ដោយៈ ជា សីហៈ/ភ្នំពេញៈ នៅព្រឹកថ្ងៃអាទិត្យ ទី២០ ខែមីនា ឆ្នាំ២០២២ម្សិល មិញនេះ ក្រុមអ្នកជំនាញការអាដហុកនៃគណៈកម្មាធិការសម្របសម្រួល អន្តរជាតិសម្រាប់ការអភិរក្ស និងការលើកតម្លៃរមណីយដ្ឋានប្រាសាទព្រះវិហារ ហៅកាត់ថា អាយស៊ីស៊ី-ព្រះវិហារ (ICC-Preah Vihear) បានចុះត្រួតពិនិត្យ ការងារអភិរក្សក្នុងរមណីយដ្ឋានប្រាសាទកោះកេរ។
ការអញ្ជើញចុះត្រួតពិនិត្យ មានការចូលរួមពីអ្នកជំនាញការអាដហុក ថ្នាក់ដឹកនាំ និងមន្ត្រីអាជ្ញាធរជាតិព្រះវិហារ នៅតាមប្រាសាទមួយចំនួនក្នុងរមណីយដ្ឋាន ប្រាសាទកោះកេររួមមាន ការអភិរក្ស និងការប្រមូលបំណែករូបបដិមានៅរាយ ប៉ាយខាងមុខតួប៉មប្រាសាទចិន ការធ្វើកំណាយស្រាវជ្រាវស្វែងរកបំណែក បដិមា និងការងារអភិរក្សទល់ទ្ររចនាសម្ព័ន្ធប្រាសាទក្រចាប់ ការធ្វើកំណាយ និងទល់ទ្រប្រាសាទដងទង់ ការអភិរក្ស និងទល់ទ្រប្រាសាទតាម៉ែន ការអភិរក្សជួសជុលបដិមាព្រះឥសូររាំនៅក្នុងប្រាសាទក្រហម និងសិក្សាពី ទីតាំងតម្កល់ ការធ្វើកំណាយស្រាវជ្រាវនៅប្រាសាទថ្មបាយក្រៀម ការកំណាយជួសជុល និងចងក្រងឯកសារនៅស្ពានហាលខាងកើតប្រាសាទរួម ស្ថានីយបន្សុទ្ធទឹកស្អាតសម្រាប់ផ្គត់ផ្គង់ក្នុងសហគមន៍កោះកេរ និងគម្រោងសាងសង់ចំណតរថយន្តថ្មីនៅក្បែរច្រកចូលប្រាសាទធំ៕/PC