ដោយៈសុផានីតា/កោះកុងៈ លោក ផៃ ស៊ីផាន ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា នៅព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០២២ បានបំផុសស្មារតី និងចែករំលែកចំណេះដឹងពីវិស័យព័ត៌មានដល់មន្ត្រីថ្នាក់ក្រោមជាតិឱ្យហ៊ានផ្សព្វផ្សាយ ក៏ដូចជាឆ្លើយតបព័ត៌មានប្រកបដោយភាពទទួលខុសត្រូវខ្ពស់។
នៅចំពោះមុខអភិបាលរងខេត្តកោះកុង ខេត្តកែប កំពត កែប និងមន្ត្រីមកពីមន្ទីរអង្គភាពជំនាញច្រើនរូបទៀត លោក ផៃ ស៊ីផាន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានឱ្យដឹងថា នៅក្នុងបរិបទនេះ ព័ត៌មានត្រូវស្ថិតក្នុងវិស័យ និងចរាចរណ៍ចេញពីប្រភពផ្លូវការទៅដល់សាធារណជន ដើម្បីការយល់ដឹងចូលរួមលើកិច្ចកសាងនីតិរដ្ឋប្រកបដោយការទទួលខុសត្រូវ ស្របតាមគោលនយោបាយអភិបាលកិច្ចល្អនៃយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤។
លោក ផៃ ស៊ីផាន គូសបញ្ជាក់ក្នុងការបើកសិក្ខាសាលការិយាល័យព័ត៌មានឈ្លាសវៃ និងអភិបាលកិច្ចល្អក្នុងវិស័យព័ត៌មានថា ទស្សនទាន យន្តការ និងយុទ្ធសាស្ត្រចែករំលែកចំណេះដឹងពីវិស័យព័ត៌មាននៅថ្ងៃនេះ ជាមូលដ្ឋានគ្រឹះមួយរបស់រដ្ឋក្នុងទិសដៅកសាងឱ្យបាននូវអភិបាលកិច្ចល្អលើវិស័យព័ត៌មានថ្នាក់ក្រោមជាតិ ដើម្បីជំរុញប្រសិទ្ធិភាពនៃការផ្សព្វផ្សាយបំផុសបញ្ចូនព័ត៌មានចូលកៀកប្រជាពលរដ្ឋសម្រាប់ផលប្រយោជន៍ផ្ទាល់នៅមូលដ្ឋានដោយភាពត្រឹមត្រូវច្បាស់លាស់។
ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល សង្កត់ធ្ងន់ដែរថា ភាពទទួលខុសត្រូវផ្សព្វផ្សាយ និងទំនាក់ទំនងឆ្លើយតបបំភ្លឺលើបញ្ហាអ្វីមួយនៅថ្នាក់ក្រោមជាតិ គឺមានសារៈសំខាន់ ចៀវាងអ្នកទទួលព័ត៌មានមានការភ័ន្តច្រឡំបង្កឱ្យស្មុគស្មាញលំបាកដោះស្រាយ។បច្ចុប្បន្នអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលបានបន្តពង្រឹងការអនុវត្តតួនាទីភារកិច្ចស្នូលរបស់ខ្លួនដោយឆន្ទៈប្តេជ្ញាយ៉ាងមុះមុតចូលរួមចំណែកលើអភិបាលកិច្ចល្អនៃវិស័យព័ត៌មានក្នុងកិច្ចការពារសន្តិភាព ស្ថិរភាពសង្គម និងការអភិវឌ្ឍន៍ដ៏ផុសផុលក្រោមមគ្គុទេសភាពដ៏ប៉ិនប្រសប់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី។
លោក ស្រេង ហុង អភិបាលរងខេត្តកោះកុង ថ្លែងថា រដ្ឋបាលខេត្តកំពុងរៀបចំយ៉ាងច្បាស់លាស់ និងធានាថាដំណើរការបានចំពោះយន្តការនៃលំហូព័ត៌មាន និងប្រព័ន្ធទំនាក់ទំនងសាធារណៈ ដើម្បីបង្កើនប្រសិទ្ធភាពការងារក្នុងអង្គភាព និងជួយដល់ការងារផ្តល់សេវាសាធារណៈក្នុងមូលដ្ឋាន។
បើតាមលោកអភិបាលរងខេត្តកោះកុង ការគ្រប់គ្រងព័ត៌មានដែលបានផ្សព្វផ្សាយចេញដើម្បីឈានទៅកាត់បន្ថយឱ្យបានកម្រិតអប្បបរមាចំពោះព័ត៌មានប្រឌិត ដែលមានចេតនាបង្កើតការភ័ន្តច្រឡំបំផុសការសង្ស័យញុះញុង់បង្កអសន្តិសុខសណ្តាប់ធ្នាប់។
រីឯលោក គឹម ចំណាន មន្ត្រីនៃមន្ទីរផែនការខេត្តព្រះសីហនុ និងលោក វ៉ា វណ្ណទិត្យ ប្រធានការិយាល័យរដ្ឋបាលមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកោះកុង ឯកភាពនូវអ្វីដែលជាការបំផុសស្មារតីរបស់លោកប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ដោយចាត់ទុកថា កិច្ចការប្រមូល បញ្ចូនផ្សព្វផ្សាយ និងឆ្លើយតបព័ត៌មានបំភ្លឺទៅកាន់ប្រជាពលរដ្ឋពិតជាមានសារៈសំខាន់ខ្លាំងណាស់ ដើម្បីចៀសវាងការភ័ន្តច្រឡំណាមួយដែលពុំមែនជាការពិតប្រាកដ។
ក្រុមមន្ត្រីដែលមកទទួលវគ្គបណ្តុះបណ្តាលនេះ អះអាងថា ពួកគេនឹងយកចំណេះដឹងដែលបានសិក្សាទៅអនុវត្តប្រកបដោយការទទួលខុសត្រូវប្រកបដោយប្រសិទ្ធិភាព តម្លាភាពទៅកាន់ប្រជាពលរដ្ឋ ព្រមទាំងសាធារណជនដោយមិនអនុញ្ញាតឱ្យកើតមានព័ត៌មានក្លែងក្លាយមកបំភ្លៃនោះទេ។
អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បង្ហាញថា កន្លងទៅមន្ត្រីថ្នាក់ក្រោមជាតិមួយចំនួនធំមានសមត្ថភាពគ្រប់គ្រាន់ហើយសម្រាប់ឆ្លើយតបបកស្រាយរាល់បញ្ហានានាដែលកើតមានឡើងនៅតាមអង្គភាពមន្ទីររបស់ពួកគេ។ ក៏ប៉ុន្តែទោះជាយ៉ាងណា អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលនៅតែបន្ត ពង្រឹងចំណេះដឹងសមត្ថភាពបន្ថែមដល់អ្នកដែលមិនទាន់យល់ដឹងពីតួនាទីភារកិច្ចជាមន្ត្រីព័ត៌មាន៕