ដោយ​: ផេង ពង្ស​រ៉ាស៊ី នាយក​កម្មវិធី​អប់រំ​ពី​អំពើ​ប្រល័យពូជសាសន៍​នៅ​កម្ពុជា​/ភ្នំពេញៈមជ្ឈមណ្ឌល​ឯកសារ​ខេត្តព្រៃវែង ដែលមាន​ទីតាំង​ស្ថិតនៅក្នុង​បរិវេណ​មជ្ឈមណ្ឌល​គរុកោសល្យ​ភូមិភាគ ខេត្តព្រៃវែងនៅ​ថ្ងៃទី​១៩ ខែមីនាឆ្នាំ​២០២២ បានរៀបចំ​វេទិកា​ថ្នាក់រៀន​លើក​ទី​៧០​របស់ខ្លួន​ជាមួយ​សិស្សានុសិស្ស​ចំនួន​៣៦​នាក់ (​ស្រី​៣៤​នាក់​) មកពី​វិទ្យាល័យ មេសាង ស្រុក​មេសាង ខេត្តព្រៃវែង​។

សិស្សានុសិស្សលើកដៃសួរសំណួរបន្ទាប់ពីគ្រូឧទ្ទេសធ្វើបទបង្ហាញចប់។(បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា)

វិទ្យាល័យ មេសាង គឺជា​វិទ្យាល័យ​មួយ​ដែល​ទទួល​បានការ​ដំឡើង​ផ្ទាំង​ពាក្យស្លោក​អប់រំស្តីពី​ការចងចាំ​ប្រវត្តិសាស្ត្រ​កម្ពុជា​ប្រជាធិបតេយ្យពី​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា កាលពី​ឆ្នាំ​២០១៨​កន្លងមក​។ ការ​ដំឡើង​ផ្ទាំង​ពាក្យស្លោក​នេះ ត្រូវបាន​ធ្វើឡើង​ជាមួយ​គ្នា​នឹង​ការរុករក​អដ្ឋិធាតុ​ជនរងគ្រោះ​ដែល​ត្រូវបាន​សម្លាប់​ក្នុង​របប​ខ្មែរក្រហម ពី​ក្រុម​អ្នកជំនាញ​រុករក​អដ្ឋិធាតុ​ក្រោម​ដី​តាមរយៈ​ម៉ាស៊ីន​ស្គេ​ន​នៃ​ក្រុមហ៊ុន ស្ប៉ា​រ៉ូ​ហក​។ កាលពីមុន​ខែមករា ឆ្នាំ​១៩៧៩ បរិវេណ​វិទ្យាល័យ មេសាង គឺជា​ទីតាំង​សម្លាប់​មនុស្ស​របស់​ខ្មែរក្រហម​។ អ្នកទោស​ខ្មែរក្រហម ត្រូវបាន​បណ្តើរ​ចេញពី​មន្ទីរឃុំឃាំង​ក្នុង​បរវេ​ណ​វត្ត ជី​ផុ​ច ដែលមាន​ចម្ងាយ​ប្រមាណ​២០០​ម៉ែត្រ​ប៉ុណ្ណោះ យកមក​សម្លាប់​នៅក្នុង​រណ្តៅ​ចំនួន​៦ ដែល​ត្រូវបាន​រកឃើញ​ដោយ​ម៉ាស៊ីន​ស្គេ​ន​របស់​ក្រុមហ៊ុន ស្ប៉ា​រ៉ូ​ហក​។ នៅក្នុង​អំឡុង​ទសវត្សរ៍​ឆ្នាំ​១៩៨០ ទីតាំង​សម្លាប់​នេះ ត្រូវបាន​បោសសម្អាត និង​ប្រែ​ក្លាយទៅជា​ទីតាំង​សម្រាប់​អប់រំ​វិញ​។

