​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ស្ត្រេត​ថែមស៍​) ៖ ការកើនឡើង​នៃ​តម្លៃ​ប្រេង​និង​កសិផល​ដែល​បង្កឡើង​ដោយ​សង្គ្រាម​នៅ​អ៊ុយ​ក្រែន​បាន​បង្ក​ឱ្យ​មាន​ការបារម្ភ​ផ្នែក​សន្តិសុខ​ស្បៀង​នៅ​ទូទាំង​ពិភពលោក​។ នេះ​ជា​ការ​ក្រឡេក​មើល​ស្ថានភាព​ក្នុង​តំបន់​និង​អ្វី​ដែល​រដ្ឋាភិបាល​នានា​កំពុង​ធ្វើ​ដើម្បី​រក្សា​តម្លៃ​និង​ការផ្គត់ផ្គង់​ឱ្យ​ស្ថិត​ក្រោម​ការគ្រប់គ្រង​។​

– អ្នក​ផលិត​អាហារ​របស់​ឥណ្ឌូនេស៊ី​អាច​នឹង​ទិញស្រូវ​សាលី​ពី​ប្រភព​ផ្សេងទៀត​នៅ​ពេល​ដែល​សង្គ្រាម​អ៊ុយ​ក្រែន​បាន​ផ្ទុះឡើង​

​អ្នក​ផលិត​អាហារ​ឥណ្ឌូណេស៊ី​អាច​ស្វែងរក​ប្រភព​ជំនួស​ផ្សេង​ទៀត​នៃ​ការ​នាំចូល​ស្រូវ​សាលី ខណៈ​សង្គ្រាម​នៅ​អ៊ុយ​ក្រែន​ចាប់ផ្តើម​ប៉ះពាល់​ដល់​កា​រ​ទិញ​ស្រូវ​សាលី​របស់​ពួកគេ​។​

​លោកស្រី រ៉ា​ត​ណា សារី ឡូ​ប​ពី (Ratna Sari Loppies)​នាយក​ប្រតិបត្តិ​នៃ​សមាគម​អ្នក​ផលិត​ម្សៅ​ស្រូវ​សាលី​ឥណ្ឌូណេស៊ី​ដែល​សមាជិក​របស់​ពួកគេ​គឺ​ស្ថិតក្នុង​ចំណោម​អ្នក​នាំចូល​ស្រូវ​សាលី​និង​រោង​​ម៉ាស៊ីនកិនស្រូវ​សំខាន់ៗ​របស់​ប្រទេស​ឥណ្ឌូនេស៊ី បាន​និយាយថា យ៉ាងហោច​ណាស់​កុងតឺន័​រ​ចំនួន ៨ ដែល​មាន​ស្រូវ​សាលី​ចំនួន ១៦០ តោន​ដែល​ត្រូវការ​សម្រាប់​ផលិត​ម្សៅ​បាន​ជាប់គាំង​ក្នុងប្រទេស​​អ៊ុ​យក្រែន​។​

​លោកស្រី​បាន​បន្ថែមថា ខណៈ​ទទួលស្គាល់ថា​ផលប៉ះពាល់​មាន​តិចតួច អ្នក​ផលិត​ម្សៅ​ស្រូវ​សាលី​ក្នុងស្រុក​ទំនងជា​នឹង​ទិញ​ពី​ប្រភព​ផ្សេងទៀត​ដើម្បី​ជំនួស​ស្រូវ​សាលី​អ៊ុ​យក្រែន​។​

– ពាណិជ្ជកម្ម​ក្នុងប្រទេស​ហ្វីលីពីន​ត្រូវបាន​ការពារ​ដោយ​គម្លាត​ពី​អ៊ុយ​ក្រែ​ន​និង​រុស្ស៊ី ប៉ុន្តែ​មិន​បាន​ការពារ​ពី​ការរំខាន​ជា​សកល​នោះទេ​

​ហ្វីលីពីន​កំពុង​រង​ការវាយប្រហារ​ដោយ​កងកម្លាំង​រំខាន​ដូចគ្នា​ដែល​បាន​កើតមាន​គ្រប់​ទីកន្លែង​ក្នុង​ពិភពលោក​ដោយសារ​តែ​សង្គ្រាម​នៅ​អ៊ុ​យក្រែន​។​

