ប្រែសម្រួល : កញ្ញាដាលីស (ដេល្លីម៉េល) ៖ បង់ក្លាដែសបានចាប់ផ្តើមកម្មវិធីឧបត្ថម្ភស្បៀងអាហារទូទាំងប្រទេសកាលពីថ្ងៃអាទិត្យទី២០មីនា បន្ទាប់ពីតម្លៃប្រេងចម្អិនអាហារ សណ្តែកសៀងនិងអាហារសំខាន់ៗផ្សេងទៀតបានឡើងថ្លៃបន្ទាប់ពីការលុកលុយរបស់រុស្ស៊ីលើអ៊ុយក្រែន។
ការកើនឡើងថ្លៃដើមផលិតផល ដែលមន្ត្រីស្តីបន្ទោសលើការប្រែប្រួលតម្លៃប្រេងឆៅក្នុងទីផ្សារប្រេងពិភពលោកចាប់តាំងពីជម្លោះបានចាប់ផ្តើមបានបង្កឱ្យមានការមិនសប្បាយចិត្តនៅជុំវិញប្រជាជាតិអាស៊ីខាងត្បូងដែលមានប្រជាជន ១៧០ លាននាក់នេះក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ។
សកម្មជនបក្សប្រឆាំងបានចោទប្រកាន់ពាណិជ្ជករថាកេងចំណេញនិងបានរៀបចំបាតុកម្មជាច្រើនលើក ដោយកូដកម្មទូទាំងប្រទេសប្រឆាំងនឹងការឡើងថ្លៃគ្រោងនឹងធ្វើនៅចុងខែនេះ។
រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មលោក ថាផាន កាន់ធី ហ្គោស (Tapan Kanti Ghosh) បាននិយាយថា កម្មវិធីនេះនឹងផ្តល់អាហារថោកដល់មនុស្ស ១០ លាននាក់ហើយដំណើរការរហូតដល់ចុងបញ្ចប់នៃបុណ្យរ៉ាម៉ាដន (Ramadan) ដែលជាខែប្រពៃណីនៃការតមអាហារក្នុងជំនឿអ៊ីស្លាមរយៈពេលប្រាំមួយសប្តាហ៍។
លោកបានប្រាប់ទីភ្នាក់ងារសារព័ត៌មាន AFP ថា “សង្គ្រាមអ៊ុយក្រែនបានបង្កើនតម្លៃប្រេងឆៅ ដែលបានប៉ះពាល់ដល់តម្លៃទំនិញទូទាំងពិភពលោក”។
មនុស្សរាប់រយនាក់ឃើញតម្រង់ជួរក្រោមព្រះអាទិត្យដ៏ក្ដៅ រង់ចាំអាហារនៅថ្ងៃដំបូងនៃកម្មវិធីឧបត្ថម្ភធនស្បៀងអាហារនៅទីក្រុងហ្វាទូលឡា (Fatullah) ដែលជាមជ្ឈមណ្ឌលឧស្សាហកម្មនៅជាយក្រុងដាក្កា។
លោក ម៉ូសារ៉ាហ្វ ហូសសេន (Mosharraf Hossain) ជាអ្នកកាន់ចង្កូតកាណូតក្នុងស្រុកបាននិយាយថា គាត់ត្រូវរង់ចាំបួនម៉ោងមុនពេលបានទិញអាហារ។
គាត់បានប្រាប់ AFP ថា “វានៅតែមានតម្លៃក្នុងការរង់ចាំ។ ការកើនឡើងតម្លៃនៅក្នុងទីផ្សារធម្មតាគឺមិនគួរឱ្យជឿទេ”។
លោកហូសសេនបាននិយាយថា ម្ចាស់អាជីវកម្មបានប្រាប់គាត់ថា “សង្គ្រាមដែលកំពុងបន្តនៅជិតប្រទេសរុស្ស៊ី” គឺជាហេតុផលដែលពួកគេបានដំឡើងថ្លៃទំនិញ ប៉ុន្តែគាត់មានមន្ទិលពីការដំឡើងថ្លៃ។
លោកបានបន្តថា “អង្ករ សណ្ដែក និងស្ករភាគច្រើនផលិតនៅក្នុងប្រទេសរបស់យើង។ តើសង្គ្រាមកើតឡើងនៅទីនេះក្នុងប្រទេសបង់ក្លាដែសមែនទេ? នេះជាការបំផ្លើសសុទ្ធសាធ”៕
កម្មវិធីនេះនឹងផ្តល់អាហារថោកដល់មនុស្ស ១០ លាននាក់ ហើយដំណើរការរហូតដល់ចុងបញ្ចប់នៃបុណ្យរ៉ាម៉ាដន