ប្រែសម្រួលៈបំណង(ST)៖ ឯកអគ្គរដ្ឋទូតចិនប្រចាំសហរដ្ឋអាម៉េរិកបាននិយាយកាលពីថ្ងៃអាទិត្យទី២០មីនាថា ប្រទេសលោកមិនបានបញ្ជូនសព្វាវុធទៅកាន់រុស្ស៊ីដើម្បីប្រើប្រាស់នៅអ៊ុយក្រែនទេ តែមិនបានច្រានចោលលទ្ធភាពដែលរដ្ឋាភិបាលក្រុងប៉េកាំងអាចធ្វើដូច្នេះទេនៅពេលអនាគត។
ឯកអគ្គរដ្ឋទូតចិនលោក គីន ហ្កាង ជៀសវាងការនិយាយថាតើចិននឹងជួយសព្វាវុធដល់រុស្ស៊ីដែរឬអត់នៅពេលអនាគត តែកន្លងមកអត់មានជួយទេ
ក្នុងការសន្ទនាតាមទូរស័ព្ទអស់ពេលដ៏យូរកាលពីថ្ងៃសុក្រសប្តាហ៍មុន ប្រធានាធិបតីអាម៉េរិកលោកចូ បៃដិន បានព្រមានសមភាគីចិន ស៊ី ជីនភីង ថានឹងមាន«ផលវិបាក»បើសិនជារដ្ឋាភិបាលក្រុងប៉េកាំងផ្តល់ការគាំទ្រជាសម្ភារដល់រដ្ឋាភិបាលក្រុងមូស្គូ ដែលកំពុងធ្វើសង្គ្រាមនៅអ៊ុយក្រែន។
នៅពេលត្រូវបានសារព័ត៌មានCBSសួរថាតើចិនអាចបញ្ជូនលុយឬសព្វាវុធទៅអោយរុស្ស៊ីដែរឬទេ លោកឯកអគ្គរដ្ឋទូត គីន ហ្កាង(Qin Gang)បាននិយាយថា«មានព័ត៌មានមិនពិតអំពីចិនផ្តល់ជំនួយយោធាទៅកាន់រុស្ស៊ី។យើងសូមជំទាស់របាយការណ៍ដូច្នេះ»។លោកបានបន្តថា «ផ្ទុយទៅវិញ អ្វីដែលចិនធ្វើគឺកំពុងបញ្ជូនស្បៀងអាហារ ថ្នាំពេទ្យ ភួយមុងនិងទឹកដោះគោកូនក្មេង មិនមែនសព្វាវុធនិងគ្រាប់រំសេវទៅអោយភាគីណាមួយទេ»។
ជំនួយមនុស្សធម៌ចិនក្រុមទីបីបានទៅដល់អ៊ុយក្រែនកាលពីសប្តាហ៍មុន
អាម៉េរិកផ្តល់សព្វាវុធដល់អ៊ុយក្រែនដើម្បីតតាំងជាមួយកងកម្លាំងរុស្ស៊ី តែមិនបានជំរុញការចរចាទេ
ទោះជាយ៉ាងណាលោក គីន ជៀសវាងនិយាយថា រដ្ឋាភិបាលក្រុងប៉េកាំងនឹងមិនលក់សព្វាវុធទៅអោយរុស្ស៊ី តែថាចិននឹងរក្សាទំនាក់ទំនងពាណិជ្ជកម្មដោយ«សីលធម៌»ជាមួយសម្ពន្ធមិត្តជិតដិតរបស់ខ្លួនមួយនេះ។«ចិនមានកិច្ចសហការពាណិជ្ជកម្ម សេដ្ឋកិច្ច ហិរញ្ញវត្ថនិងថាមពលជាមួយរុស្ស៊ីធម្មតា។វាជាធុរកិច្ចធម្មតាៗរវាងរដ្ឋអធិបតេយ្យពីរ»។
សូមបញ្ជាក់ថា រដ្ឋាភិបាលក្រុងប៉េកាំងដែលមានទំនាក់ទំនងល្អជាមួយរដ្ឋាភិបាលក្រុងមូស្គូ បានជៀសវាងមិនថ្កោលទោសប្រតិបត្តិការសឹករបស់រុស្ស៊ីនៅអ៊ុយក្រែនទោះជារងសម្ពាធពីអាម៉េរិកអោយធ្វើដូច្នេះ។
លោកគីន បាននិយាយថា រដ្ឋាភិបាលក្រុងប៉េកាំងបន្ត«ជំរុញកិច្ចពិភាក្សារកសន្តិភាពសន្តិភាពនិងអំពាវនាវអោយមានបទឈប់បាញ់គ្នាជាបន្ទាន់»តែប្រភេទនៃការថ្កោលទោសជាសាធារណៈដូចដែលពួកលោកខាងលិចបានធ្វើ «មិនជួយដោះស្រាយបញ្ហាទេ។យើងត្រូវការហេតុផល។យើងត្រូវការសេចក្តីក្លាហាន និងយើងត្រូវការកិច្ចការទូតល្អ»។
ក្រសួងការបរទេសចិនបាននិយាយថា លោកខាងលិចត្រូវតែយកការព្រួយបារម្ភអំពីសន្តិសុខរបស់រុស្ស៊ីមកពិចារណា៕