ដោយ: ទេពកង្រី/កំពង់ឆ្នាំង: នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២២ ម្សិលមិញនេះ លោក ស៊ុនសុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង និងភរិយា រួមជាមួយលោកស្រី កែ ច័ន្ទមុនី អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ឆ្នាំង បានអមដំណើរលោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា
-ព្រឹទ្ធសភា និងអធិការកិច្ច អញ្ជើញថ្វាយបង្គំ ព្រះសព ព្រះមហាថេរបញ្ញានន្ទោ សំ បុណ្យសាន្ដ ដែលបានសុគតកាលពីថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២០ កន្លងទៅដោយជរាពាធ ក្នុងព្រះជន្ម៩៥ ព្រះវស្សាបច្ចុប្បន្នព្រះសពតម្កល់ទុកសម្រាប់ពុទ្ធសាសនិកចូលថ្វាយបង្គំសុំសេចក្តីសុខសេចក្តីចម្រើន នៅវត្តវារីផាសុខារាម។
បន្ទាប់មកលោកស្រីបានអញ្ជើញប្រគេនចង្ហាន់ និងទេយ្យទានជូនដល់ព្រះមុនីសីលវង្សា ខុន ឆុន ព្រះរាជាគណៈថ្នាក់កិត្តិយស ទីប្រឹក្សាផ្ទាល់ សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្តេចព្រះមហាសង្ឃរាជ នៃព្រះរាជាណាចក្រកម្ពុជា និងជាព្រះចៅអធិការវត្តវារីផាសុខារាម វត្ដទឹកជុំ ស្ថិតនៅឃុំអភិវឌ្ឍ ស្រុកទឹកផុស៕