សិស្សានុសិស្សបំពេញតារាងវាស់ស្ទង់ចំណេះដឹងមុនពេលសិក្សា។(បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា)

វិទ្យាល័យ មេសាង នាពេល​បច្ចុប្បន្ន គឺ​ចាប់​ផ្តើមកសាង​តាំងពី​ពេលនោះ​មក​។ ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ សិស្សានុសិស្ស​រាប់ពាន់នាក់​បាន​ចុះឈ្មោះ​ចូលរៀន​នៅក្នុង​វិទ្យាល័យ​នេះ ហើយ​សិស្ស​ថ្នាក់​ទី​១២​ភាគច្រើន ត្រូវបាន​ណែនាំ​ឲ្យ​ដឹង​ពី​ទីតាំង​សម្លាប់​នៅក្នុង​បរិវេណ​វិទ្យាល័យ​ដែល​ខ្លួន​កំពុង​សិក្សា តាមរយៈ​ការពន្យល់ និង​បង្ហាញ​ពី​គ្រូបង្រៀន​ប្រវត្តិវិទ្យា​ដែល​ធ្លាប់​ចូលរួម​ក្នុង​វគ្គ​បណ្តុះបណ្តាល​គ្រូបង្រៀន រៀបចំ​ដោយ​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​និង​ក្រសួង​អប់រំ យុវជន និង​កីឡា​។​
​នៅក្នុង​វេទិកា​ថ្នាក់រៀន​នេះ​ត្រូវបាន​បែងចែក​សកម្មភាព​ដូចតទៅ ៖
១) សិស្សានុសិស្ស ត្រូវបាន​ណែនាំ​ឲ្យ​ដឹង​ពី​ការបង្កើត​មជ្ឈមណ្ឌល​ឯកសារ​ខ្មែរក្រហម ដើម្បី​ការ​ចងក្រង និង​ផ្សព្វផ្សាយ​ពី​ឯកសារ​ប្រវត្តិសាស្ត្រ​កម្ពុជា​ប្រជាធិបតេយ្យ សម្រាប់​ជា​មធ្យោបាយ​ដ៏​មាន​ប្រសិទ្ធភាព​ក្នុងការ​ស្វែងយល់ និង​ចងចាំ​ពី​ប្រវត្តិសាស្ត្រ​នេះ​។
២) តារាង​ស្ទាបស្ទង់​មតិ (​មុនពេល​ធ្វើ​វេទិកា​ថ្នាក់រៀន​) ចំនួន​៣៦​ច្បាប់ ត្រូវបាន​ចែក​ទៅកាន់​សិស្សានុសិស្ស​ទាំងអស់​ដើម្បី​បំពេញ ក្នុង​ចេតនា​វាស់​ស្ទង់​ចំណេះដឹង​ពីមុន​អំពី​ប្រវត្តិសាស្ត្រ​ខ្មែរក្រហម​។ តារាង​ស្ទាបស្ទង់​មតិ​នេះ មាន​សំណួរ​ចំនួន​១២ ដែល​ត្រូវបាន​បែងចែក​ជា​បី​ផ្នែក​ធំៗ គឺ ក​) ចំណេះដឹង​អំពី​ប្រវត្តិសាស្ត្រ​កម្ពុជា​ប្រជាធិបតេយ្យ​។ ខ​) ចំណេះដឹង​អំពី​និយមន័យ និង​កត្តា​គ្រោះថ្នាក់​ជាក់លាក់​ដែល​នាំ​ឲ្យ​កើតមាន​អំពើ​ឃោរឃៅ​ក្នុង​ពិភពលោក និង គ​) ចំណេះដឹង​អំពី​វិធីសាស្ត្រ​ក្នុងការ​ចូលរួម​ទប់ស្កាត់​អំពើហិង្សា ឬ​អំពើ​ប្រល័យពូជសាសន៍​។​

