​ប្រែ​សម្រួលៈ​បំណង​(​ដេល្លី​ម៉េល​)៖ រុស្ស៊ី​បាន​និយាយ​កាលពី​ថ្ងៃអាទិត្យ​ទី​២០​មីនា​ថា ខ្លួន​បាន​ប្រើ​កាំជ្រួច​លឿន​ជាង​សម្លេង​ធុន គីន​ហ្សា​ល់​(Kinzhal)​ជា​ថ្មី​នៅ​អ៊ុ​យក្រែន ដើម្បី​បំផ្លាញ​ទីតាំង​ស្តុក​ប្រេង​​មួយ​នៅ​ខាងត្បូង​ប្រទេស​។​កាលពី​ថ្ងៃ​សុក្រ រុស្ស៊ី​បាន​បាញ់​កាំជ្រួច​បញ្ជា​គោលដៅ​ចំ​បំផុត​ធុន​គីន​ហ្សា​ល់​នេះ​ដើម្បី​កំទេច​ឃ្លាំង​អាវុធ​ក្រោម​ដី​មួយ​របស់​អ៊ុ​យក្រែន​។​

​ក្រសួងការពារជាតិ​រុស្ស៊ី​ក៏​បាន​និយាយថា ខ្លួន​បាន​សម្លាប់​សមាជិក​កង​កម្លាំង​ពិសេស​អ៊ុយ​ក្រែ​ននិង​«​ពួក​ទាហាន​ស៊ីឈ្នួល​បរទេស​»​ជាង​១០០​នាក់ នៅ​ពេល​ខ្លួន​វាយប្រហារ​លើ​ជំរំ​ហ្វឹកហាត់​មួយ​នៅ​ទីក្រុង អូវ​រូ​ច​(Ovruch)​របស់​អ៊ុយ​ក្រែន​ខាងជើង​ជាមួយនឹង​ការបាញ់​កាំជ្រួច​ស្រោច​ចេញពី​សមុទ្រ​។​

​ក្រសួង​បាន​និយាយថា « ប្រព័ន្ធ​កាំជ្រួច​អាកាស​គីន​ហ្សា​ល់ ជាមួយនឹង​កាំជ្រួច​លឿន​ជាង​សម្លេង​បាន​បំផ្លាញ​ទីតាំង​ស្តុក​ទុក​ប្រេង​ធំ​មួយ​សំរាប់​កងកម្លាំងប្រដាប់អាវុធ​អ៊ុយ​ក្រែន​នៅក្បែរ​ភូមិ កូស​យ៉ាន់​​ទី​នី​វ​កា​(Kostyantynivka)​ក្នុង​តំបន់​ម៉ា​យ​កូឡាយ​(Mykolaiv)»​។​មូលដ្ឋាន​នេះ​ត្រូវបាន​ប្រើ​សំរាប់​ផ្គត់ផ្គង់​ប្រេង​សំរាប់​យានយន្ត​យោធា​អ៊ុយ​ក្រែន​នៅ​ភាគខាងត្បូង​ប្រទេស​។​

​បើ​តាម​ក្រសួង​ការពារជាតិ​រុស្ស៊ី កាំជ្រួច​គីន​ហ្សា​ល់ ឬ​«​កាំបិត​ស្នៀត​» ត្រូវ​បាន​បាញ់​ចេញពី​យន្តហោះ​នៅ​លើ​តំបន់​គ្រី​មេហើយ​កាំជ្រួច​កាលី​បប្រ៍​(Kalibr)​ក៏​ត្រូវ​បាន​បាញ់​ចេញពី​សមុទ្រ​កាស​ព្យែន​​លើ​ទីតាំង​នេះ​ផង​ដែរ​។​

​កាលពី​ថ្ងៃ​សៅរ៍ រុស្ស៊ី​បាន​និយាយថា ខ្លួន​បាន​ប្រើ​កាំជ្រួច​គីន​ហ្សា​ល់​ជា​លើក​ដំបូង​ដើម្បី​កំទេច​ទីតាំង​ស្តុក​អាវុធ​ក្រោម​ដី​មួយ​នៅ​អ៊ុយ​ក្រែន​ខាងលិ​ចជាប់​នឹង​ប្រទេស​រ៉ូ​ម៉ានី​។​

​ក្រសួងការពារជាតិ​រុស្ស៊ី​ក៏​បាន​និយាយថា​ខ្លួន​បាន​ប្រើ​កាំជ្រួច​បញ្ជា​កំទេច​គោលដៅ​ត្រង់​បំផុត​ចម្ងាយ​ឆ្ងាយ​ទៅ​លើ​ទីតាំង​ផ្សេងទៀត​នៅ​អ៊ុយ​ក្រែន​កាលពី​ល្ងាច​ថ្ងៃ​សៅរ៍​និង​ដើម​ថ្ងៃអាទិត្យ​។​កងកម្លាំង​រុស្ស៊ី​​បាន​បាញ់​កាំជ្រួច​កាលី​បប្រ៍​ចេញពី​សមុទ្រ​ខ្មៅ​លើ​រោងចក្រ​មួយ​នៅ​ទីក្រុង​នី​ហ្ស៊ី​ន ដែល​ជា​កន្លែង​ជួសជុល​យានយន្ត​យោធា​។​

​សូមបញ្ជាក់​ថា ប្រតិបត្តិការ​សឹក​របស់​រុស្ស៊ី​នៅ​អ៊ុយ​ក្រែន​បាន​សម្លាប់​មនុស្ស​រាប់​ពាន់​នាក់ នាំ​អោយ​មនុស្ស​ជាង​៣​លាន​នាក់​ភៀសខ្លួន​ចេញ​ក្រៅ​ប្រទេស​និង​ជាង​៦​លាន​នាក់​ភៀស​សឹក​នៅ​ក្នុងស្រុក​។​វា​កំពុង​​នាំអោយ​មាន​ការបារម្ភ​អំពី​ការប្រឈមមុខគ្នា​កាន់តែ​ធំ​ឡើង​រវាង​រុស្ស៊ី​និង​អាម៉េរិក ដែល​ជា​មហាអំណាច​នុយក្លេអ៊ែរ​ផុត​លេខ​ទាំង​ពីរ​នៅក្នុង​លោក​៕

​កាំជ្រួច​គីន​ហ្សា​ល់​ត្រូវ​បាន​បាញ់​ចេញពី​យន្តហោះ​កំទេច​ទីតាំង​ស្តុក​ប្រេង​ធំ​មួយ​កាលពី​ថ្ងៃអាទិត្យ​