ប្រែសម្រួល : កញ្ញាដាលីស (ដេល្លីម៉េល) ៖ រុស្ស៊ីកាលពីថ្ងៃអាទិត្យទី២០មីនាបានអំពាវនាវឱ្យកងកម្លាំងអ៊ុយក្រែនទម្លាក់អាវុធចុះនៅក្នុងទីក្រុងកំពង់ផែ ម៉ារីវប៉ូល (Mariupol) ភាគខាងកើត កន្លែងដែលទីក្រុងមូស្គូនិយាយថា “មហន្តរាយមនុស្សធម៌ដ៏គួរឱ្យភ័យខ្លាច” កំពុងកើតឡើង។
លោកឧត្តមសេនីយ៍ឯក មីខាអ៊ីល មីហ្ស៊ីនសេវ (Mikhail Mizintsev)ជានាយកមជ្ឈមណ្ឌលជាតិគ្រប់គ្រងផ្នែកការពារជាតិរុស្ស៊ីបាននិយាយនៅក្នុងសន្និសីទខ្លីមួយដែលចែកចាយដោយក្រសួងការពារជាតិថា “សូមទម្លាក់អាវុធរបស់អ្នកចុះ”។
លោកមីហ្ស៊ីនសេវនិយាយថា “មហន្តរាយមនុស្សធម៌ដ៏គួរឱ្យភ័យខ្លាចបានវិវត្ត។ អ្នកដែលទម្លាក់អាវុធចុះនឹងធានាបានការចាកចេញដោយសុវត្ថិភាពពីទីក្រុងម៉ារីវប៉ូល”។
ម៉ារីវប៉ូលបានទទួលរងនូវការបាញ់ផ្លោងយ៉ាងធ្ងន់ធ្ងរបំផុតចាប់តាំងពីរុស្ស៊ីបានឈ្លានពានអ៊ុយក្រែនកាលពីថ្ងៃទី ២៤ ខែកុម្ភៈ។ អ្នកស្រុកជាច្រើនក្នុងចំណោមអ្នកស្រុក ៤០០.០០០នាក់របស់ខ្លួននៅតែជាប់គាំងនៅក្នុងទីក្រុងជាមួយអាហារ ទឹក និងថាមពលសល់តិចតួចប៉ុណ្ណោះ។
លោកមីហ្ស៊ីនសេវបាននិយាយថា ច្រករបៀងមនុស្សធម៌សម្រាប់ជនស៊ីវិលនឹងត្រូវបើកនៅទិសខាងកើតនិងខាងលិចចេញពីទីក្រុងម៉ារីវប៉ូលនៅម៉ោង ១០ ព្រឹក ម៉ោងនៅទីក្រុងមូស្គូនៅថ្ងៃចន្ទទី២១មីនា។
លោកបាននិយាយថា អ៊ុយក្រែនមានពេលរហូតដល់ម៉ោង៥ ព្រឹកម៉ោងនៅទីក្រុងមូស្គូដើម្បីឆ្លើយតបទៅនឹងការផ្តល់ជូនស្តីពីច្រករបៀងមនុស្សធម៌និងការទម្លាក់អាវុធចុះ។
រុស្ស៊ីនិងអ៊ុយក្រែនបានស្តីបន្ទោសគ្នាចំពោះការបរាជ័យក្នុងការបើកច្រករបៀងបែបនេះក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ។
លោកមីហ្ស៊ីនសេវបាននិយាយដោយមិនផ្តល់ភស្តុតាងថា “ក្រុមចោរ” “ក្រុមណាស៊ីនិយម” និងក្រុមអ្នកជាតិនិយមអ៊ុយក្រែនបានចូលរួមក្នុង “ភេរវកម្មដ៏ធំ”ហើយបានបន្តការសម្លាប់មនុស្សនៅក្នុងទីក្រុង។
អ៊ុយក្រែននិយាយថា ខ្លួនកំពុងប្រយុទ្ធដើម្បីអត្ថិភាពរបស់ខ្លួន ហើយប្រធានាធិបតី វ៉ូឡូឌីមៀ ហ្សេលេនស្គី បាននិយាយកាលពីថ្ងៃសៅរ៍ថា ការឡោមព័ទ្ធទីក្រុងម៉ារីវប៉ូលគឺជា”ភេរវកម្មដែលនឹងត្រូវចងចាំជាច្រើនសតវត្សរ៍ទៅមុខទៀត”។
លោកខាងលិចបានដាក់ទណ្ឌកម្មយ៉ាងសន្ធឹកសន្ធាប់លើប្រទេសរុស្ស៊ី ដែលវិមានក្រឹមឡាំងនិយាយថា ស្មើនឹងការប្រកាសសង្គ្រាមសេដ្ឋកិច្ចដោយសហរដ្ឋអាម៉េរិកនិងសម្ពន្ធមិត្តរបស់ខ្លួន។
លោកមីហ្ស៊ីនសេវបាននិយាយថា រុស្ស៊ីមិនបានប្រើអាវុធធុនធ្ងន់នៅម៉ារីវប៉ូលទេ។ លោកបាននិយាយថា រុស្ស៊ីបានជម្លៀសមនុស្សចំនួន ៥៩.៣០៤ នាក់ចេញពីទីក្រុង ប៉ុន្តែជនស៊ីវិល ១៣០.០០០នាក់ទៀតនៅតែជាចំណាប់ខ្មាំងនៅទីនោះ។ លោកបាននិយាយថា មនុស្ស ៣៣០.៦៨៦ នាក់ត្រូវបានជម្លៀសចេញពីអ៊ុយក្រែនដោយរុស្ស៊ី ចាប់តាំងពីការចាប់ផ្តើមនៃ “ប្រតិបត្តិការយោធាពិសេស”៕
អគារ ៩០ ភាគរយនៃទីក្រុងម៉ារីវប៉ូលត្រូវបានបំផ្លាញ