សិស្សានុសិស្សសរសេរសំណួរលើក្តារខៀនមុនពេលគ្រូឧទ្ទេសចាប់ផ្តើមបង្រៀន។(បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា)
៣) គ្រូឧទ្ទេស​បានផ្តល់​ពេលវេលា​ចំនួន​២០​នាទី​ដល់​ក្រុមសិស្ស​ទាំងអស់ ក្នុងការ​សួរ​សំណួរ​អំពី​ប្រវត្តិសាស្ត្រ​កម្ពុជា​ប្រជាធិបតេយ្យ មុន​ការធ្វើ​បទ​បង្ហាញ​ខ្លី​អំពី​ប្រវត្តិសាស្ត្រ​នេះ​។ ទម្រង់​នៃ​ការ​សួរ​សំណួរ​របស់​សិស្ស គឺជា​ទម្រង់​នៃ​ការ​ឡើងមក​សរសេរ​សំណួរ​នៅលើ​ក្រដាស​ផ្ទាំង​ធំ​មួយ ដែល​ស្ថិតនៅ​ចំ​ពីមុខ​តុ​សិស្ស​ទាំងអស់​។ មិនមាន​សិស្សានុសិស្ស​ច្រើន​នាក់​ទេ ដែល​បាន​ឡើងមក​សរសេរ​សំណួរ​ដែល​ខ្លួន​ឆ្ងល់​យូរណាស់​មកហើយ នៅលើ​ផ្ទាំង​ក្រដាស​ធំ​នេះ​។
​មូលហេតុ​នៃ​ការផ្តើម​ឲ្យ​មានការ​សួរ​សំណួរ​មុន​ការបង្រៀន​នេះ​គឺ ទី​១) ទាញអារម្មណ៍ និង​ការគិត​របស់​សិស្ស​មក​ផ្តោតលើ​អំឡុងពេល​នៃ​របប​ខ្មែរក្រហម​។ ទី​២) ផ្តល់ឱកាស​ដល់​សិស្ស​ដែលមាន​ចម្ងល់​ជា​យូរ​មកហើយ​អំពី​ប្រវត្តិសាស្ត្រ​ខ្មែរក្រហម ដែល​ខ្លួន​មិនដឹង​សួរ​ទៅកាន់​នរណា​ដើម្បី​ទទួលបាន​ចម្លើយ​។ ទី​៣) អាចជា​ឱកាស​នៃ​ការ​សួរ​សំណួរ​ពិបាកៗ​ដែល​គ្រូ​របស់ខ្លួន​មិនទាន់​រក​ចម្លើយ​ឲ្យ​ខ្លួន​បាន​។ តាមរយៈ​សំណួរ​ដែល​សិស្សានុសិស្ស​បាន​សួរ មាន​សំណួរ​ខ្លះ​ត្រូវការ​ចម្លើយ​រហូតដល់​ទៅ​ពីរ​ម៉ោង ឬ​ច្រើនជាង​នេះ​។ ឧទាហរណ៍​៖ សិស្សស្រី​ម្នាក់​បានស្នើ​ឲ្យ​គ្រូឧទ្ទេស​ពន្យល់​រៀបរាប់​ពី​ព្រឹត្តិការណ៍​ទាំងអស់​ដែល​បាន​កើតឡើង​ក្នុង​របប​ខ្មែរក្រហម​។ លើសពីនេះ​ទៀត សិស្សស្រី​ម្នាក់ទៀត បាន​សួរ​ពី​វិធីសាស្ត្រ​បែបណា​ដែល​អាច​ទប់ស្កាត់​អំពើ​ប្រល័យពូជសាសន៍​បាន​។ សំណួរ​ទាំងពីរ​នេះ គឺជា​ប្រធានបទ​ដែល​គ្រូឧទ្ទេស​នឹងត្រូវ​លើក​យកមក​ធ្វើ​បទ​បង្ហាញ​ក្នុងអំឡុងពេល​នៃ​វេទិកា​ថ្នាក់រៀន​នាពេលនេះ​។