​ប៉ុន្តែ​បើ​និយាយ​ពី​ពាណិជ្ជកម្ម​ផ្ទាល់ ប្រទេស​នេះ​ត្រូវបាន​ការពារ​ដោយ​រយៈ​ចម្ងាយ​ឆ្ងាយ​ពីគ្នា​និង​ទំនាក់ទំនង​សេដ្ឋកិច្ច​តិចតួច​ជាមួយ​អ៊ុយ​ក្រែនឬ​រុស្ស៊ី​។ និយាយ​រួម សង្គ្រាម​អាច​នាំឱ្យ​មាន​បរិមាណ​តិចតួច​នៃ​ធញ្ញជាតិ​នាំចូល​ពី​ប្រទេស​ទាំង​ពីរ​នេះ​។​

​យោង​តាម​ទិន្នន័យ​ពាណិជ្ជកម្ម​របស់​អង្គការសហប្រជាជាតិ​បានឱ្យដឹងថា ហ្វីលីពីន​ទិញ​ធញ្ញជាតិ​សរុប​ចំនួន ២៤០ លាន​ដុល្លារ​ពី​អ៊ុយ​ក្រែ​ន​និង​រុស្ស៊ី​។ ប៉ុន្តែ​នេះ​ជា​ចំណែក​តូច​មួយ​នៃ​ការនាំ​ចូល​តម្លៃ ២,៨ ពាន់​លាន​ដុល្លារ​របស់​ហ្វីលីពីន​សរុប​ក្នុង​មួយឆ្នាំ​ប៉ុណ្ណោះ​។​

​តម្លៃ​ស្រូវ​សាលី​ក៏​កើនឡើង​ដែរ ប៉ុន្តែ​ហ្វីលីពីន​ទទួលបាន​ស្រូវ​សាលី​ភាគច្រើន​ពី​សហរដ្ឋ​អាម៉េរិក មិនមែន​រុស្ស៊ី​ទេ​។ ទោះយ៉ាងណា ជម្លោះ​កំពុង​ធ្វើឱ្យ​តម្លៃ​ប្រេងឥន្ធនៈ​និង​ថាមពល​កើនឡើង​នៅ​គ្រប់​ទីកន្លែង ហើយ​ដូច្នេះ​ក៏​ធ្វើឱ្យ​តម្លៃ​ម្ហូបអាហារ​កើន​ឡើង​ដែរ​។​

– ម៉ាឡេស៊ី​ដាក់ចេញ​ការគ្រប់គ្រង​តម្លៃ និង​ផ្តល់​ការឧបត្ថម្ភ​ធន​ដើម្បី​បន្ធូរបន្ថយ​សម្ពាធ​តម្លៃ​

​សង្គ្រាម​រុស្ស៊ី​-​អ៊ុយ​ក្រែន​អាច​ប៉ះពាល់​ដោយ​ប្រយោល​ដល់​សន្តិសុខ​ស្បៀង​របស់​ម៉ាឡេស៊ី​តាមរយៈ​ការ​ឡើងថ្លៃ​ជីរ​និង​ចំណី​សត្វ​ក្នុងចំណោម​របស់​ផ្សេងៗ​ទៀត​។​

​ខណៈ​ពាណិជ្ជកម្ម​ជាមួយ​អ៊ុយ​ក្រែ​ន​និង​រុស្ស៊ី​តំណាងឱ្យ​ត្រឹមតែ ០,៥ ភាគរយ​នៃ​ពាណិជ្ជកម្ម​សរុប ឧស្សាហកម្ម​ប​សុ​បក្សី​របស់​ម៉ាឡេស៊ី​គឺ​ពឹងផ្អែក​យ៉ាងខ្លាំង​លើ​ចំណី​នាំចូល ដោយ​ប្រហែល ៩០ ភាគរយ​គឺ​នាំចូល​ពី​ប្រទេស​ដូចជា​អ៊ុ​យក្រែន ប្រេ​ស៊ីល និង​អា​ហ្សង់​ទីន​។​

​ក្នុង​ឆ្នាំ ២០២០ ម៉ាឡេស៊ី​បាន​ចំណាយ​ប្រាក់ ៤,៦ ពាន់​លាន​រីង​ហ្គី​ត (១,០៩ ពាន់​លាន​ដុល្លារ​) លើ​ការ​នាំចូល​ចំណី​សត្វ​។​

