ប្រែសម្រួល : កញ្ញាដាលីស (ដេល្លីម៉េល) ៖ ប្រមុខមន្ទីរបញ្ចកោណបាននិយាយកាលពីថ្ងៃអាទិត្យទី២០មីនាថារុស្ស៊ីអះអាងថាខ្លួនបានប្រើមីស៊ីលលឿនជាងសំឡេងក្នុងប្រទេសអ៊ុយក្រែនដើម្បីជាមធ្យោបាយដណ្តើមយកប្រៀបឈ្នះមកវិញនៅក្នុងសង្គ្រាម ប៉ុន្តែអាវុធជំនាន់ក្រោយនេះមិនបានបង្ហាញថាជា “អ្នកផ្លាស់ប្តូរស្ថានការណ៍” នោះទេ។
ទីក្រុងមូស្គូបាននិយាយថា ខ្លួនបានបាញ់មីស៊ីលលឿនជាងសំឡេងពីរគ្រាប់នៅក្នុងប្រទេសអ៊ុយក្រែន ហើយខណៈដែលរដ្ឋមន្ត្រីការពារជាតិអាម៉េរិក លោក ឡយ អូស្ទីន មិន “បញ្ជាក់ ឬប្រកែក”ថាតើរុស្ស៊ីបានប្រើប្រាស់អាវុធបែបនេះឬអត់នោះ គាត់បានព្រមានថា ការលុកលុយរបស់ប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន កំពុងឆ្លងកាត់ការផ្លាស់ប្តូរយុទ្ធសាស្ត្រ រួមទាំងការតម្រង់គោលដៅទៅលើជនស៊ីវិល។
ការប្រើប្រាស់របស់រុស្ស៊ីនូវអាវុធលឿនជាងសំឡេងដែលពិបាកស្ទាក់ចាប់អាចនឹងបង្ហាញពីការបង្កើនយុទ្ធនាការរបស់ខ្លួនដើម្បីបង្ខំអ៊ុយក្រែនឱ្យបោះបង់ចោលក្តីសង្ឃឹមនៃទំនាក់ទំនងជិតស្និទ្ធជាមួយលោកខាងលិច។
ប៉ុន្តែលោកអូស្ទីនបានប្រាប់កម្មវិធី “Face the Nation” របស់ទូរទស្សន៍ CBS ថា “ខ្ញុំមិនមើលឃើញវាជាអ្នកផ្លាស់ប្តូរស្ថានការណ៍ទេ”។
លោកបានបន្ថែមថា “ខ្ញុំគិតថាហេតុផលដែលគាត់ងាកមកប្រើអាវុធប្រភេទនេះ គឺដោយសារតែគាត់កំពុងព្យាយាមបង្កើតសន្ទុះយកឈ្នះឡើងវិញ។ហើយជាថ្មីម្តងទៀតយើងបានឃើញគាត់វាយប្រហារទីប្រជុំជននិងទីក្រុង និងជនស៊ីវិល (ហើយ) យើងរំពឹងថានឹងឃើញរឿងនេះកើតឡើងជាបន្ត”។
យោធាអ៊ុយក្រែនដែលមានអាវុធតិចជាងបានធ្វើការតស៊ូយ៉ាងខ្លាំងក្លាមិននឹកស្មានដល់ ដែលបានបង្អាក់ការរុលទៅមុខរបស់រុស្ស៊ីដោយបានទប់ជាប់កងកម្លាំងរបស់រុស្ស៊ីនៅខាងក្រៅរដ្ឋធានីគៀវនិងទីក្រុងមួយចំនួនទៀត ដោយធ្វើឱ្យបណ្តាញផ្គត់ផ្គង់របស់ទីក្រុងមូស្គូងាយរងគ្រោះពីការវាយប្រហាររបស់អ៊ុយក្រែន។
លោកអូស្ទីនបាននិយាយថា “ពួកគេបានបង្ហាញបញ្ហាសំខាន់ៗមួយចំនួនសម្រាប់រុស្ស៊ី” ហើយការជាប់គាំងនៃកងទ័ពរបស់ពូទីននៅនឹងកន្លែង”បានជះឥទ្ធិពលដល់គាត់ក្នុងការចល័តទីកងកម្លាំងរបស់គាត់ចូលទៅក្នុងម៉ាស៊ីនអារឈើ។ អ៊ុយក្រែនបានបន្តវាយបំបាក់កងកម្លាំងរបស់គាត់ ហើយពួកគេបានប្រើឧបករណ៍ដែលយើងបានផ្តល់ឱ្យពួកគេយ៉ាងមានប្រសិទ្ធភាព”។
លោកអូស្ទីនបានបំពេញទស្សនកិច្ចនៅអឺរ៉ុបកាលពីសប្តាហ៍មុនក្នុងគោលបំណងពង្រឹងការរួបរួមរបស់អង្គការណាតូនិងពង្រឹងផ្នែកខាងកើតរបស់សម្ពន្ធមិត្ត។
ប្រធានាធិបតីអាម៉េរិកលោក ចូ បៃដិនបានប្រកាសផ្តល់ជំនួយសន្តិសុខថ្មីចំនួន ៨០០ លានដុល្លារដល់ទីក្រុងគៀវ ដោយឆ្លើយតបនឹងការអង្វររបស់ប្រធានាធិបតីអ៊ុយក្រែនលោក វ៉ូឡូឌីមៀ ហ្សេលេនស្គីសម្រាប់ជំនួយយោធាបន្ថែមទៀត និងទទួលយកជំនួយសរុបរបស់សហរដ្ឋអាម៉េរិកក្នុងខែនេះរហូតដល់ទៅ ១ ពាន់លានដុល្លារ៕
យន្តហោះរុស្ស៊ីសម្រាប់ដឹកមីស៊ីលលឿនជាងសំឡេង Kinzhal