ប្រែសម្រួល : កញ្ញាដាលីស (theguardian) ៖ រុស្ស៊ីបាននិយាយថា ខ្លួនបានប្រើមីស៊ីលលឿនជាងសំឡេងគីនហ្សាល់- Kinzhal (កាំបិស្នៀត)ថ្មីបំផុតរបស់ខ្លួនពីរដងក្នុងប្រទេសអ៊ុយក្រែនដោយអះអាងកាលពីថ្ងៃអាទិត្យទី២០មីនាថាបានបំផ្លាញឃ្លាំងផ្ទុកប្រេងឥន្ធនៈនៅជិតទីក្រុងម៉ាយកូឡាយ (Mykolaiv)និងនៅថ្ងៃសៅរ៍បានបំផ្លាញឃ្លាំងស្តុកទុកមីស៊ីលក្រោមដីនិងគ្រាប់កាំភ្លើងនៅភាគខាងលិចប្រទេស។
ទីភ្នាក់ងារសារព័ត៌មានរដ្ឋអរអាយអេ ណូវ៉ូស្ទី- RIA Novosti បាននិយាយថា ការវាយប្រហារនេះតំណាងឱ្យការប្រើប្រាស់អាវុធជំនាន់ក្រោយជាលើកដំបូងចាប់តាំងពីការចាប់ផ្តើមនៃសង្គ្រាមក្នុងប្រទេសអ៊ុយក្រែន ហើយអ្នកវិភាគលោកខាងលិចបាននិយាយថា វាជាលើកទីមួយហើយដែលមីស៊ីលលឿនជាងសំឡេងត្រូវបានប្រើប្រាស់ក្នុងការប្រយុទ្ធ។
ប្រធានាធិបតីរុស្ស៊ី លោកវ្ល៉ាឌីមៀ ពូទីន បានពណ៌នាមីស៊ីល Kinzhal ដែលរចនាឡើងដើម្បីបាញ់ចេញពីយន្តហោះចម្បាំង MiG ថាជា “អាវុធដ៏ល្អឥតខ្ចោះ”។វាអាចហោះបានក្នុងល្បឿនជាងសំឡេងរហូតដល់ ១០ដង ហើយដូចមីស៊ីលបញ្ជាទិសដែលយឺតជាងនេះដែរ វាអាចកាច់ចង្កូតនៅពាក់កណ្តាលនៃការហោះហើរ ដោយធ្វើឱ្យវាពិបាកសម្រាប់ប្រព័ន្ធការពារអាកាសក្នុងការតាមដាននិងស្ទាក់ចាប់។
មីស៊ីលនេះអាចត្រូវបានប្រើដើម្បីបញ្ជូនក្បាលគ្រាប់ធម្មតាក្នុងល្បឿនកាន់តែលឿននិងបាញ់ចំៗគោលដៅជាងគ្រាប់ផ្សេងទៀត ប៉ុន្តែក៏អាចប្រើដើម្បីបញ្ជូនអាវុធនុយក្លេអ៊ែរផងដែរ។ ប្រទេសជាច្រើនកំពុងធ្វើការលើបច្ចេកវិជ្ជានេះ រួមទាំងចិននិងសហរដ្ឋអាម៉េរិក។
លោក វ៉ាស៊ីលី កាស៊ីន (Vasily Kashin)ជាអ្នកវិភាគរុស្ស៊ី បានប្រាប់ទីភ្នាក់ងារសារព័ត៌មានបារាំង AFPថា ការរុលចូលនិងថាមពលបំផ្លិចបំផ្លាញដ៏ខ្លាំងក្លានៃប្រព័ន្ធមីស៊ីល Kinzhalមានប្រសិទ្ធភាពជាងមីស៊ីលធម្មតាក្នុងការបំផ្លាញទីតាំងស្តុកទុកក្រោមដី ប៉ុន្តែអ្នកជំនាញផ្សេងទៀតបានលើកឡើងថា វានឹងមិនមានផលប៉ះពាល់ខ្លាំងដល់ដំណើរការនៃជម្លោះនោះទេ។
លោក ផាវែល ហ្វែលហ្គេនហូអឺ (Pavel Felgenhauer)ជាអ្នកវិភាគរុស្ស៊ីម្នាក់ទៀត បាននិយាយថា មីស៊ីលនេះនឹងផ្លាស់ប្តូរតិចតួចនៅនឹងកន្លែងជាក់ស្តែងក្នុងប្រទេសអ៊ុយក្រែនក្រៅពី”ការផ្តល់ឥទ្ធិពលផ្លូវចិត្តនិងការឃោសនាជាក់លាក់” ដោយបន្ថែមថា ការប្រើប្រាស់មីស៊ីលនេះប្រហែលជាបង្ហាញថាកងកម្លាំងរុស្ស៊ីកំពុងអស់អាវុធផ្សេង។
អ្នកវិភាគយុទ្ធសាស្ត្រការពារជាតិរបស់បែលហ្ស៊ិក លោក យ៉ូសេប ហិនរ៉ូទីន (Joseph Henrotin) ក៏បានសរសេរនៅលើ Twitter ដែរថា រុស្ស៊ីអាចនឹងអស់មីស៊ីលផ្លោងរយៈចម្ងាយខ្លី Iskander ឬ ចង់បង្កើនប្រៀបឈ្នះឡើងវិញដោយប្រើមីស៊ីលលឿនជាងសំឡេង ដែលមានសមត្ថភាពនុយក្លេអ៊ែរ។
រដ្ឋាភិបាលអ៊ុយក្រែនបានបញ្ជាក់ពីការវាយប្រហារនេះ ប៉ុន្តែនិយាយថាខ្លួនមិនទាន់អាចនិយាយថា ប្រភេទមីស៊ីលអ្វីត្រូវបានប្រើនោះឡើយ៕
រុស្ស៊ីប្រើមីស៊ីលលឿនជាងសំឡេង Kinzhal ថ្មីបំផុតរបស់ខ្លួនពីរដងក្នុងប្រទេសអ៊ុយក្រែន