​ការពឹងផ្អែក​លើ​ចំណី​មាន់​ដែល​នាំ​ចូល​បាន​ឃើញ​តម្លៃ​សាច់មាន់​និង​ពងមាន់​កើន​ឡើង​ក្នុង​រយៈពេល​ថ្មីៗ​នេះ ជាហេតុ​បង្ខំ​ឱ្យ​រដ្ឋាភិបាល​ដាក់ចេញ​ការគ្រប់គ្រង​តម្លៃ​ដើម្បី​សម្រាល​បន្ទុក​ដល់​អ្នកប្រើប្រាស់​។​

– ថ្លៃដើម​ផលិតកម្ម​ខ្ពស់​របស់​ថៃ​អាច​នឹង​ប៉ះពាល់​ដល់​អ្នកប្រើប្រាស់​ក្នុងពេល​ឆាប់ៗ​នេះ​

​សង្គ្រាម​នៅ​អ៊ុយ​ក្រែន​បានបង្កើន​ថ្លៃដើម​ផលិតកម្ម​និង​ផលិត​ផល ដែល​អាច​ប៉ះពាល់​ដល់​អ្នកប្រើប្រាស់​ក្នុងពេល​ឆាប់ៗ​នេះ​ដោយ​ពួកគេ​មាន​អារម្មណ៍​រង​សម្ពាធ​រួច​ទៅ​ហើយ​ពី​ការកើនឡើង​ថ្លៃ​ថាមពល​​និង​តម្លៃ​ទំនិញប្រើប្រាស់​ចាប់តាំងពី​ចុងឆ្នាំ​មុន​។​

​អត្រា​អតិផរណា​របស់​ថៃ​បាន​កើនឡើង ៥,២៨ ភាគរយ​ក្នុង​ខែ​កុម្ភៈ​ធៀប​នឹង​ឆ្នាំ​មុន ដែល​ខ្ពស់​ជាង​ការរំពឹងទុក​និង​មាន​កម្រិត​ខ្ពស់​បំផុត​ចាប់តាំងពី​ខែ​កញ្ញា ឆ្នាំ ២០០៨​។​

​ពាណិជ្ជកម្ម​របស់​ថៃ​ជាមួយ​រុស្ស៊ី​និង​អ៊ុយ​ក្រែន​មាន​ត្រឹមតែ ៣ ពាន់​លាន​ដុល្លារ ដោយ​ការនាំចេញ​និង​ការនាំ​ចូល​សរុប​មាន​ត្រឹមតែ ០,៥ ភាគរយ និង ០,៩ ភាគរយ​នៃ​ពាណិជ្ជកម្ម​សរុប​រៀងៗ​ខ្លួន​ប៉ុណ្ណោះ​។​

​ប៉ុន្តែ​មុនពេល​រុស្ស៊ី​ឈ្លានពាន​អ៊ុយ​ក្រែន​នៅ​ថ្ងៃទី ២៤ ខែ​កុម្ភៈ តម្លៃ​អង្ករ​ផ្កា​ម្លិះ ប្រេង​ដូង កៅស៊ូ និង​ជ្រូករ​ស់បាន​ឡើងថ្លៃ​រួចទៅហើយ ខណៈ​ថៃ​ព្យាយាម​ងើប​ឡើងវិញ​ពី​ការរំខាន​ដែល​បណ្តាលមកពី​ជំងឺ​រាតត្បាត​និង​សេដ្ឋកិច្ច​ទន់ខ្សោយ​។​

– ឥណ្ឌា​ត្រៀម​ខ្លួន​សម្រាប់​ការ​ឡើងថ្លៃ​ប្រេង​ចម្អិន​អាហារ​បន្ថែមទៀត​

​ឥណ្ឌា ដែល​ជា​ប្រទេស​នាំចូល​ប្រេងឆា​ធំ​ជាង​គេ​លើ​ពិភពលោក កំពុង​ប្រឈមមុខ​នឹង​ផលប៉ះពាល់​បន្ថែមទៀត ខណៈ​សង្គ្រាម​នៅ​អ៊ុយ​ក្រែន​បង្ក​ហានិភ័​យនៃការ​ឡើងថ្លៃ​ផលិត​ផល​សំខាន់ៗ​ក្នុង​ប្រភេទ​នេះ ដែល​បាន​កើនឡើង​ពី ១០ ទៅ ៣០ ភាគរយ​ចាប់តាំងពី​ឆ្នាំមុន ដោយ​បន្ត​ប៉ែង​ជើង​ឥណ្ឌា​ក្នុង​កិច្ចខិតខំ​ប្រឹងប្រែង​ដើម្បី​គ្រប់គ្រង​អតិផរណា​។​

