ភ្នំពេញ៖ ការលើកឡើងរបស់តំណាងកម្ពុជា បានធ្វើឡើងដោយឆ្លើយតបចំពោះការវាយប្រហារបស់ប្រតិភូសហរដ្ឋអាមេរិក លើបញ្ហាសិទ្ធិមនុស្ស និងគណបក្សនយោបាយ នៅកិច្ចពិភាក្សាទូទៅលើរបៀបវារៈទី២ ក្នុងសម័យប្រជុំលើកទី៤៩ នៃក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ កាលពីថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២២ ប្រភពច្បាស់លាស់ពី freshnewsasia  ។

លោក អាន សុខខឿន តំណាងអចិន្ត្រៃយ៍កម្ពុជាប្រចាំអង្គការសហប្រជាជាតិ បានសម្តែងការសោកស្តាយ ដែលសហរដ្ឋអាមេរិក ជាប្រទេសដែលពូកែទូន្មានប្រទេសដទៃ បាននិងកំពុងជួបប្រទះជាច្រើនឆ្នាំមកហើយ នូវបញ្ហាប្រឈមជាប្រព័ន្ធក្នុងផ្នែកសិទ្ធិមនុស្ស រួមទាំងស្តង់ដារពីរ និងការលាក់ពុតត្បុត។

តំណាងកម្ពុជា បានលើកឡើងថា ប្រការដែលសហរដ្ឋអាមេរិកយកបញ្ហាសិទ្ធិមនុស្ស មកប្រើជាអាវុធវាយប្រហារ ដើម្បីបម្រើរបៀបវារៈនយោបាយ ត្រូវបានគណៈប្រតិភូជាច្រើននៅក្នុងក្រុមប្រឹក្សាសិទ្ធិមនុស្សដ៏ឧត្ដុង្គឧត្ដមនេះ បានដឹងឮយ៉ាងច្បាស់។ ទន្ទឹមនឹងការអំពាវនាវឱ្យគណៈប្រតិភូខាងលើ ធ្វើការវាយតម្លៃព័ត៌មានឱ្យបានម៉ត់ចត់ និងមិនធ្វើនយោបាយូបនីកម្ម លោកសូមឆ្លៀតឱកាសនេះ លើកឡើងនូវការពិតមួយចំនួនអំពីកម្ពុជា ដូចតទៅ៖

 

ទី១៖ ការថ្លែងថា គណបក្សប្រឆាំងគឺជាគោលដៅនៃការវាយប្រហារ គឺពុំត្រឹមត្រូវទាល់តែសោះ។ ការចូលរួមជាមួយគណបក្សនយោបាយ និងអង្គការសង្គមស៊ីវិលណាមួយ មិនមែនជាអាជ្ញាប័ណ្ណ ដើម្បីប្រព្រឹត្តល្មើសច្បាប់ដោយនិទណ្ឌភាពឡើយ។ បុគ្គលរងការចោទប្រកាន់ គឺផ្អែកលើមូលដ្ឋាននៃបទល្មើសដែលកំណត់ដោយច្បាប់ ពុំមែនដោយសារបុគ្គលនោះជានរណានោះទេ។ ឧទាហរណ៍ជាច្រើនបានបង្ហាញថា បុគ្គលគាំទ្របក្សកាន់អំណាច ក្នុងករណីបំពានច្បាប់ក៏ត្រូវបានផ្តន្ទាទោស ដោយតុលាការដូចគ្នារបស់កម្ពុជា។

 

ទី២៖ យើងខ្ញុំជំទាស់ចំពោះការចោទប្រកាន់អំពីការបិទលំហសង្គមស៊ីវិល។ តួលេខប្រាប់ពីការពិតបាន។ ប្រសិនសេរីភាពសង្គមស៊ីវិលត្រូវបានរឹតត្បិត ចុះហេតុអ្វីបានជាចំនួនអង្គការមិនមែនរដ្ឋាភិបាលដែលបានចុះបញ្ជី នៅតែបន្តកើនឡើងរហូតដល់ចំនួនជិត ៦០០០ អង្គការ? ការពិតនោះគឺថា ការចោទប្រកាន់ខាងលើ កើតចេញពីអង្គការមិនមែនរដ្ឋាភិបាលមួយក្តាប់តូច ដែលមាននិន្នាការធ្វើនយោបាយូបនីកម្មខ្លាំងក្លា និងបានទទួលថវិកាគាំទ្រពីបរទេស ខំស្រែកទាមទារតម្លាភាព ក៏ប៉ុន្តែអង្គការទាំងនោះបែរជាបដិសេធមិនបង្ហាញនូវតម្លាភាពអំពីអង្គភាព ខ្លួនទៅវិញ។ ដើម្បីដោះស្រាយកង្វល់របស់អង្គការសង្គមស៊ីវិលមួយចំនួននោះ ក្រុមការងាររាជរដ្ឋាភិបាល ទទួលបន្ទុកការងារធ្វើវិសោធនកម្មច្បាប់ស្ដីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល បានពិនិត្យរួចហើយលើមាត្រាចំនួន១១ ក្នុងចំណោម ១៤ មាត្រា ដែលអង្គការសង្គមស៊ីវិលបានស្នើសុំធ្វើវិសោធនកម្ម។ អង្គការសង្គមស៊ីវិលក៏ទទួលបានអត្ថប្រយោជន៍ពី វេទិកាពិគ្រោះយោបល់ ជាមួយរដ្ឋាភិបាលពីរដងក្នុងមួយឆ្នាំផងដែរ។

