ប្រែសម្រួល : កញ្ញាដាលីស (ស្ត្រេតថែមស៍) ៖ ប្រធានាធិបតីវ៉ូឡូឌីមៀ ហ្សេលេនស្គី បានសរសើរនាង មីឡា គូនីស (Mila Kunis) និងលោក អាស្តុន គូតឆឺ (Ashton Kutcher)សម្រាប់ការរៃអង្គាសប្រាក់បានប្រហែល ៣៥ លានដុល្លារដើម្បីគាំទ្រជនភៀសខ្លួន ដែលភៀសខ្លួនចេញពីប្រទេសអ៊ុយក្រែនហែកហួរដោយសង្គ្រាម។
ប្រធានាធិបតីអ៊ុយក្រែនបានសន្ទនាតាមវីដេអូបន្តផ្ទាល់ជាមួយគូស្នេហ៍ជាតារាល្បីនេះកាលពីថ្ងៃអាទិត្យទី២០មីនាដើម្បីពិភាក្សាការងាររបស់ពួកគេខណៈដែលចំនួនជនភៀសខ្លួនអ៊ុយក្រែនបានកើនឡើងលើសពី ៣,២ លាននាក់ នេះបើយោងតាមទិន្នន័យចុងក្រោយរបស់អង្គការសហប្រជាជាតិ។
លោកគូតឆឺអាយុ ៤៤ ឆ្នាំ និងនាងគូនីសអាយុ ៣៨ ឆ្នាំ ដែលកើតនៅទីក្រុងឆែរនីវស៊ី (Chernivtsi) ប្រទេសអ៊ុយក្រែន បានចាប់ផ្តើមកម្មវិធីរៃអង្គាស GoFundMe កាលពីថ្ងៃទី ៣ខែមីនាដើម្បីផ្តល់មូលនិធិដល់ក្រុមហ៊ុន Flexport និង Airbnb ដែលមានមូលដ្ឋាននៅទីក្រុងសាន់ហ្វ្រាន់ស៊ីស្កូ។ Flexport គឺជាក្រុមហ៊ុនដឹកជញ្ជូនទំនិញផ្គត់ផ្គង់ដល់ជនភៀសខ្លួននៅទូទាំងទ្វីបអឺរ៉ុប ហើយក្រុមហ៊ុន Airbnb កំពុងផ្តល់ឱ្យពួកគេនូវលំនៅដ្ឋានរយៈពេលខ្លីដោយឥតគិតថ្លៃ។
ប្រធានាធិបតីអ៊ុយក្រែនបានបង្ហោះពាក្យសរសើរអ្នកទាំងពីរ ដោយសរសេរថា “ពួកគេគឺជាអ្នកដំបូងគេដែលឆ្លើយតបចំពោះទុក្ខព្រួយរបស់យើង”។ លោកបាននិយាយបន្តទៀតថា”ពួកគេបានរៃអង្គាសប្រាក់បាន ៣៥ លានដុល្លាររួចហើយ ហើយកំពុងផ្ញើវាទៅ @flexport & @ Airbnb ដើម្បីជួយជនភៀសខ្លួន [ទង់ជាតិអ៊ុយក្រែន]”។
លោកបានបញ្ចប់ការសរសេរសាររបស់គាត់ថា “សូមថ្លែងអំណរគុណចំពោះការគាំទ្ររបស់ពួកគេ។ ស្ងើចសរសើរចំពោះការតាំងចិត្តរបស់ពួកគេ។ ពួកគេបំផុសទឹកចិត្តលើពិភពលោក។#សាមគ្គីជាមួយអ៊ុយក្រែន”៕
លោកហ្សលេនស្គីសរសើរនាងគូនីសនិងលោកគូតឆឺសម្រាប់ការរៃអង្គាសលុយជួយជនភៀសខ្លួនអ៊ុយក្រែន