ដោយៈ សុខសុភ័ណ្ឌ / កំពង់ស្ពឺៈ បុរសម្នាក់បានស្លាប់ភ្លាមៗ បន្ទាប់ពីបើកម៉ូតូ បុកចំពីក្រោយរថយន្ត នៅលើផ្លូវជាតិលេខ៥១ ត្រង់ចន្លោះគីឡូម៉ែត្រលេខ ២៧-២៨ ស្ថិតត្រង់ចំណុចភូមិវត្តភ្នំតូច ឃុំភ្នំតូច ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ កាលពីល្ងាច ថ្ងៃទី២០ ខែមីនា ឆ្នាំ២០២២។
សមត្ថកិច្ច បានឲ្យដឹងថា មុនកើតហេតុ គេឃើញម៉ូតូមួយគ្រឿង ម៉ាក HONDA SONIC ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 1IK-1653 អ្នកបើកបរ មិនស្គាល់ អត្តសញ្ញាណ បើកបរពី ទិសខាងជើងទៅខាងត្បូង លុះបើកមកដល់ចំណុច ខាងលើ បានជ្រុលទៅបុកពីក្រោយ រថយន្តមួយគ្រឿង ម៉ាក HYUNDAI ក្បាលពណ៌ ស ទ្រុងពណ៌ខៀវ ពាក់ផ្លាកលេខ កំពង់ស្ពឺ 2A-5832 អ្នកបើកបរ មិនទាន់ស្គាល់អត្តសញ្ញាណ ដែលកំពុងបើកបរស្របទិសគ្នា បណ្តាលឲ្យអ្នក ជិះម៉ូតូ ស្លាប់ភ្លាមៗ។
ប្រភពដដែល បានបន្តថាៈ ក្រោយពីកើតហេតុ កម្លាំងសមត្ថកិច្ចជំនាញ បានចុះវាស់វែង និងអូសយកម៉ូតូ និងរថយន្ត យកទៅរក្សាទុក នៅអធិការ ដ្ឋាននគរបាល ស្រុកឧដុង្គ រង់ចាំដោះស្រាយពេលក្រោយ ចំណែកសព បុរសខាងលើ បានតំកល់ទុក នៅមន្ទីរពេទ្យស្រុក និងបានស្រាវជ្រាវ រកសាច់ញាតិ អោយមកទទួលយក៕/V-PC