​ដោយ​: សៅ​វ៉ាន់ឌី​/​ព្រះវិហារ​: ចាប់​គិតពី​ថ្ងៃទី​១៤ ដល់​ថ្ងៃទី​២០ ខែមីនា ឆ្នាំ​២០២២ ក្រុមការងារ​ត្រួតពិនិត្យ យានយន្ត​កែច្នៃ​ខុស​លក្ខណៈ​បច្ចេកទេស​ខេត្តព្រះវិហារ បាន​ចុះ​អនុវត្ត​ការងារ​ដោយ​ត្រួតពិនិត្យ​យានយន្ត​បើកបរ​លើផ្លូវ​ជាតិ​លេខ​៦២ ភូមិ​ជី​អោក ឃុំ​រមណីយ ស្រុក​រវៀង ខេត្តព្រះវិហារ ចំនួន​២៣៤​គ្រឿង ក្នុងនោះ​រកឃើញ​ត្រឹមត្រូវ​ចំនួន​១៧៥​គ្រឿង ហើយ​៥៩​គ្រឿង​ទៀត​មាន​លក្ខណៈខុស​បច្ចេកទេស​។​

​លោក ប្រធាន​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន ខេត្តព្រះវិហារ និង​ជា​ប្រធាន​លេខាធិការដ្ឋាន​អនុគណៈកម្មការ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​ខេត្ត បាន​ឲ្យ​ដឹង​នៅ​ថ្ងៃទី​២១ ខែមីនា ឆ្នាំ​២០២២​ថា ដោយ​អនុវត្តន៍​តាម​ការណែនាំ​ពី​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សា​ធារ​ការ និង​ដឹកជញ្ជូន និង​លោក ប្រាក់ សុវណ្ណ អភិបាលខេត្ត​ព្រះវិហារ ក្រុមការងារ​ត្រួតពិនិត្យ​យានយន្ត​កែច្នៃ​ខុស​លក្ខណៈ​បច្ចេកទេស​ខេត្តព្រះវិហារ តែង​ចុះ​ត្រួត ពិនិត្យ​រថយន្ត​ដែល​បើកបរ​នៅតាម​ដងផ្លូវ​នានា ក្នុងភូមិ​សាស្ត្រ​ខេត្តព្រះវិហារ ក្នុងទិសដៅ​ទប់ស្កាត់​ការដឹក​សំពីងសំពោង ការកែច្នៃ​យានយន្ត​ខុស​លក្ខណៈ​បច្ចេកទេស និង​ការដឹក​លើស​ទម្ងន់ ដែល​បង្ក​ឲ្យ​ផ្លូវ​ឆាប់​ខូច និង​បង្ក​គ្រោះថ្នាក់​ចរាចរណ៍​ជាយថាហេតុ​។​

​ប្រធាន​មន្ទីរ​បាន​ឲ្យ​ថា ក្នុងចំណោម​រថយន្ត​ចំនួន ២៣៤​គ្រឿង ដែល​ក្រុមការងារ​បានធ្វើ​ការត្រួត​ពិនិត្យ​គឺ​បាន​រកឃើញ​រថយន្ត​បាន​កាត់​ទ្រុង​ចំនួន​បី​គ្រឿង ដឹកទំនិញ​ខុស​លក្ខណៈ​បច្ចេកទេស​ចំនួន​១០​គ្រឿង​, ខ្វះ​ឯកសារ​ចំនួន ២៧​គ្រឿង ដោះ​រាន ត ខាងក្រោយ​ចំនួន ប្រាំ​គ្រឿង ឯកសារ​បណ្ណ​បើកបរ និង​ផ្លាកលេខ​ក្លែងក្លាយ ចំនួន​ប្រាំ​មួយគ្រឿង និង​បណ្ណ​បើកបរ​ខុស​ប្រភេទ​យាន​ចំនួន​ប្រាំ​បីនាក់​។​

​លោក សំ លាង​ទ្រី បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ ត្រូវ​ចូលរួម​គោរព​ច្បាប់​ស្តីពី​ចរាចរណ៍​ផ្លូវគោក​ឱ្យបាន​គ្រប់ៗ​គ្នា ដោយ​មិនត្រូវ​បើកបរ​លើស​ល្បឿន​កំណត់ មិនត្រូវ​បើកបរ​ក្នុងពេល​ពិសា​គ្រឿង​ស្រវឹង មិនត្រូវ​បើកបរ​វ៉ា ជែង​ទាំង​ប្រថុយប្រថាន ពិសេស​មិនត្រូវ​កែច្នៃ​យានយន្ត​ខុស​លក្ខណៈ​បច្ចេកទេស និង​មិនត្រូវ​ដឹកជញ្ជូន​ទំនិញ​សំពីងសំពោង និង​លើស​ទម្ងន់​កំណត់​ផងដែរ​៕​