នុយក្លេអ៊ែរ​អោយទល់​ជញ្ជាំង​នឹង​ទ​ទួ​​ល​បាន​ផល​មកវិញ​គួរអោយខ្លាច​ណាស់​»​។​

​លោក​បាន​បន្ថែមថា អាម៉េរិក​និង​ណា​តូ ក៏​គួរតែ​ចរចា​ជាមួយ​រុស្ស៊ី​ដើម្បី​ដោះស្រាយ​ទុក្ខ​កង្វល់​នៃ​វិបត្តិ​អ៊ុ​យក្រែន ហើយ​សម្រាល​ការព្រួយបារម្ភ​អំពី​សន្តិសុខ​ទាំង​រុស្ស៊ី​និង​អ៊ុ​យក្រែន​៕

​អនុ​រដ្ឋមន្ត្រីការបរទេស​ចិន​លោក ឡេ យូ​ឆេង​និយាយថា ណា​តូ​គួរ​ប្រកាន់ខ្ជាប់​អ្វីដែល​ខ្លួន​បាន​សន្យា​គឺ​ថា​មិន​ពង្រីក​ខ្លួន​ឆ្ពោះ​ទៅ​ទិសខាងកើត​