ដោយៈ អង្គារ៍ហេង / ភ្នំពេញៈ គណៈបញ្ជាការឯកភាពរដ្ឋបាល ខណ្ឌពោធិ៍ សែនជ័យ ដឹកនាំដោយលោក ប៉ាង លីដា អភិបាលរងខណ្ឌ បន្តសហការជាមួយ កម្លាំងការិយាល័យ សាធារណការខណ្ឌ ចុះរៀបចំសណ្ដាប់ធ្នាប់ និងអនាម័យ តាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី និងផ្លូវចូលវត្តតាំងកសាង (ទាំងសងខាង) ស្ថិតនៅក្នុងសង្កាត់កាកាបទី១ និងកាកាបទី២ នារសៀលថ្ងៃទី២០ ខែមីនា ឆ្នាំ២០២២ ។
មន្ត្រីដែលស្ថិតក្នុងប្រតិបត្តិការនេះ បានឱ្យដឹងថាៈ អាជ្ញាធរខណ្ឌ បានប្រកាស ផ្សព្វផ្សាយ សេចក្តីជូនដំណឹង ដល់បងប្អូន ដែលប្រកបអាជីវកម្មផ្សេងៗ តាមគោលដៅខាងលើ ត្រូវលក់មានរបៀបរាបរយ តាមអ្វីដែល រដ្ឋបាលខណ្ឌ បានកំណត់ជូន ដោយទុកចិញ្ចើមផ្លូវ សំរាប់ថ្មើរជើង និងរក្សាអនាម័យ បរិស្ថាន ឲ្យបានស្អាត មានសោភ័ណភាពល្អ។
ប្រភព បានបញ្ជាក់ថាៈ មិនតែប៉ុណ្ណោះ អាជ្ញាធរ បានប្រេីធម៌ក្ដៅ ដោយបាន កាត់ផ្លាកសញ្ញា ដាក់លក់ដូរបំពានផ្លូវ និងរនាំងដែក ដែលដាក់លយ នៅលើចិញ្ចើមផ្លូវ គ្មានសណ្ដាប់ធ្នាប់ ហើយហៅម្ចាស់ មកធ្វើ ការណែនាំ និងកិច្ចសន្យា មិនឱ្យមានលើកក្រោយទៀត។
ប្រភពដដែល បានបញ្ជាក់ទៀតថាៈ ប្រតិបត្តិការនេះ បានធ្វើឡើងបន្ទាប់ពី អាជ្ញាធរ ខណ្ឌពោធិ៍សែនជ័យ បានចុះណែនាំ ប្រជាពលរដ្ឋ ដែលជាអាជីវករ លក់ដូរ តាមចិញ្ចើមផ្លូវ សាធារណៈ ដែលតែងតែដាក់លក់របស់ របររកស៊ី គ្មានសណ្ដាប់ធ្នាប់ ជាច្រើនលើកច្រើនសារ បណ្ដាលឱ្យមានការកកស្ទះ ចរាចរណ៍ ពិបាកក្នុងការធ្វើដំណើរទៅមក៕/V-PC