​ប្រទេស​នេះ​ប្រើប្រាស់​ប្រេងឆា​ប្រហែល ១,៨ លាន​តោន​ក្នុង​មួយខែ ដែល​ក្នុងនោះ​ប្រហែល ៦០ ភាគរយ​ត្រូវបាន​នាំចូល​។ ប្រេង​ផ្កាឈូករ័ត្ន​មាន​ប្រហែល ២០០.០០០ តោន​នៃ​ការប្រើប្រាស់​ប្រចាំ​ខែ​នេះ ដោយ ៨៥ ភាគរយ​គឺ​នាំចូល​ពី​អ៊ុ​យក្រែន និង ១៤,៣ ភាគរយ​ទៀត​នាំចូល​ពី​រុស្ស៊ី​នៅ​ចន្លោះ​ខែវិច្ឆិកា​ឆ្នាំ​មុន​ដល់​ខែ​កុម្ភៈ​ឆ្នាំ​នេះ​។​

​ខណៈ​ការនាំ​ចេញពី​តំបន់​សមុទ្រ​ខ្មៅ​បាន​ជាប់​គាំង​ដោយសារតែ​សង្គ្រាម មាន​ការព្រួយបារម្ភ​ថា​ថវិកា​របស់​គ្រួសារ​ទាំងឡាយ ជា​ពិសេស​គ្រួសារ​ដែល​មាន​ប្រាក់​ចំណូល​ទាប​នឹង​ទទួលរង​នូវ​ភាព​តានតឹង​បន្ថែម​ពី​ការកើនឡើង​ថ្លៃទំនិញ​។​

– ការពឹងផ្អែក​លើ​ខ្លួនឯង​របស់​ចិន​បាន​រក្សា​តម្លៃ​ស្បៀងអាហារ​និង​ការផ្គត់ផ្គង់​ឱ្យ​មាន​ស្ថិរភាព​ចំពេល​មាន​សង្គ្រាម​នៅ​អ៊ុ​យក្រែន​

​នៅ​ព្រឹក​ថ្ងៃ​ពុធ​សប្តាហ៍​មុន​នៅ​ផ្សារ​ប្រពៃណី​មួយ​នៅ​កណ្តាល​ទីក្រុង​ប៉េកាំង ស្ត្រី​មេផ្ទះ​ឈ្មោះ វ៉ាង ហៃ​ឡាន (Wang Hailan) សប្បាយចិត្ត​ដោយ​ដឹង​ថា​តម្លៃ​សាច់​ជ្រូក​និង​បន្លែ​គឺ​ដូចគ្នា​ទៅ​នឹង​សប្តាហ៍​មុន​។​

​ស្ត្រី​អាយុ ៤៦ ឆ្នាំ​រូប​នេះ​បាន​ប្រាប់​កាសែត The Straits Times ថា “​និយោជក​របស់​ខ្ញុំ​ដែល​ជា​ជនបរទេស​មាន​ការព្រួយបារម្ភ​ថា​តម្លៃ​អាហារ​នឹង​កើន​ឡើង​ដោយសារតែ​ស្ថានភាព​អន្តរជាតិ​។ ប៉ុន្តែ​ខ្ញុំ​នៅតែ​បន្ត​ប្រាប់​ពួកគេ​ថា​នេះ​គឺជា​ប្រទេស​ចិន​ហើយ​យើង​នឹង​មាន​អ្វីៗ​គ្រប់គ្រាន់​សូម្បីតែ​អំឡុង​ពេល​មាន​ជំងឺ​រាតត្បាត​”​។​