គ្រូឧទ្ទេសធ្វើបទបង្ហាញអំពីប្រវត្តិសាស្ត្រកម្ពុជាប្រជាធិបតេយ្យទៅកាន់សិស្សានុសិស្ស។(បណ្ណសារមជ្ឈមណ្ឌល​ឯកសារកម្ពុជា)
៤) គ្រូឧទ្ទេស បាន​ចំណាយ​ពេលវេលា​ប្រហែល​មួយ​ម៉ោង​កន្លះ សម្រាប់​ការធ្វើ​បទ​បង្ហាញ​ពី​ប្រវត្តិសាស្ត្រ​កម្ពុជា​ប្រជាធិបតេយ្យ (១៩៧៥-១៩៧៩)​។ ការធ្វើ​បទ​បង្ហាញ បានចាប់ផ្តើម​ពី​ការពន្យល់​ពាក្យ «​ខ្មែរក្រហម​» ដែលជា​ពាក្យ​ហៅ​ដំបូង​ដោយ​សម្តេចព្រះ នរោត្តម សីហនុ ហើយ​ត្រូវ​ទស្សនា​វ​ដ្តី​អ្នក​ជាតិនិយម យកមក​ចុះផ្សាយ​នៅក្នុង​ឆ្នាំ​១៩៦៧ និង​បញ្ចប់​ដោយ​ការបង្ហាញ​ពី​ផលប៉ះពាល់​នៃ​របប​ខ្មែរក្រហម មកលើ​ប្រជាជន​ទូទៅ និង​ប្រទេសជាតិ ជាពិសេស​ជំងឺ​បាក់ស្បាត​ដែល​នៅតែ​បន្ត​កើតមាន​ចំពោះ​អ្នក​រស់រានមានជីវិត​ពីរ​បប​ខ្មែរក្រហម​នាពេល​បច្ចុប្បន្ន​នេះ​។​
៥) ខ្សែ​វីដេអូ​ឯកសារ​ខ្លី ដែលមាន​រយៈពេល​តែ​ប្រាំមួយ​នាទី មាន​ចំណងជើង​ថា «​កុមារ​កម្ពុជា​» ត្រូវ​បានដាក់​បញ្ចាំង​បន្ទាប់ពី​ការធ្វើ​បទ​បង្ហាញ​របស់​គ្រូឧទ្ទេស​។ ខ្សែ​វីដេអូ​នេះ បង្ហាញ​អំពី​ដំណើរ​គ្មាន​គោលដៅ​របស់​ក្មេង​កំព្រា​ទាំងឡាយ​ដែល​ឪពុកម្តាយ និង​បងប្អូន​បាន​ស្លាប់ចោល​អស់​។ ក្នុង​ដំណើរ​ផ្សងព្រេង​នេះ សិស្សានុសិស្ស​បាន​សង្កេត​ឃើញ​ពី​ភាព​គ្មាន​អនាម័យ​ក្នុងការ​ហូបចុក និង​រស់នៅ​របស់​ក្មេង ព្រមទាំង​បានឃើញ​ពី​ជីវិត​តែលតោល​គ្មាន​គោលដៅ ដែល​ដំណើរ​ទាំងនេះ​បាន​ឆ្លុះបញ្ចាំង​ឲ្យ​ឃើញ​ពី​ភាព​ដែល​មិនអាច​ទទួលយកបាន​នាពេល​បច្ចុប្បន្ននេះ ពី​សំណាក់​ក្មេងៗ​ជំនាន់​ក្រោយ​។ ខ្សែ​វីដេអូ​នេះ ក៏​ជា​ភស្តុតាង​បញ្ជាក់ និង​ជា​មេរៀន​ជីវិត​របស់​ក្មេងៗ​ជំនាន់​មុន ដែល​ក្មេងៗ​ជំនាន់​នេះ​បានបង្ហាញ​ពី​ភាព​អាណិតអាសូរ​ចំពោះ​សោកនាដកម្ម​នានា​ដែល​បាន​កើតមាន​ចំពោះ​ក្មេងៗ​ក្នុងសម័យ​ខ្មែរក្រហម​។ វីដេអូ​នេះ ក៏​ជា​ផ្នែក​មួយ​ដែល​បំផុស​ឲ្យ​ក្មេងៗ​ជំនាន់​ក្រោយ ឲ្យ​រិះរក​វិធី​ទប់ស្កាត់​កុំ​ឲ្យ​របប​ខ្មែរក្រហម​វិលត្រឡប់​មកជា​លើក​ទី​ពីរ​ទៀត​។​
៦) បន្ទាប់ពី​ផ្តល់​ពេលវេលា​ខ្លី​សម្រាប់​សិស្សានុសិស្ស​សម្រាក គ្រូឧទ្ទេស​បានចាប់ផ្តើម​ការធ្វើ​បទ​បង្ហាញ​របស់ខ្លួន​បន្តទៀត ដោយ​ផ្តោតលើ​ផ្នែក​សំខាន់​ពីរ​គឺ ១) និយមន័យ​នៃ​អំពើ​ឧក្រិដ្ឋ​ឃោរឃៅ (​រួមមាន​ឧក្រិដ្ឋកម្ម​ប្រល័យពូជសាសន៍ ឧក្រិដ្ឋកម្ម​ប្រឆាំងនឹង​មនុស្សជាតិ និង​ឧក្រិដ្ឋកម្ម​សង្គ្រាម​) និង​ឧទាហរណ៍​ជាក់លាក់​មួយចំនួន​ដែល​នាំ​ឲ្យ​កើតមាន​ឧក្រិដ្ឋកម្ម​ឃោរឃៅ​ទាំងឡាយ​។ ២) ការបង្ហាញ​ពី​វិធីសាស្ត្រ​ជាក់លាក់​ចំនួន​ពីរ ក្នុងការ​ចូលរួម​ទប់ស្កាត់​អំពើ​ឃោរឃៅ ឬ​អំពើ​ប្រល័យពូជសាសន៍​ក្នុង​កម្រិត​បុគ្គល គ្រួសារ ឬ​សហគមន៍ និង​កម្រិត​ប្រទេសជាតិ​។​

គ្រូឧទ្ទេស, គ្រូដឹកនាំ, ក្រុមការងារមជ្ឈមណ្ឌលឯកសារខេត្តព្រៃវែង និងសិស្សានុសិស្សថតរូបជុំគ្នា។
(បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា)
៧) សិស្សានុសិស្ស​ទាំងអស់ ត្រូវបាន​លើកទឹកចិត្ត​ឲ្យ​បំពេញ​តារាង​ស្ទាបស្ទង់​មតិ (​ក្រោយ​ពេលធ្វើ​វេទិកា​ថ្នាក់រៀន​) ម្តងទៀត ដើម្បី​ស្វែងយល់​ពី​ចំណេះដឹង​កើនឡើង​ក្រោយ​ពេលដែល​ខ្លួន​បាន​ចូលរួម​ក្នុង​សកម្មភាព​វេទិកា​ថ្នាក់រៀន​រយៈពេល​បី​ម៉ោង​រួចមក​។ លើក​នេះ សិស្សានុសិស្ស​បាន​ចំណាយ​ពេលវេលា​ច្រើនជាង​កន្លះ​ម៉ោង ក្នុងការ​បំពេញ​តារាង​ស្ទាបស្ទង់​មតិ​នេះ ព្រោះថា