 

ទី៣៖ ដោយពេលវេលាមានកំណត់ យើងខ្ញុំសូមស្នើគណៈប្រតិភូសហរដ្ឋអាមេរិកស្វែងយល់ អំពីសេចក្តីថ្លែងការណ៍របស់យើងខ្ញុំ ដែលបានថ្លែងនៅមុននេះបន្តិច ទាក់ទងនឹងសំណួរនៃការប្រមូលផ្តុំដោយសន្តិវិធី និងសិទ្ធិធ្វើកូដកម្ម។

 

លោក អាន សុខឿន បានលើកឡើងដូច្នេះថា៖ «ការតស៊ូមតិដើម្បីសិទ្ធិមនុស្សចាំបាច់ត្រូវតែចាប់ផ្តើមពីប្រទេសខ្លួនឯងជាមុនសិន។ គួរឱ្យសោកស្តាយ ប្រទេសដែលពូកែទូន្មានគេនេះ បាននិងកំពុងជួបប្រទះជាច្រើនឆ្នាំមកហើយ នូវបញ្ហាប្រឈមជាប្រព័ន្ធក្នុងផ្នែកសិទ្ធិមនុស្ស រួមទាំងស្តង់ដារពីរ និងការលាក់ពុតត្បុត»។

តំណាងអចិន្ត្រៃយ៍កម្ពុជាប្រចាំអង្គការសហប្រជាជាតិ បានទទូចឱ្យគណៈប្រតិភូសហរដ្ឋអាមេរិក យកចិត្តទុកដាក់ចំពោះការអំពាវនាវរបស់ លោក António Guterres អគ្គលេខាធិការអង្គការសហប្រជាជាតិ ដែលបានសង្កត់ធ្ងន់ នាពេលកន្លងមកថា «សិទ្ធិមនុស្សមិនត្រូវប្រើជាអាវុធវាយប្រហារប្រទេសដទៃ ដោយស្តង់ដារពីរឡើយ» ប្រសិនបើយើងចង់រក្សាបាននូវសុច្ចរិតភាព និងភាពជឿជាក់ខ្ពស់បំផុត របស់ក្រុមប្រឹក្សាសិទ្ធិមនុស្សនេះ។

លោកបានបន្ថែមថា៖ ការលើកតម្កើងសិទ្ធិ និងសេរីភាពទាំងអស់ គឺជាគោលដៅចុងក្រោយរបស់គ្រប់ ប្រទេសទាំងអស់ ដែលប្រៀបបានទៅនឹងការឡើងទៅកាន់កំពូលភ្នំ។ ដូចដែល លោក Antony Blinken រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក បានសង្កត់ធ្ងន់នាពេលថ្មីៗនេះថា ប្រទេសនីមួយៗមានសិទ្ធិជ្រើសរើសអនាគត និងមាគ៌ារបស់ខ្លួន៕

គួរជម្រាបថា នៅឆ្នាំ ២០២១ មនុស្សជាង៧០០ នាក់ ដែលបានបញ្ចេញមតិផ្ទុយ នៅសហរដ្ឋអាមេរិក ត្រូវបានចាប់ខ្លួន និងចោទប្រកាន់ពីបទល្មើស បន្ទាប់ពីបានសម្រុកចូលវិមានសភា។

ព្រឹត្តិការណ៍​ដ៏​គួរ​ឲ្យ​ភ្ញាក់ផ្អើល​ ដែលបានសម្រុកចូលវិមានសភា របស់សហរដ្ឋអាមេរិកនោះ  គឺជាភស្តុតាងមួយដែលបង្ហាញថាប្រទេសដែលពូកែទូន្មានគេនេះ បាននិងកំពុងជួបប្រទះខ្លួនឯងដែរ។

ក្នុងឆ្នាំដដែលនោះ អ្នកកាសែតជាង ៥០នាក់ ត្រូវបានចាប់ខ្លួន និងឃុំខ្លួន នៅទូទាំងសហរដ្ឋអាមេរិក

វាគឺជាឆ្នាំដែលមិនធ្លាប់មានពីមុនមកសម្រាប់ការចាប់ខ្លួនអ្នកកាសែត ។ ដោយសារតែការចាប់ខ្លួនអ្នកកាសែត​ជាច្រើន ទើបធ្វើអោយមានការតវ៉ា រិះគន់ផ្នែកនយោបាយសហរដ្ឋអាមេរិក និងជុំវិញពិភពលោក។ ការតវ៉ារបស់អ្នក​សារព័ត៌មាន​ត្រូវ​បាន​រារាំងដោយអ្នក​អនុវត្ត​ច្បាប់។ ហើយគណនីប្រព័ន្ធផ្សព្វផ្សាយ សង្គមរបស់អតីតប្រធានាធិបតី ដែលមានទស្សនៈផ្ទុយ ក៏ត្រូវបានគេហាមឃាត់។ បញ្ជីនៃបញ្ហាសិទ្ធិមនុស្សនេះនៅមិនទាន់អស់នៅឡើយទេ ព្រោះវាបានកើតឡើងច្រើនឆ្នាំមកហើយប្រទេសដែលពូកែទូន្មានគអំពី បញ្ហាសិទ្ធិមនុស្សមួយនេះ។