​តម្លៃ​ស្បៀងអាហារ​នៅក្នុង​ប្រទេស​ចិន​ភាគច្រើន​នៅតែ​មិន​ប៉ះពាល់​ពី​សង្គ្រាម​នៅ​អ៊ុ​យក្រែន ដោយសារ​គោលនយោបាយ​ដែល​បាន​សង្កត់ធ្ងន់​លើ​សន្តិសុខ​ស្បៀង​និង​និរន្តរភាព​។​

​សង្គ្រាម​ពាណិជ្ជកម្ម​ដ៏​ជូរ​ចត់​រវាង​ទីក្រុង​វ៉ាស៊ីនតោន​និង​ទីក្រុង​ប៉េកាំង ការ​ផ្ទុះ​ឡើង​នៃ​ជំងឺប៉េស្ត​ជ្រូក​អាហ្វ្រិក​ដែល​ចាប់ផ្តើម​នៅ​ឆ្នាំ ២០១៨ និង​ផលប៉ះពាល់​នៃ​តម្លៃ​អាហារ​ដែល​បង្កឡើង​ដោយ​ជំងឺ​រាតត្បាត​កូវី​ដ​១៩ បាន​ជំរុញ​ឱ្យ​រដ្ឋាភិបាល​កែលម្អ​គោលនយោបាយ​ពឹងផ្អែក​លើ​ខ្លួនឯង​ក្នុង​ការផ្គត់ផ្គង់​ស្បៀង​អាហា​រ​របស់​ប្រទេស​។​

​នេះ​មានន័យថា ការធ្វើ​ពិពិធ​កម្ម​ប្រភព​អាហារ​និង​ការ​បង្វែរ​ទិស​ផ្គត់ផ្គង់​មក​ក្នុងស្រុក​។​

– ការប្រមូល​ផល​គ្រាប់​ធញ្ញជាតិ​ខ្ពស់បំផុត​មិន​ធ្លាប់​មាន​របស់​អូស្ត្រាលី​អាចជួយ​ដោះស្រាយ​បញ្ហា​ខ្វះខាត​ជា​សាកល​ដែល​បណ្តាល​មក​ពី​សង្គ្រាម​អ៊ុ​យក្រែន​

​កសិករ​អូស្ត្រាលី​កំពុង​ជួបប្រទះ​នឹង​ការប្រមូល​ផល​គ្រាប់​ធញ្ញជាតិ​ខ្ពស់​បំផុត​ដែល​អាច​ជួយ​ដោះស្រាយ​កង្វះខាត​ដែល​បណ្តាល​មក​ពី​សង្គ្រាម​នៅ​អ៊ុ​យក្រែន ដែល​បាន​នាំឱ្យ​មាន​ការកើនឡើង​នៃ​តម្លៃ​គ្រាប់​ធញ្ញជាតិ​និង​អាហារ​សំខាន់ៗ​ផ្សេងទៀត​។​

​អ៊ុយ​ក្រែន​គឺជា​ប្រទេស​មាន​ជីជាតិ​បំផុត​មួយ​ក្នុង​ពិភពលោក​។ ប្រទេស​នេះ​និង​ប្រទេស​ជិតខាង​របស់​ខ្លួន​គឺ​រុស្ស៊ី​មាន​ចំណែក ២៥ ភាគរយ​នៃ​ការនាំចេញ​ស្រូវ​សាលី​ពិភពលោក និង​ជាង ៣០ ភាគរយ​នៃ​ការនាំចេញ​ស្រូវ​បាលី (Barley)​។​

​ប៉ុន្តែ​សង្គ្រាម​គ្រោង​នឹង​កាត់បន្ថយ​ការផ្គត់ផ្គង់​ស្រូវ​សាលី ស្រូវ​បាលី និង​អាហារ​សំខាន់​ផ្សេង​ទៀត​ដូចជា​ពោត​និង​ប្រេង​ផ្កា​ឈូករ័ត្ន ជាពិសេស​ខណៈ​កសិករ​មិន​អាច​ធានាបាន​នូវ​ឥន្ធនៈ​និង​ជីរ ដែល​ភាគច្រើន​នាំចូល​ពី​រុស្ស៊ី​៕

​ស្រូវ​សាលី​អ៊ុយ​ក្រែ​ន​និង​រុស្ស៊ី​ជា​ប្រភព​សម្រាប់​ផលិត​ម្សៅ​ផលិត​នំ​