មាន​សំណួរ​មួយចំនួន​ទាមទារ​ឲ្យ​សិស្សានុសិស្ស​សរសេរ​រៀបរាប់​ពី​ចំណេះដឹង​ដែល​ខ្លួន​បាន​សិក្សា​ថ្មីៗ​ពី​ក្នុង​កម្មវិធី​វេទិកា​ថ្នាក់រៀន ពី​គំនិត​យល់ឃើញ​នានា​របស់ខ្លួន​អំពី​វិធីសាស្ត្រ​ផ្ទាល់ខ្លួន​ក្នុងការ​ចូលរួម​ទប់ស្កាត់​អំពើហិង្សា និង​ពី​គំនិត​ឆ្លុះបញ្ចាំង​ពី​ដំណោះស្រាយ​ចំពោះ​ការកើតឡើង​នូវ​អំពើហិង្សា​នៅក្នុង​សហគមន៍ ដែល​ខ្លួន​គួរ​មាន និង​ដោះស្រាយ ក្នុងករណី​ដែលមាន​អំពើហិង្សា​កើតឡើង​មែន​។​
៨) ចុងបញ្ចប់​នៃ​កម្មវិធី​វេទិកា​ថ្នាក់រៀន សិស្សានុសិស្ស​ទាំង​អស់ទ​ទួលបាន​សៀវភៅ​ប្រវត្តិសាស្ត្រ​កម្ពុជា​ប្រជាធិបតេយ្យ (១៩៧៥-១៩៧៩) បោះពុម្ព​លើក​ទី​២ ម្នាក់​មួយច្បាប់ ដើម្បី​ទុកជា​ឯកសារ​ស្រាវជ្រាវ និង​រៀនសូត្រ​បន្ថែម​មុន​ពេលដែល​ខ្លួន​នឹងត្រូវ​ចូលរួម​ប្រឡងប្រជែង​បញ្ចប់​ថ្នាក់មធ្យមសិក្សា​ទុតិយភូមិ​នាពេល​ប៉ុន្មាន​ខែ​ខាងមុខនេះ​។​
៩) មុននឹង​ត្រឡប់​ទៅកាន់​គេហដ្ឋាន​រៀងៗ​ខ្លួន​វិញ សិស្សានុសិស្ស​ទាំងអស់ បាន​ឈរ​ថតរូប​ជុំគ្នា​ជាមួយនឹង​គ្រូឧទ្ទេស គ្រូដឹកនាំ និង​ក្រុមការងារ​របស់​មជ្ឈមណ្ឌល​ឯកសារ​ខេត្តព្រៃវែង នៅ​ពីមុន​ផ្ទាំង​ពិព័រណ៍​ធំ​មួយ​ស្ថិតនៅ​ខាងក្នុង​បរិវេណ​ការិយាល័យ​មជ្ឈមណ្ឌល​ម​ណ្ឌ​ល​ឯកសារ​ខេត្តព្រៃវែង​។ ចំពោះ​បញ្ហា​ប្រឈម សិស្សានុសិស្ស​មួយចំនួន​តូច បានបង្ហាញ​ឲ្យ​ឃើញ​ពី​ភាព​អស់កម្លាំង និង​ងងុយដេក​ក្នុងពេល​ស្តាប់​ការធ្វើ​បទ​បង្ហាញ​។ ទោះបីជា​យ៉ាងណាក៏ដោយ ក៏​សិស្សានុសិស្ស​ភាគច្រើន​លើសលុប បានបង្ហាញ​ឲ្យ​ឃើញ​ពី​ការយកចិត្តទុកដាក់​ខ្ពស់​ក្នុងការ​ត្រងត្រាប់​ស្តាប់​ការពន្យល់​របស់​គ្រូឧទ្ទេស​។ ការធ្វើ​វេទិកា​ថ្នាក់រៀន​របស់​យើង គឺ​ចាប់ផ្តើម​នៅ​ម៉ោង​មួយ​កន្លះ​រសៀល និង​បញ្ចប់​នៅ​ម៉ោង​៥​រសៀល​ថ្ងៃ​ដដែល​៕សរន