​ប្រែ​សម្រួលៈ​បំណង​(ST)៖​រដ្ឋមន្ត្រី​ការពារ​ជាតិ​ស្លូ​វ៉ាគី​បាន​និយាយ​កាលពី​ថ្ងៃអាទិត្យ​ទី​២០​មីនា​ថា ប្រព័ន្ធ​ការពារ​ដែនអាកាស​ធុន​ភែត​ធ្រៀ​ត​(Patriot)​របស់​អាម៉េរិក​បានចាប់ផ្តើម​បញ្ជូន​មក​ដល់​ស្លូ​វ៉ាគី​​មកពី​បណ្តា​ប្រទេស​ជា​ដៃគូ​ក្នុង​អង្គការ​ណា​តូ ហើយ​ការដំឡើង​និង​ដាក់ពង្រាយ​នឹង​ត្រូវ​ធ្វើឡើង​នៅ​ប៉ុន្មាន​ថ្ងៃ​ខាងមុខ​។​

​ប្រព័ន្ធ​នេះ​នឹង​ដំណើរការ​ដោយ​ទាហាន​អាល្លឺម៉ង់​និង​ហូ​ឡង់ ហើយ​ដំបូង​នឹង​ត្រូវ​ដាក់​នៅ​អាកាសយានដ្ឋាន​ស្លី​យ៉ា​ក​(Sliac)​នៅ​ភាគ​កណ្តាលស្លូ​វ៉ាគី ដើម្បី​ជួយ​បន្ថែម​កម្លាំង​ការពារ​ទឹក​ដី​ណា​តូ​ចំហៀង​​ខាងកើត​។​

ប្រ​ព័ន្ធ​កាំ​ជ្រួច​Patriotនៅស្លូវ៉ាគី​នឹងត្រូវដំណើរកាដោយទាហានអាល្លឺម៉ង់និងហូឡង់

​ការឈ្លានពាន​របស់​រុស្ស៊ី​នៅ​អ៊ុយ​ក្រែន​នាំ​អោយ​ណាតូ ពង្រឹង​កម្លាំង​ការពារ​របស់ខ្លួន​។​វា​ក៏​កើត​ឡើង​ក្រោយ​មាន​កិច្ច​ពិ​ភក្សា​រវាង​រដ្ឋមន្ត្រី​ការពារ​ជាតិ​អាម៉េរិក​និង​ស្លូ​វ៉ាគី អំពី​លទ្ធភាព​បញ្ជូន​ប្រព័ន្ធ​ការ​​ពារ​ដែនអាកាស​សម័យ​សូ​វៀត​S-300​ទៅអោយ​អ៊ុយ​ក្រែន​ផងដែរ​។​

​រដ្ឋមន្ត្រី​ការពារ​ជាតិ​ស្លូ​វ៉ាគី​កាលពី​សប្តាហ៍​មុន​បាន​និយាយថា ប្រទេស​លោក​នឹង​ផ្ទេរ​S-300​ទៅអោយ​អ៊ុ​យក្រែន បើ​ស្លូ​វ៉ាគី​ទទួលបាន​ប្រព័ន្ធ​ការពារ​ដែនអាកាស​សម​ស្រម​មក​ជំនួស​។​

​ក្នុងពេល​ជាមួយគ្នា ប្រភព​ព័ត៌មាន​បាន​និយាយថា សហរដ្ឋ​អាម៉េរិក​បាន​លើកឡើង​អំពី​លទ្ធភាព​បញ្ជូន​ប្រព័ន្ធ​ការពារ​ដែនអាកាស​ទំនើ​ប​បំផុត​ដែល​រុស្ស៊ី​លក់​អោយ​តួ​ក​គី គឺ​S-400​ទៅអោយ​អ៊ុ​យក្រែន​​ដើម្បី​ជួយ​កងកម្លាំង​អ៊ុយ​ក្រែន​ក្នុងការ​ទប់ទល់​នឹង​ការវាយប្រហារ​ពី​អាកាស​របស់​រុស្ស៊ី​។​

​ពួក​មន្ត្រី​អាម៉េរិក​បានលើកឡើង​សំណើ​នេះ​កាលពី​ខែ​មុន​ជាមួយ​មន្ត្រី​តួ​ក​គី តែ​មិន​មាន​សំណើ​ផ្លូវការ​នៅឡើយ​ទេ​។​

​អាជ្ញាធរ​តួ​ក​គី​បាន​មិន​បាន​និយាយ​យ៉ាង​ណា​អំពី​គំនិត​នេះ​ទេ តែ​ទំនងជា​នឹង​ត្រូវ​រដ្ឋាភិបាល​ក្រុង​អង់កា​រ៉ា​ច្រាន​ចោល​ដោយ​សារ​ទម្រាំ​ទិញ​បាន​វា​មក​ពី​រុស្ស៊ី តួ​ក​គី​ប្រឈម​នឹង​ការជំទាស់​និង​ការ​គំរាម​​ពី​រដ្ឋាភិបាល​អាម៉េរិក​ខ្លាំងណាស់ ម្យ៉ាង​វា​ក៏​ជា​សព្វាវុធ​កំពូល​ថ្លៃ​និង​មាន​បញ្ហា​បច្ចេកទេស​ផងដែរ​៕

​សូមបញ្ជាក់​អាម៉េរិក​ដាក់​ទណ្ឌកម្ម​លើ​ក្រសួងការពារជាតិ​តួ​ក​គី​និង​ផ្អាក​ការលក់​យន្តហោះ​ទំនើប​F-35​អោយ ដោយសារតែ​រដ្ឋាភិបាល​ក្រុង​អង់កា​រ៉ា​រឹងទទឹង​ទិញ​S-400​ពី​រុស្ស៊ី​