​ដោយ​: សុផល​/​ភ្នំពេញ​: ក្នុង​របាយការណ៍​បូកសរុប​សមិទ្ធិផល និង​ទិសដៅ​បន្ទាប់​របស់​គណៈកម្មាធិកា​រ​កណ្តាល លោក សាយ សំ​អាល់ អនុប្រធាន​សហភាព​ស​ហ​ព័ន្ធ​យុវជន​កម្ពុជា បានឱ្យដឹងថា​៖ «​ក្រុមគ្រួសារ ស​.​ស​.​យ​.​ក​. ទូទាំងប្រទេស​បាន​អនុវត្ត​តួនាទី ភារកិច្ច បេសកកម្ម ប្រកបដោយ​ការទទួលខុសត្រូវ ឯករាជ្យ​ម្ចាស់ការ និង​គំនិត​ច្នៃប្រឌិត​ខ្ពស់​ស្របតាម​បំណងប្រាថ្នា​របស់​យុវជន និង​ប្រជាជន និង ការវិវឌ្ឍ​សភាពការណ៍​ថ្មីៗ​ដោយ​ទទួលបាន​លទ្ធផល​គួរ​ជាទី​មោ​ទកៈ​។​»

​ជាមួយគ្នានេះ ក្នុង​របាយការណ៍​ដដែល ក៏បាន​គូសបញ្ជាក់​បន្ថែម​ផងដែរ​ថា​យុវជន​ស​.​ស​.​យ​.​ក​.​បាន​ក្តាប់ជាប់​នូវ​មូលដ្ឋាន​ប្រវត្តិសាស្ត្រ​ដែល​អតីត​ថ្នាក់ដឹកនាំ​នៃ​សមាគមយុវជន​ដែល​កើតចេញពី​កម្លាំង​សាមគ្គី​ដ៏​អស្ចារ្យ​នៃ​រណសិរ្ស​សង្គ្រោះ​ជាតិ​កម្ពុជា ដែល​បាន​បន្សល់ទុក​នូវ​ស្មារតី​២​ធ្នូ ក្លាយជា​មូលដ្ឋានគ្រឹះ​ដ៏​រឹងមាំ ដែល​ដក់​ជាប់​នៅក្នុង​បេះដូង​យុវជន​ជា​សមាជិក ស​.​ស​.​យ​.​ក​. ឱ្យមាន​ភាពក្លាហាន និង​ឆន្ទៈ​ដ៏​មោះមុត​ក្នុងការ​បំពេញបេសកកម្ម​របស់ខ្លួន​។

​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា បានរៀបចំ​កិច្ចប្រជុំ​គណៈកម្មាធិការ​កណ្ដាលរ​បស់​ខ្លួន រយៈពេល​បី​ថ្ងៃ ចាប់ពី​ថ្ងៃទី​១៨ ដល់​ថ្ងៃទី​២០ ខែមីនា ឆ្នាំ​២០២២ នៅលើ​ទឹកដី​ខេត្តសៀមរាប ដែល​កិច្ចប្រជុំ​នេះ ដឹកនាំ​ដោយ លោក ហ៊ុន ម៉ា​នី ជា​ប្រធាន​ស​.​ស​.​យ​.​ក​. រួមជាមួយ​វត្តមាន​របស់​សមាជិក សមាជិកា គណៈកម្មាធិការ​កណ្តាល ភ្ញៀវ​កិត្តិ​សយ​ល និង​សមាជិក សមាជិកា​អង្គប្រជុំ​។ គោលបំណង​នៃ​ការរៀបចំ​កិច្ចប្រជុំ គឺ​ដើម្បី​ស្វែងរក​ធាតុ​ចូល​ជាច្រើន​ចេញពី​ការចែករំលែក​យ៉ាង​ផុលផុស​ពី​សំណាក់​សមាជិក សមាជិកា​នៃ​កិច្ចប្រជុំ​ទាំងអស់ ដែល​ធាតុ​ចូល​ទាំងនេះ​ជា​មូលដ្ឋាន​នៃ​គំនិត​បន្ថែមទៀត​ក្នុងការ​ដឹកនាំ​យុវជន និង​ការអនុវត្ត​កិច្ចការ​ជា​បន្ត​នៅតាម​មូលដ្ឋាន​រៀងៗ​ខ្លួន​៕​