ដោយៈ សុវណ្ណកុម្ភៈ / ភ្នំពេញៈ បន្ទាប់បញ្ចប់ការចូលរួមប្រជុំ នាយបេសកកម្ម ស៊ីហ្គេម លើកទី៣១ នៅប្រទេសវៀតណាម ប្រតិភូកម្ពុជាដែលដឹកនាំដោយ លោក វ៉ាត់ ចំរើន ដែលជា នាយបេសកកម្មរបស់កម្ពុជា បានមកដល់មាតុភូម វិញហើយ កាលពីយប់ថ្ងៃទី២០មីនា ។
លោក វ៉ាត់ ចំរើន បានមានប្រសាសន៍ថាៈ «អ្វីដែលវៀតណាម ចាប់អារម្មណ៍ ជាងគេ គឺការរីកចម្រើន នៅក្នុងការរៀបចំធ្វើម្ចាស់ផ្ទះរបស់កម្ពុជា។ គេថា កម្ពុជារៀបចំបានល្អ ហើយ លឿនជាងវៀតណាម ដែលពេលនេះ កំពុង រៀបចំបន្ត ទៅទៀតនៅឡើយ ព្រោះវៀតណាម ពេលនេះ ទីលានប្រកួត មួយចំនួន មិនទាន់ធ្វើហើយរួចរាល់នៅឡើយទេ ទីលានខ្លះ កំពុងតែដំណើរការ នៅក្នុងការតុបតែង និងធ្វើការរៀបចំបន្តធ្វើនៅឡើយ។ ប៉ុន្តែដោយសារ ធនធានគេច្រើន គេមានអ្នកជំនាញច្រើន ទើបវៀតណាម បានប្តេជ្ញាថា នឹងធ្វើឲ្យទាន់ពេល ប្រកួតស៊ីហ្គេម។
លោកអគ្គលេខាធិការ ក៏បានបន្ថែមផងដែរថាៈ ភាគីវៀតណាម និងកម្ពុជា ក៏បានផ្លាស់ប្ដូរ យោបល់ និងដកស្រង់បទពិសោធន៍គ្នា ទៅវិញទៅមក ពាក់ព័ន្ធនឹងទីលានប្រកួត ក្នុងគ្រាដែល កំពុងចូលរួមទស្សនកិច្ច នៅតាម ទីលានប្រកួតនានា ក៏ដូចជាកីឡដ្ឋាន ត្រៀមរៀបចំពិធី បើក-បិទស៊ីហ្គេម លើកទី៣១។
លោកបានបន្ដថាៈ ប្រតិភូកម្ពុជា បានទៅទស្សនានៅទីលានប្រកួត មួយចំនួន នៅទីក្រុងហាណូយ ហើយក៏បានពិភាក្សាផ្ទាល់ ជាមួយអ្នកគ្រប់គ្រងទីលាន នីមួយៗ ដើម្បីដកស្រង់បទពិសោធន៍ ជាមួយពួកគាត់ ថាតើគាត់ត្រៀមអ្វីខ្លះ នៅក្នុងទីលាន នីមួយៗ សម្រាប់ការរៀបចំរបស់គាត់។
សូមបញ្ជាក់ថា ក្រោមការណែនាំ ពីសំណាក់សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយក រដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មា ធិការជាតិរៀបចំស៊ីហ្គេម លើកទី ៣២ (CAMSOC) និងលោក ថោង ខុន អនុប្រធានអចិន្ត្រៃយ៍ CAMSOC លោក វ៉ាត់ ចំរើន ដែលជាអគ្គលេខាធិការ CAMSOC ទទួលបន្ទុកជា នាយបេសកកម្មរបស់ កម្ពុជា សម្រាប់ស៊ីហ្គេម បានដឹកនាំប្រតិភូមួយក្រុម ទៅចូលរួមប្រជុំ នាយបេសកកម្ម ជាមួយបណ្ដានាយបេសកកម្ម នៃបណ្ដាប្រទេសអាស៊ាន នៅទីក្រុងហាណូយ ដើម្បីស្រាវជ្រាវ និងផ្លាស់ប្ដូរយោបល់គ្នា ជាមួយម្ចាស់ផ្ទះ និងប្រទេសជាសមាជិក ៕/V-PC